រាជធានីភ្នំពេញ ៖ យុវជនម្នាក់ត្រូវគេប្រទះឃើញ ស្លាប់ក្នុងទឹកត្រពាំងជម្រៅ ត្រឹមជង្គង់ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២៤ មេសា នៅចំណុចជិតភូមិមុខ៤ សង្កាត់ពន្សាំង ខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីជននេះ បាត់ខ្លួនពីផ្ទះមួយយប់ លុះព្រឹកឡើង ត្រូវគេប្រទះឃើញសព ។

យុវជនរងគ្រោះត្រូវគេស្គាល់ ឈ្មោះ វ៉ាត ណាវី អាយុ២៤ឆ្នាំ មុខរបររៀនជាងចម្លាក់ នៅក្នុងភូមិកើតហេតុ ។ បើតាមម្តាយជនរងគ្រោះ ឈ្មោះ ភឿន កត់ អាយុ៤៥ឆ្នាំ បានឱ្យដឹងថា កូនប្រុសរបស់គាត់ ដែលស្លាប់នេះ ទំនងជាមានវិបត្តិផ្លូវចិត្ត ព្រោះកន្លងមកជនរងគ្រោះ បានឱ្យគាត់ចូលស្តីដណ្តឹង កូនក្រមុំគេ នៅខេត្តតាកែវ ដោយគេបង្គាប់ថ្លៃទឹកដោះ ១៣០០ដុល្លារ ប៉ុន្តែកូនប្រុសគាត់មានតែ ១០០០ដុល្លារ ទើបគេផ្តាច់ពាក្យវិញ ។ ប្រភពបន្តថា តាំងពីថ្ងៃនោះមក ជនរងគ្រោះតែងដើរប្រាប់គេឯងថា ពិបាកចិត្ត មិនចង់រស់នៅទេ រហូតដល់ថ្ងៃកើតហេតុ បាត់ខ្លួនពីផ្ទះមួយយប់ ហើយត្រូវគេប្រទះឃើញសពតែម្តង ។

មកដល់ពេលនេះ សមត្ថកិច្ចកំពុងចុះត្រួតពិនិត្យ ដោយមិនទាន់ដឹងថា ជាករណីសម្លាប់ខ្លួន ឫយ៉ាងណានោះនៅឡើយ ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]