ខេត្តប៉ៃលិន ៖ បុរសម្នាក់ដែលត្រូវគេស្គាល់ថា ជាមន្ត្រីនគរបាលការពារព្រំដែនគោកវរៈ៨២១ បានរងការចោទប្រកាន់ ពីបទប្រើហិង្សាដោយចេតនា លើស្ត្រីម្នាក់បណ្តាលឱ្យរបួស ក្បែរភ្នែកខាងឆ្វេង និងជាំក្បាលផ្នែកខាងក្រោយ ហើយត្រូវបានស្ត្រីរងគ្រោះ ដាក់ពាក្យប្តឹងទៅអង្គការសិទ្ធិ មនុស្សឱ្យជួយអន្តរាគមន៍កាលពី វេលាម៉ោង៤ និង៤០នាទីរសៀល ថ្ងៃទី២៣ មេសា ២០១៤ នៅការិយាល័យអង្គការសិទ្ធិ មនុស្សក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។

ស្ត្រីរងគ្រោះឈ្មោះហ៊ាន សុខុម អាយុ៤៩ឆ្នាំ ជាកសិករ មានស្រុកកំណើត នៅភូមិសង្គមមានជ័យ ឃុំទួលស្នួល ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម មានប្តីឈ្មោះមួន ទឹម អាយុ៥០ឆ្នាំ ជាមន្ត្រីនគរបាលការពារព្រំដែន ជើងគោកវរៈ៨២១ បច្ចុប្បន្នរស់នៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន។ ចំណែកមន្ត្រីនគរបាលដែលរងការ ចោទប្រកាន់ឈ្មោះជា សុន ភេទប្រុស អាយុប្រហែល៣៨ឆ្នាំ រស់នៅផ្ទះក្បែរស្ត្រីរង គ្រោះក្នុងភូមិខាងលើ ។

ប្រភពព័ត៌មានបានឱ្យដឹងថា មន្ត្រីនគរបាលរូបនេះបានប្រើហិង្សា ដោយចេតនាលើស្ត្រីរងគ្រោះ កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី១០ មេសា ២០១៤ នៅលើផ្លូវលំក្នុងចំការ ស្ថិតនៅចំណុចបរថ្មី ភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ដោយយកដៃវាយទៅ លើស្ត្រីរងគ្រោះចំនួន៤ដៃខ្លាំងៗ ត្រូវចំផ្នែកខាងមុខ១ដៃបណ្តាលឱ្យហូរ ឈាមតាមគ្រាប់ភ្នែកខាងឆ្វេង និងវាយបីដៃទៀតចំក្បាលផ្នែក ខាងក្រោយបណ្តាលឱ្យស្ទើរដួល សន្លប់នៅនឹងកន្លែង ដោយសារតែជនបង្កយកត្រាក់ទ័រ២គ្រឿង ទៅភ្ជួរលើដីផ្លូវក្នុងចំការរបស់ស្ត្រីរងគ្រោះ លុះពេលគាត់ចេញទៅ ហាមឃាត់ក៏ត្រូវមន្ត្រីនគរបាល រូបនេះវាយឱ្យរបួសតែម្តង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]