-នគរបាលចរាចរ ស្នើឲ្យបើក រថយន្តចេញបន្តិច ចៀសវាងការ ស្ទះចរាចរណ៍ លើស្ពាន តែអ្នកបើក រថយន្ត អ៊ួតខ្លួនថា ធ្វើជានគរបាល
ភ្នំពេញ ៖ បុរសម្នាក់បាន អ៊ួតខ្លួនថា ជាមន្រ្តីនគរបាល (ប្រហែលធ្វើនៅ ក្រសួងមហាផ្ទៃ) បានបើករថយន្ត ទាំងស្រវឹង ហើយជ្រុលទៅ បើកកៀរ រថយន្តដឹកទំនិញ មួយគ្រឿង នៅលើស្ពាន ស្ទឹងមានជ័យ ខណ្ឌមានជ័យ បណ្តាល ឲ្យរងការខូចខាតបន្តិចបន្តួច ប៉ុន្តែអ្វីដែលធ្វើឲ្យ ប្រជាពលរដ្ឋ ដែលធ្វើដំណើរ ឆ្លងកាត់ទីនោះ បាន សម្តែងការ ហួសចិត្តយ៉ាងខ្លាំងនោះ គឺអ្នកបើករថយន្ត រូបនេះ មិនព្រមបើករថយន្ត មកហួសបន្តិចដើម្បី បើកផ្លូវឲ្យប្រជាពលរដ្ឋ ផ្សេងទៀត អាចធ្វើដំណើរមក បានពីព្រោះផ្លូវមានតែមួយច្រក (ផ្លូវផ្សេងស្ថិតក្រោមការ ធ្វើស្ពានអាកាស) ហើយថែមទាំងចង្អុល និងរករឿងក្រុម មន្រ្តីនគរបាលចរាចរ ដែលនៅប្រចាំការ និងចុះទៅជួយ សម្របសម្រួល ទៀតផង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បន្តិចបន្តួច ពីព្រោះតែគ្រឿងស្រវឹង ហើយអាងខ្លួន ជាមន្រ្តីនគរបាលផងនោះ បានបង្កឲ្យមាន ការភ្ញាក់ផ្អើល និងហួសចិត្តគ្រប់ៗ បានកើតឡើងនៅវេលាម៉ោងប្រមាណ៨ យប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៤ ស្ថិតនៅលើ ស្ពានស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

សាក្សី ដែលជាប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងមានរថយន្ត ដឹកទំនិញមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3C-2856 បានធ្វើដំណើរឆ្លងកាត់ស្ពាន ចូលមកក្នុងក្រុង លុះមកដល់ពាក់កណ្តាលស្ពាន ស្រាប់តែមានរថយន្តម៉ាក ហាយឡែនឌឺ មួយគ្រឿង ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2X-1961បើកដោយ បុរសម្នាក់ ស្លៀកពាក់ស៊ីវិល ដែលជាមន្រ្តីនគរបាល បានបើកកៀរ រថយន្តដឹកទំនិញនោះខាងឆ្វេង បណ្តាលឲ្យ រងការខូចខាត ខណៈរថយន្តរបស់មន្រ្តី នគរបាលចង់ប្រជែងមកខាងមុខមុន។

ប្រជាពលរដ្ឋ បាននិយាយទៀតថា ក្រោយពីឃើញ រថយន្តរបស់ខ្លួន បានប៉ះនិងកៀរ រថយន្តដឹកទំនិញ យ៉ាងដូច្នេះ ស្រាប់តែអ្នកបើករថយន្តរូបនេះ បានឈប់រថយន្តនៅពីខាងមុខ ហើយបើកទ្វារចុះមករករឿង អ្នកបើក រថយន្តដឹកទំនិញ និងចង់ទាមទារឲ្យសង ។ ដោយសារតែឃើញ ស្ថានភាពបែបនេះ និងផ្លូវមានសភាព តូចចង្អៀតផងនោះ មន្រ្តីនគរបាលចរាចរ ដែលយាមប្រចាំការ នៅស្ពានស្ទឹងមានជ័យនោះ បានចុះទៅជួយ អន្តរាគមន៍ ដោយប្រាប់ឲ្យ អ្នកបើករថយន្ត បើករថយន្តមកមុខបន្តិច ជៀសវាងការស្ទះចរាចរណ៍ ពីព្រោះមាន អ្នកដំណើរជាច្រើននាក់បានធ្វើដំណើរមកពីតាមក្រោយ។ ប៉ុន្តែ នៅពេលមន្រ្តីនគរបាលចរាចរ និយាយបែបនេះ ស្រាប់តែអ្នកបើករថយន្ត បានអ៊ួតខ្លួនថា រូបគេជាមន្រ្តីនគរបាល ។

មន្រ្តីនគរបាលចរាចរមួយរូប បាននិយាយថា អ្នកបើករថយន្តរូបនេះ មានអាការៈស្រវឹងខ្លាំង ហើយនិយាយ ស្តាប់គ្នាមិនបានទេ ។ អ្នករត់ម៉ូតូកង់បី ម្នាក់ ដែលបានឃើញ ហេតុការណ៍នេះ ផ្ទាល់ភ្នែកបាននិយាយថា កំហុសមកពី អ្នកបើករថយន្តហាយឡេនឌឺ ដែលបានមកប្រជែង រថយន្តដឹកទំនិញ ហើយកៀរ រថយន្តដឹកទំនិញ ថែមទាំងរករឿងគេទៀត។ ក្រោយពីមានការជួយ សម្របសម្រួល និងលួងលោមរបស់មន្រ្តីនគរបាល ចរាចររួច ទើបអ្នកបើករថយន្ត ដែលស្រវឹងរូបនេះ បានចូលទៅក្នុងរថយន្ត រួចបើកមកមុខបន្តិច ដើម្បីដោះស្រាយជាមួយ ភាគីរថយន្តដឹកទំនិញ ។

យ៉ាងណាក៏ដោយ គ្មាននរណាម្នាក់បាន ស្គាល់អត្តសញ្ញាណ របស់អ្នកបើករថយន្តរូបនេះតែ ប៉ុន្តែជាមន្រ្តី នគរបាល អាចធ្វើការនៅ ក្រសួងមហាផ្ទៃ ឫ អគ្គស្នងការនគរបាលជាតិ ពីព្រោះនៅលើ និងខាងមុខរថយន្ត មានដាក់ស្លាក ក្រសួងមហាផ្ទៃ និងអគ្គស្នងការ។ ក្រោយកើតហេតុ ភាគីទាំង២ បានឈប់ដោះស្រាយគ្នា ក្រោមការសម្របសម្រួល របស់មន្រ្តីនគរបាលចរាចរ នៅទីនោះ។

ប្រជាពលរដ្ឋ ជាច្រើននាក់ ជាពិសេសអ្នកដែលប្រញាប់ បានសម្តែងការរិះគន់ និងពេបជ្រាយ ចំពោះអ្នកបើករថយន្ត ដែលបញ្ចេញចរិក និងឫកពារ មិនចេះខ្លាចរអាញ ដល់សិទ្ធិអ្នកដទៃ មិនព្រមបើករថយន្តចេញពីកន្លែងស្ទះ រួចហើយចាំដោះស្រាយគ្នា ប៉ុន្តែបែរជាឈប់រថយន្ត ហើយស្រែកជំទាល ដាក់ទាំងសមត្ថកិច្ចនៅទីនោះទៀតផង៕

ម្ចាស់រថយន្តបង្កហេតុ ដែលអាងខ្លួនថាជា មន្ត្រីនគរបាល

អ្នកបើករថយន្តបង្ក ចង្អុលដាក់មន្រ្តីនគរបាលចរាចរ





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]