ចិន៖ តាមព័ត៌មានថ្មីៗនេះ ប្រទេសចិន នឹងធ្វើជណ្តើរយន្ត ដែលលឿនជាងគេបំផុតមួយ ក្នុងលោក ឲ្យដំណើរការ ក្នុងអាគារកប់ពពក ថ្មីមួយ ដែលនឹងសាងសង់ ក្នុងទីក្រុង Guangzhou។

បើយោងតាមកាសែត Morning Post ចិន បានឲ្យដឹងថា ជណើ្តរយន្ត ដែលលឿនជាងគេបំផុតនេះ នឹងធ្វើរួចរាល់ ក្នុងឆ្នាំ២០១៦ និង ដាក់ឲ្យដំណើរការ ក្នុងអាគារពាណិជ្ជកម្ម CTF ក្វាងចូវ ដែលល្បឿន នៃជណ្តើរយន្តនេះគឺ ៧២គីឡូម៉ែត្រ ក្នុងមួយម៉ោង គឺមានន័យថា វានឹងចំណាយពេល ជិះតែ៤៣វិនាទី ប៉ុណ្ណោះ នឹងដល់ជាន់ទី៩៥ ដែលមានកម្ពស់ ៤០០ ម៉ែត្រឯណោះ។

ចំពោះជណ្តើរយន្តលឿននេះ ត្រូវបានដឹងថា កំពុងត្រូវបានសាងសង់ឡើង ដោយក្រុមហ៊ុនជប៉ុនហ៊ីតាឈី (Hitachi)។ វាមានថាមពលដ៏ខ្លាំង និង បច្ចេកវិទ្យាអាចចាប់ហ្វាំង បានល្អ ប្រសិនមានការខុសបច្ចេកទេសដំណើរការ បានកើតមានឡើងនោះ។ ក្រុមហ៊ុននេះនឹងដាក់ឲ្យ ដំណើរការ នូវជណ្តើរយន្ត លឿនដូចព្យុះនេះ ចំនួនពីរក្នុងអាគារ រួមជាមួយ ជណ្តើរយន្តយឺតធម្មតាចំនូន ៩៣ផ្សេងទៀត។

យោងទៅតាមរបាយការណ៍ បានបង្ហាញថា ៦០%នៃអ្នកប្រើប្រាស់អាគារខ្ពស់ៗ ត្រូវការជណ្តើរយន្ត ដែលលឿន សំរាប់តម្រូវ ក្នុងការសន្សំសំចៃ ពេលវេលា។ ពេលបច្ចុប្បន្ននេះជណ្តើរយន្ត ដែលលឿនបំផុតគឺនៅ អាគារ Taipei 101 ដែលមានល្បឿន ៦០.៦គីឡូម៉ែត្រក្នុងមួយម៉ោង បើតាមក្រុមហ៊ុន Hitachi បាននិយាយ។

យ៉ាងណាមិញ អាគារកក់ពពកនៅ ក្វាងចូវមានកម្ពស់៥៣០ម៉ែត្រនេះ នៅតែមិនមែនជាអាគារ ខ្ពស់ជាងគេ នៅចិននោះនេះ ព្រោះអាគារ សៀងហៃថូវើ (Shanghai Tower) មានកម្ពស់  ៦៣២ម៉ែត្រ ជាអាគារខ្ពស់បំផុតនៅចិន។ បច្ចុប្បន្នសំណង់ខ្ពស់បំផុត ក្នុងលោកនៅ Dubai មានកម្ពស់ ៨២២ ម៉ែត្រ ខណៈដែលនៅ អារ៉ាប៊ីសាអូឌី នឹងសាងសង់អាគារខ្ពស់ជាងគេ លើពិភពលោក Kingdom Tower មានកម្ពស់ ១គ.មដែលនឹងសាងសង់ហើយ ក្នុងឆ្នាំ ២០១៩ នេះដែរ៕


រូបភាពៈអាគារគំរូដែលនឹងសាងសង់ រូបភាពខាងស្តាំដៃ 

 វីដេអូនៃគំរូអាគារនិងជណ្តើរយន្ត 

 

ប្រភព៖ BCC

សម្រួលដោយ៖ ទីន

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]