ខេត្តកណ្តាលៈ ជនសង្ស័យម្នាក់ បានប្រើល្បិចខ្ចីម៉ូតូនារីគ្រោះ រួចហើយជិះគេចខ្លួនបាត់ រហូតដល់៣ ថ្ងៃក្រោយ ទើបជនរងគ្រោះ ប្រទះឃើញ ក៏ឃាត់ខ្លួនប្រគល់ទៅឲ្យនគរបាល សាកសួរ និងចាត់ការទៅតាមផ្លូវច្បាប់ ហេតុការណ៍ឃាត់ខ្លួននេះ កើតឡើងកាលពីវេលា ម៉ោង១៣និង៤០នាទី រសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៤ ស្ថិតនៅក្នុងភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុក អង្គស្នួល ខេត្តកណ្តាល។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម៉ាន់ សៅរ៉ា ភេទស្រីអាយុ១៨ឆ្នាំ មានមុខរបរជាកម្មកររោងចក្រ ស្នាក់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ម៉ូតូដែលជនសង្ស័យយកទៅបាត់ នោះ ម៉ាក សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខ ភ្នំពេញ 1BB-3960 រីឯជនសង្ស័យ មានឈ្មោះ អូន សុធា ភេទ ប្រុស អាយុ ៣០ឆ្នាំ មានមុខរបរ ជាជាងលាបថ្នាំផ្ទះ ស្នាក់នៅផ្ទះជួលជាមួយប្រពន្ធ ក្នុងភូមិ ឃុំកើតហេតុខាងលើ ។

ប្រភពបានបន្តទៀតថា មុនពេលកើតហេតុ ជនសង្ស័យបានទៅខ្ចីម៉ូតូរបស់នារីរងគ្រោះ ដោយប្រាប់ថា ខ្ចីម៉ូតូបន្តិចទៅយកលុយគេ ដើម្បីយកមកឲ្យប្រពន្ធបង់ថ្លៃផ្ទះជួលគេ ពេលនោះនារី រងគ្រោះព្រមឲ្យម៉ូតូខ្ចី ពេលជនសង្ស័យបានម៉ូតូហើយ ក៏ជិះចេញទៅបាត់រហូត តាំងពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤ រហូតដល់ថ្ងៃទី២៣ ខែមេសា ខែឆ្នាំដដែល វេលាម៉ោង១៣និង៤០ នាទី ទើបជនរងគ្រោះប្រទះ ឃើញជនសង្ស័យ នៅក្នុងភូមិកើតហេតុ ក៏ឃាត់ខ្លួនប្រគល់មកឲ្យនគរបាល ដើម្បីធ្វើការសាកសួរ និងចាត់ការទៅតាមផ្លូវ ច្បាប់។

នគរបាលបានបន្តថា បន្ទាប់ពីបានសាកសួរ ជនសង្ស័យបានសារភាពថា រូបគេពិតជាបានខ្ចីម៉ូតូរបស់ជនរងគ្រោះមែន ប៉ុន្តែម៉ូតូត្រូវបានមិត្តភក្តិរបស់ខ្លួនខ្ចីបន្ត រួចហើយយកទៅបាត់រហូត ហើយគេបានតាមរកមិត្តភក្តិដែរ ប៉ុន្តែតាមរកមិនឃើញ ទោះបីជាយ៉ាងណា ជនសង្ស័យត្រូវបាននគរបាល កសាងសំណុំរឿង បញ្ជូនមកកាន់ស្នងការដ្ឋាន ដើម្បីចាត់ការបន្តទៅ តាមផ្លូវច្បាប់៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]