ខេត្តកំពង់ចាម ៖ ជើងខ្លាំងប្រចាំនៅភូមិ៣៥ ឃុំបុសខ្នុរ ស្រុកចំការលើ ត្រូវគេស្គាល់ឈ្មោះ ហុង ជាក្រុមក្មេងទំនើង ស្ថិតនៅក្នុងបញ្ជីខ្មៅ របស់សមត្ថកិច្ច បានរត់គេចខ្លួនបាត់ចេញពីផ្ទះ បន្ទាប់ពីបានឲ្យដាវសាមូរ៉ៃ ទៅមិត្តភក្តិកាប់ ទៅលើជនរងគ្រោះ ម្នាក់ឈ្មោះ វី ម៉េងហ័រ ភេទបុ្រស អាយុ១៨ឆ្នាំ នៅភូមិថ្លុកក្រវ៉ាន់ ឃុំស្រុកជាមួយគ្នា ត្រូវ១ដាវចំក្បាលខាងស្តាំដេរ១២ថ្នេរ ។

ហេតុការណ៍អំពើហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោងប្រហែល៤ និង៣០នាទីរសៀល ថ្ងៃទី២២ មេសា នៅចំណុចខ្លោងទ្វារ សាលាបឋមសិក្សាបុសខ្នុរ ហើយជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្រ្គោះ នៅគ្លីនិក១ ១៥ ក្រុងកំពង់ចាម ចំណែកអ្នកកាប់ និងម្ចាស់ដាវ ដាក់មេប្រូចរត់គេចខ្លួនបាត់ ។

ជនរងគ្រោះឈ្មោះ ម៉េងហ័រ ប្រាប់ឲ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិ រូបគេបានធ្វើដំណើរ ចេញពីកន្លែងធ្វើចំការដំឡូង ១កន្លែង ស្ថិតនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មកលេងស្រុកកំណើតវិញ នៅភូមិថ្លុក ក្រវ៉ាន់ ឃុំបុសខ្នុរ ស្រុកចំការលើ ជាមួយនឹងម្តាយ ព្រមទាំងក្រុមសាច់ញាតិជាច្រើននាក់ ។ ប្រភពបន្តថា នៅរសៀលថ្ងៃទី២២ មេសា រូបគេបានមកជួបមិត្តភក្តិ ឈ្មោះ អ៊ូ ធ្លាប់រៀនជាមួយគ្នា ថ្នាក់ទី៧ នៅច្រកមុខសាលាបឋមសិក្សាបុសខ្នុរ ឃុំបុសខ្នុរ ដោយមានគ្នា៩នាក់ អង្គុយជជែកគ្នាលេង។ លុះនិយាយគ្នា ប្រហែលជា១ម៉ោង មិត្តភក្តិប្រុស៣នាក់ បានទៅនិយាយជាមួយនឹង សង្សាររបស់គេ នៅក្បែរនោះដែរ ។

ប្រភពឱ្យដឹងទៀតថា បន្តិចក្រោយមក ស្រាប់តែឈ្មោះហុង ជិះម៉ូតូចេញពីភូមិ៣៥ មកដល់និយាយថា រូបគេមកពីជក់ថ្នាំញៀន និងបំរុងកាប់គេម្នាក់ រួចបានប្រគល់ដាវសាមូរ៉ៃ មកឲ្យឈ្មោះ អ៊ូ កាប់មកត្រូវក្បាលរបស់គេ (ម៉េងហ័រ) មួយដាវ ដាច់ស្បែកក្បាល ដល់លលាដ៏ ហើយភ្លាមៗ ត្រូវម្តាយនាំទៅឲ្យគ្រូពេទ្យ ក្នុងភូមិសាមគ្គី ដេររបួសចំនួន១២ថ្នេរ រួចបញ្ជូនបន្តទៅសង្រ្គោះ នៅគ្លីនិក១១៥ ក្រុងកំពង់ចាមតែម្តង ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]