ចិន៖ ថ្ងៃនេះខ្មែរឡូតនឹង នាំប្រិយមិត្តទៅមើល រូបភាពប្លែកៗ ចំលែកអារម្មណ៍ របស់ជនជាតិភាគតិចចិន ដែលបានធ្វើគ្រឿងអលង្ការ តុបតែងសក់ ចេញពីសក់ដែលជ្រុះ។

តាមប្រភពសារព័ត៌មាន បានអោយដឹងថា សក់ដែល មានទំហំដ៏ធំនេះ ត្រូវបានរក្សាទុក តាំងពីជំនាន់ម្តាយ រហូតដល់កូនស្រី ពីមួយជំនាន់ ទៅមួយជំនាន់ សំរាប់គ្រួសារនីមួយៗ។

ម្ចាស់សក់នេះ ក៏បានអោយដឹងថា សក់ដែលមានចំនួនច្រើន រាប់មិនអស់នោះ មានអាយុកាលរាប់រយ ឆ្នាំមកហើយ។ ម្យ៉ាងវិញទៀត ពួកគេត្រូវថែរក្សាវា យ៉ាងណាកុំអោយស្ងួត និង ត្រូវអោយវាមាន ពន្លឺរលើបរលោងផងដែរ។ នាងក៏បានបន្តថា សក់ទាំងអស់នេះ ធ្វើចេញពី ការសន្សំ និងរើសសក់ដែលជ្រុះ ពេលនាងសិតសក់ ហើយ យកវាមកតភ្ជាប់ជា សក់មួយដុំធំតែម្តង។

ជាមួយគ្នានេះដែរ ដុំសក់ដែលមានទំហំធំ បែបនេះត្រូវបានពាក់ដោយ ជនជាតិភាគតិចចិន Miao សំរាប់ពិធីធំៗ មួយចំនួន ដូចជា ពិធីរៀបអាពាហ៍ពិពាហ៍ ជាដើម។ ទោះបីជា ចំនួនប្រជាជន ជនជាតិភាគតិច Miao តិចជាង ៥០០០ នាក់ក៏ដោយ ក៏គេនៅតែថែរក្សា និង អនុវត្តន៍ប្រពៃណី តាំងពីបុរមបុរាណរបស់គេ បានយ៉ាងគង់វង្ស ។

អ្នកជំនាញផ្នែក រប្បធម៌ជនជាតិ ភាគតិច លោក Shu Tu បាននិយាយថា “សក់លម្អនេះ ត្រូវបានគេយក មកពាក់ស្ទើរតែ គ្រប់ពិធីផ្សេងៗ ទាំងអស់ ចាប់តាំងពី ពិធីអាពាហ៍ពិពាហ៍ រហូតដល់ ពិធីជប់លៀងតូចៗ ហើយកាលពី សម័យបុរាណ បុរសៗ ក៏បានយក សក់លំអនេះ មកពាក់ផងដែរ ប៉ុន្តែ នៅសម័យបច្ចុប្បន្ន គេពុំឃើញមាន បុរសពាក់វាទេ ពីព្រោះតែវាពិបាកធ្វើសំរាប់ បុរស ហើយពួកគេក៏បាន បោះបង់ចោលប្រពៃណី នេះសំរាប់បុរស។ ប៉ុន្តែវានៅតែ ពេញនិយមសំរាប់នារី ដែលសក់នោះបាន រក្សាតាំងពីម្តាយ រហូតដល់យាយទួត យាយលា របស់ពួកគេទៀតផង”។

អ្នកស្រី Shu ក៏បានបន្តថា ការយកសក់ដ៏ធំ បែបនេះ មកពាក់គឺ ជាសញ្ញាដែលគេ គោរពដូនតារបស់ពួកគេ ដែលមានតាំងពីយូរលង់ណាស់ មកហើយ ។ម៉្យាងវិញទៀត គេបានដឹងថា សក់នេះគឺគេធ្វើអោយ វាដូចជាស្នែងគោ ពីព្រោះជនជាតិភាគតិច Miao គោរពសត្វគោ គឺជាព្រះ និង ដូចតារបស់គេ។ ហើយនាងបាន ប្រមែលប្រមូលសក់ ដែលជ្រុះ គ្រប់ពេលដែលសិតសក់ ហើយសន្សំទុក អោយកូនស្រីខ្លួន សំរាប់ថ្ងៃរៀបការ។

អ្នកស្រីក៏បាន បន្ថែមថា សំរាប់វប្បធម៌មួយចំនួន ប្រវត្តិសាស្រ្ត គឺមានតែក្នុងសៀវភៅ តែប៉ុណ្ណោះ ប៉ុន្តែសំរាប់ ជនជាតិភាគតិចមួយនេះ គឺវប្បធម៍នៅនឹងសក់ របស់ពួកគេតែម្តង៕

ចុះប្រិយមិត្ត យល់យ៉ាងណាដែរ?


 

ប្រភព ៖ បរទេស

ដោយ ៖ លីណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]