អង់គ្លេស៖ ភរិយារបស់អ្នកជំនាញ ខាងធនាគារវិនិយោគ ត្រូវបានសង្ស័យថា បានពាក់ព័ន្ធនឹងការស្លាប់ របស់កូនៗពិការ ទាំង៣នាក់របស់គេ ខណៈដែលប្តី ទៅដើរកំសាន្តនៅឆ្ងាយ ជាមួយនឹងកូនស្រីច្បង របស់ពួកគេ។

តាមប្រភពពត៌មាន បានឲ្យដឹងថា ស្រ្តីម្នាក់ឈ្មោះ Tania Clarence អាយុ៤២ឆ្នាំ ត្រូវបានប៉ូលីសឃាត់ខ្លួន និងសាកសួរ បន្ទាប់ពីបានរកឃើញ សាកសពក្មេងស្រី អាយុ៤ឆ្នាំម្នាក់ និងកូនភ្លោះប្រុស អាយុ៣ឆ្នាំ។ ជនរងគ្រោះទាំង៣នាក់ សុទ្ធតែមានជំងឺហ្សែន កំណត់ជីវិតពីកំណើត ប៉ុន្តែប៉ូលីសជឿជាក់ថា ពួកគេគឺត្រូវបានគេសម្លាប់ មុនពេលត្រូវបានរកឃើញ នៅល្ងាចថ្ងៃអង្គារកន្លងទៅនេះ។

លោកស្រី Clarence ដែលជាអ្នកគូរប្លង់ មួយរូប ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួសស្រាល មុននឹងធ្វើការនាំខ្លួនចេញ និងធ្វើការឃុំឃាំង។ ចំនែកឯ ប្តីរបស់នាង គឺលោក Gray Clarence បានធ្វើការហោះហើរមកផ្ទះវិញ ពីដំណើរកំសាន្តនៅអាហ្រ្វិកខាងត្បូង ជាមួយនឹងកូនស្រី អាយុ៨ឆ្នាំ ដែលមានសុខភាពល្អ នៅមួយថ្ងៃបន្ទាប់ពីបានដឹងរឿងនេះ។

ជាមួយគ្នានេះដែរ អ្នកជិតខាងម្នាក់ឈ្មោះ Joy Devis អាយុ៨៦ឆ្នាំ បាននិយាយថា “គាត់មានការភ្ញាក់ផ្អើល និងរន្ធត់យ៉ាងខ្លាំង បន្ទាប់ពីបានដឹងរឿងនេះ ព្រោះតែលោកបានសរសើរថា លោក និង លោកស្រី Clarence ជាប្តីប្រពន្ធដែលរីករាយបំផុត”។

ចំនែកឯ លោកស្រី Clarence បាននិយាយថា “ កូនៗរបស់ពួកគេ គឺគួរឲ្យស្រលាញ់ខ្លាំងណាស់ ហើយពួកគេសប្បាយរីករាយយ៉ាងខ្លាំង ព្រោះតែនៅកន្លែង ដែលពួកគេរស់នៅ គឺមានបរិយាកាសល្អ”។ រីឯកូនស្រី អាយុ៤ឆ្នាំ របស់ពួកគេ ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា សាច់ដុំឆ្អឹងខ្នង របស់នាង ត្រូវបានងាប់ អំឡុងពេលដែល ម្តាយរបស់នាង មានផ្ទៃពោះកូនភ្លោះ Ben និង Max ហើយកូនភ្លោះទាំង២នាក់នេះ ក៏បានវិវត្តន៍ទៅរកជំងឺនេះដែរ។ បន្ទាប់ពីបានដឹងថា កូនៗរបស់ពួកគេបានស្លាប់ បងប្អូនសាច់ញាតិ និងអ្នកដែលស្គាល់ពួកគេ បានយកបាច់ផ្កា កាតជូនពរ តុក្កតា និងរបស់ក្មេងលេង ជាច្រើនទៀត ទៅដាក់នៅមុខផ្ទះរបស់ពួកគេ ដើម្បីរំលឹកដល់ក្មេងៗទាំងនោះ។

គួរបញ្ជាក់ផងដែរថា ប្តីប្រពន្ធមួយគូនេះ គឺមានដើមកំណើតមកពី អាហ្រ្វិកខាងត្បូង ហើយពួកគេបានធ្វើការផ្លាស់ប្តូរទៅនៅផ្ទះ ដែលមានតម្លៃ ប្រមាណ ជា២លានដុល្លារ របស់ពួកគេ នៅ New Malden ស្ថិតក្នុងទីក្រុងឡុងដ៍ បន្ទាប់ពីធ្វើការជួសជុលកែលម្អរួច។ បន្ទប់គេងចំនួន៥ នៅក្នុងផ្ទះ ត្រូវបានធ្វើឲ្យសមស្រប ទៅនឹងកូនៗពិការ ទាំង៣នាក់ របស់ពួកគេ ដោយបំពាក់ទៅដោយ បង្កាន់ដៃ និងឧបករណ៍យោង ផងដែរ។

យ៉ាងណាមិញ ការស្លាប់របស់ក្មេងៗពិការទាំង ៣នាក់នេះ នៅពុំទាន់ដឹងថា មកពីមូលហេតុអ្វីនៅឡើយទេ ចំនែកឯម្តាយរបស់ពួកគេ គឺជាជនសង្ស័យតែមួយគត់៕

លោក Gray Clarence ជាមួយនឹងកូនភ្លោះ Ben និង Max កាលនៅរស់

ប្រភព៖ បរទេស

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]