កាលពីពេលថ្មីៗនេះ បុរសជនជាតិចិនវ័យក្មេងម្នាក់ មកពីខេត្ត Shandong នៃប្រទេសចិន ដោយសារតែមានបញ្ហាលើសទំងន់ខ្លាំងពេក ក៏ប្រឈមនឹងការពិបាកចិត្ត រហូតដល់ស្លាប់បាត់បង់ជីវិត ទាំងនៅវ័យក្មេង គួរឲ្យអាណិតមែនទែន។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសជនជាតិចិន វ័យ២២ឆ្នាំម្នាក់ មានឈ្មោះថា Sun Liang មានទំងន់រហូតដល់ទៅជិត៣០០គីឡូក្រាម ដោយសារតែធាត់ពេក បានបណ្តាលឲ្យសួត និងបេះដូងជួបបញ្ហា រហូតដល់ជួបគ្រោះថ្នាក់ និងស្លាប់បាត់បង់ជីវិត កាលពីថ្ងៃសៅរ៍ ទី១៩ មេសា កន្លងទៅនេះ។ គួរបញ្ជាក់ផងដែរថា មុនពេលស្លាប់ បុរសរូបនេះ មានការស្មុគស្មាញ និងពិបាកចិត្តយ៉ាងខ្លាំង ដោយសារតែខ្លួនធាត់ពេក។

ប្រភពដដែលបានបន្តទៀតថា ក្រុមគ្រូពេទ្យមិនអាចសង្គ្រោះជីវិត Sun បានឡើយ ដោយសារតែស្រទាប់ នៃសារជាតិខ្លាញ់នៅក្នុងរាងកាយក្រាស់ពេក ធ្វើឲ្យការវិនិច្ឆ័យរោគ ដោយប្រើប្រាស់ កាំរស្មីអិច និង Ultrasound គ្មានប្រសិទ្ធភាព។

បើតាមសម្តីបងប្អូនជីដូនមួយរបស់ Sun បានប្រាប់ឲ្យដឹងថា «កាលពីអាយុ១៦ឆ្នាំ Sun មិនសូវជាធាត់ប៉ុន្មានទេ ប៉ុន្តែក្រោយមក Sun បានឡើងទំងន់យ៉ាងច្រើន»។ ឪពុករបស់ Sun ក៏បានប្រាប់ឲ្យដឹងដែលថា «Sun ញ៉ាំអាហារច្រើនណាស់»។

បើតាមរបាយការណ៏របស់ ទីភ្នាក់ងារគ្រប់គ្រងលើកីឡា របស់រដ្ឋាភិបាលក្នុងប្រទេសចិន ដែលមានឈ្មោះថា “The State General Administration of Sports” បានបង្ហាញឲ្យដឹងថា ប្រជាជនចិនចំនួន ៣៤.៤ភាគរយ ស្ថិតក្នុងចន្លោះអាយុពី២០ ទៅ៦៩ឆ្នាំ គឺជួបប្រទះបញ្ហាលើសទំងន់ ហើយ ១២.៧ភាគរយ ជួបបញ្ហាឆាប់ធាត់ និងដុះក្បាលពោះ។

ជាងនេះទៅទៀត មជ្ឍមណ្ឌលសម្រាប់គ្រប់គ្រងរោគជំងឺ របស់ប្រទេសចិន ដែលមានឈ្មោះថា "Center for Disease Control" ឬហៅកាត់ថា "CDC" បានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស អាយុក្រោម១៨ឆ្នាំ ចំនួន១២០លាននាក់ បានជួបបញ្ហាឆាប់ធាត់ និងដុះក្បាលពោះ៕

ប្រភព ៖ ចិន

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]