រាជធានីភ្នំពេញ ៖ បុរសជាសន្តិសុខយាមបុរីម្នាក់ ត្រូវប៉ូលិសប៉ុស្តិ៍ទួលសង្កែឃាត់ខ្លួន បន្ទាប់ពីបង្ករបួសស្នាម បណ្តាលឱ្យបុរសម្នាក់ទៀត រងរបួស ខណៈឃើញបុរសរូបនោះ ដឹកប្រពន្ធរបស់ខ្លួន ចូលផ្ទះសំណាក់ រស្មីទួលសង្កែ ស្ថិតក្នុងភូមិទួលសង្កែ ខណ្ឌប្ញស្សីកែវ កាលពីវេលាទៀបភ្លឺ ថ្ងៃទី២៤ មេសា ។

បុរសសង្ស័យខាងលើឈ្មោះ យឹម គុណ អាយុ៣៥ឆ្នាំ ជាសន្តិសុខយាមបុរី ស្នាក់នៅក្នុងសង្កាត់ទួលសង្កែ មានប្រពន្ធឈ្មោះ ផន ភា អាយុ២៥ឆ្នាំ បម្រើការម៉ាស្សា នៅក្នុងសណ្ឋាគារមួយ សង្កាត់ជ្រោយចង្វា ចំណែកបុរសដែលត្រូវគេវាយឱ្យរបួស ឈ្មោះ ឈាង មករា អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វា ។

បើតាមការរៀបរាប់ ពីបុរសជាប្តីឈ្មោះ យឹម គុណ ឱ្យដឹងថា នៅវេលាម៉ោង៣ទៀបភ្លឺ ខ្លួនបានចេញពីធ្វើការ (យាមបុរី) ជិះម៉ូតូទៅកន្លែងស្នាក់នៅ ស្រាប់តែប្រទះឃើញ បុរសម្នាក់ជិះម៉ូតូឆាលី ឌុបប្រពន្ធរបស់ខ្លួន ចូលផ្ទះសំណាក់រស្មីទួលសង្កែ ហើយភ្លាមៗបានចេញតាម និងស្ទាក់សួរនាំ។ ប្រភពបន្តថា ដោយទប់កំហឹងមិនបាន ខ្លួនក៏បានដកសោចាក់ម៉ូតូ វាយទៅលើបុរសនោះ បណ្តាលឱ្យរងរបួសស្រាល រួចត្រូវប៉ូលិសឃាត់ខ្លួនតែម្តង ។ ប្រភពឱ្យដឹងទៀតថា ខ្លួននិងប្រពន្ធស្រឡាញ់គ្នា បានកូនមួយ តែមិនបានរស់នៅជាមួយគ្នា ញឹកញាប់នោះទេ ។





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]