រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានចូលស្ដីដណ្ដឹង កូនក្រមុំគេនៅឯខេត្តតាកែវ ហើយត្រូវក្រុមគ្រួសារខាង ស្រីបង្គាប់ថ្លៃបណ្ណាការ ជាទឹកប្រាក់ចំនួន ១.៣០០ដុល្លារ ។ ដោយហេតុតែស្រឡាញ់ខ្លាំងពេក ទោះបីជាខ្លួនគ្មានប្រាក់ ក៏ដោយក៏បាន យល់ព្រមក្នុងតម្លៃនេះដែរ មិនតែប៉ុណ្ណោះអាណាព្យាបាល ទាំងសងខាងបានសម្រេច ជ្រើសរើសយកថ្ងៃមួយ ក្នុងចន្លោះខែវិចិ្ឆកា និងខែធ្នូ ឆ្នាំ២០១៣ ជាថ្ងៃរៀបការពួកគេ និងបានទុកពេលឱ្យយុវជនរូបនេះ ខំប្រឹងធ្វើការសន្សំប្រាក់សិន ព្រោះនៅពេលចូល ស្ដីយុវជននេះ មិនមានប្រាក់ឡើយ ។

បន្ទាប់មក គេបានខំធ្វើការងារផ្សេងៗ ផងនិងរៀនធ្វើជាងចម្លាក់ផង រហូតសន្សំប្រាក់បាន ចំនួន១.០០០ដុល្លារ នៅខ្វះតែ៣០០ដុល្លារទៀត គឺគ្រប់ថ្លៃបណ្ណាការតែរកមិនបាន ទាល់តែសោះហើយជិត ដល់ថ្ងៃរៀបការទៅហើយ ។ ដោយរកលុយឱ្យថ្លៃបណ្ណាការ មិនគ្រប់ចំនួន ម្យ៉ាងឪពុកម្ដាយទីទ័លក្រគ្មាន លទ្ធភាពជួយទៀតនោះ ក៏ត្រូវក្រុមគ្រួសារ ខាងស្រីផ្ដាច់ពាក្យវិញ ជាហេតុធ្វើឱ្យរូបគេ ខូចចិត្តយ៉ាងខ្លាំងនិងចេះ តែដើរប្រាប់គេឯងថាខ្លួនមិនចង់ រស់នៅនាំធ្ងន់ផែនដីឡើយ ហើយរហូតដល់ពេលនេះស្រាប់តែគេ បានធ្វើអត្តឃាតដោយជ្រមុជ ទឹកជម្រៅត្រឹមក្បាលជង្គង់ សម្លាប់ខ្លួន ។ សពយុវជនរូបនេះត្រូវបានគេប្រទះឃើញ និងបង្កឱ្យមានការភ្ញាក់ផ្អើល ឆោឡោឡើងកាលពីវេលា ម៉ោង៦និង១០នាទីព្រឹកថ្ងៃទី២៤ មេសា ក្នុងស្រះទឹកមួយកន្លែងស្ថិតនៅ ខាងត្បូងភូមិបួនមុខ សង្កាត់ពន្សាំង ខណ្ឌពោធិ៍សែនជ័យ ។ យុវជនរូបនេះឈ្មោះ វ៉ាត ដាវី អាយុុ២៤ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។

សមត្ថកិច្ចពិនិត្យឃើញថា ជនរងគ្រោះស្លាប់ដោយសារឈ្លក់ទឹក ហើយពេលនេះក្រុមគ្រួសារ បានយកសពទៅធ្វើ បុណ្យតាមប្រពៃណីហើយ ។ នៅមុនពេលកើតហេតុ យុវជនរូបនេះ បានឱ្យឪពុកមាជូនពីកន្លែងធ្វើ ការនៅម្តុំតោពីរ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ត្រឡប់ទៅផ្ទះ នៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៣ មេសា ។ បន្ទាប់ពីចូលផ្ទះបានបន្តិច គេក៏ដើរចាកចេញ ទៅបាត់រហូតតែម្តង ដោយមិនដឹងថាទៅណាទេ ហើយក្រុមគ្រួសារបានទៅ តាមរកគ្រប់កន្លែងអស់មួយ យប់ទល់ភ្លឺ ប៉ុន្តែមិនបានប្រទះឃើញឡើយ ។

ប្រភពដដែលបន្តថា លុះព្រឹកឡើងថ្ងៃទី២៤ មេសា ដោយសង្ស័យថា យុវជននេះដើរ ទៅស្រះទឹកខាងលើ ទើបស្ត្រីជាម្តាយនិងកូនប្រុសតូចម្នាក់ នាំគ្នាទៅរកនៅទីនោះ ក៏ប្រទះឃើញស្បែក ជើងនៅមាត់ស្រះ បន្ទាប់មកឃើញយុវជននេះស្លាប់ផ្កាប់ មុខនៅក្នុងទឹកស្រះជម្រៅត្រឹម ជង្គង់បាត់ទៅហើយ ។ ក្រោយពេលប្រទះឃើញសព សមត្ថកិច្ចប៉ូលិសមូលដ្ឋានចុះ ទៅធ្វើការពិនិត្យកោសល្យវិច័យ និងបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយ សារឈ្លក់ទឹក ព្រោះតែការធ្វើអត្តឃាតដោយ ជ្រមុជទឹកដោយសារតែវិបត្តិ ផ្លូវចិត្តធ្ងន់ធ្ងរ ៕ 



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]