ខេត្តក្រចេះ ៖ នគរបាលបានចាប់បញ្ជូនខ្លួន ជនម្នាក់ទៅសាលា ដំបូងខេត្ត នារសៀលថ្ងៃទី២៣ មេសា ពីបទរំលោភសេពសន្ថវៈ ក្រោយជននេះយកពូថៅមក គំរាមកាប់សម្លាប់ស្ត្រីជាប្រពន្ធ របស់មិត្តភក្តិខ្លួន និងបានចាប់រំលោភរហូត បានសម្រេច រួចជិះម៉ូតូគេចខ្លួនពីការតាម ចាប់របស់សមត្ថកិច្ចតែ ដោយការស្លន់ស្លោ ក៏ដួលម៉ូតូបណ្តាលឱ្យ រងរបួសយ៉ាងដំណំ ។

ជនស្រេកឃ្លានតណ្ហា និងគំរាមសម្លាប់ ប្រពន្ធមិត្តភក្តិនេះ ឈ្មោះ នៅ ផល អាយុ២៣ឆ្នាំ មានទីលំនៅភូមិស្រែបេង ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង និងធ្វើសកម្មភាពចាប់រំលោភលើស្ត្រីអាយុ៣១ឆ្នាំ ជាប្រពន្ធរបស់មិត្តភក្តិខ្លួន ។ លោកអនុសេនីយ៍ឯក ឈិន សំបូរ អធិការរងស្រុកសំបូរ បានឱ្យដឹងថា ជនម្នាក់នេះត្រូវកម្លាំងនគរបាលចាប់ ឃាត់ខ្លួនកាលពីយប់ថ្ងៃទី២១ មេសា នៅខេត្តស្ទឹងត្រែង ។ ការចាប់ខ្លួនជននេះ គឺធ្វើឡើងតាមពាក្យ បណ្តឹងរបស់ស្ត្រីរងគ្រោះ។

ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ចនិយាយថា កាលពីថ្ងៃទី២១ មេសា ជនម្នាក់នេះ និងប្តីស្ត្រីរងគ្រោះបានផឹកស្រា ជាមួយគ្នាក្នុងភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ។ ក្រោយពីផឹកស៊ីបាន មួយស្របក់ បុរសជាប្តីបានខ្ចីម៉ូតូ ជនជាប់ចោទ ចេញទៅផ្លូវជាតិដើម្បីដឹកប្រពន្ធ ទៅចាំជិះរថយន្តតាក់ស៊ី ទៅខេត្តកំពង់ចាម ។ តែជនជាប់ចោទមិនបានឱ្យម៉ូតូខ្ចីទេ ដោយធានាថា ទុកឱ្យគេជាអ្នកជូនទៅ ព្រោះខ្លួនគេត្រូវចេញទៅក្រៅដែរ ។ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងទៀតថា បន្ទាប់មកជនសង្ស័យរូបនេះ បានឌុបស្ត្រីជាប្រពន្ធមិត្តភក្តិ ចេញមកផ្លូវជាតិ ពេលឃើញឱកាសល្អ ជននេះបានជិះម៉ូតូចូលតាម ផ្លូវរទេះចម្ងាយជាង១០០ម៉ែត្រ ក៏ឈប់ម៉ូតូហើយយកពូថៅគំរាមសម្លាប់ ស្ត្រីរងគ្រោះកុំឱ្យស្រែក និងបានចាប់រំលោភរហូតបានសម្រេច ។

បន្ទាប់ពីធ្វើសកម្មភាពចាប់រំលោភរួច ជននេះបានជិះម៉ូតូរត់គេចមកកាន់ ខេត្តស្ទឹងត្រែងវិញ និងបានដួលម៉ូតូបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ហើយក៏ត្រូវកម្លាំងនគរបាលខេត្តក្រចេះ តាមចាប់ខ្លួនដល់មណ្ឌលសុខភាព ។ នគរបាលព្រហ្មទណ្ឌនិយាយថា ជននេះត្រូវបញ្ជូនខ្លួនទៅ កាន់សាលាដំបូងខេត្ត នារសៀលថ្ងៃទី២៣ មេសា ពីបទរំលោភសេពសន្ថវៈ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]