ខេត្តក្រចេះ ៖ បុរសម្នាក់ត្រូវនគរបាលឃាត់ខ្លួន រួចបញ្ជូនទៅកាន់សាលាដំបូងខេត្ត នៅរសៀលថ្ងៃទី២៣ មេសា ២០១៤ បន្ទាប់ពីជននេះ យកពូថៅទៅគំរាម កាប់សម្លាប់ស្ត្រីជាប្រពន្ធ មិត្តភក្តិរបស់ខ្លួន រួចធ្វើសកម្មភាពរំលោភ រហូតបានសម្រេច ។

ជនស្រេកឃ្លានតណ្ហានេះ ឈ្មោះនៅ ផល អាយុ២៣ឆ្នាំ មានទីលំនៅភូមិស្រែបេង ឃុំអូរប្រះ ស្រុកសៀមបូក ចំណែកស្ត្រីជាប្រពន្ធមិត្តភក្តិរបស់ខ្លួន អាយុ៣១ឆ្នាំ ។

លោកអនុសេនីយ៍ឯក ឈិន សំបូរ អធិការរងព្រហ្មទណ្ឌ ស្រុកសំបូរ បានឱ្យដឹងថា ជនម្នាក់នេះ ត្រូវកម្លាំងនគរបាល ចាប់ខ្លួនបាន កាលពីយប់ថ្ងៃទី២១ មេសា នៅខេត្តស្ទឹងត្រែង តាមពាក្យបណ្តឹង របស់ស្ត្រីរងគ្រោះ។

លោកអធិការរងបន្តថា កាលពីថ្ងៃទី២១ មេសា ជនម្នាក់នេះ និងប្តីរបស់ស្ត្រីរងគ្រោះ បានផឹកស្រាជាមួយគ្នា ក្នុងភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ។ ក្រោយពីផឹកស៊ីបានមួយស្របក់ បុរសជាប្តីស្ត្រីរងគ្រោះ បានខ្ចីម៉ូតូជនសង្ស័យ បំណងជិះដឹក ប្រពន្ធទៅចាំជិះរថយន្តតាក់ស៊ី ទៅខេត្តកំពង់ចាម តែជនសង្ស័យមិនបានឱ្យម៉ូតូខ្ចីទេ ដោយនិយាយថា ទុកឱ្យគេជាអ្នកជូនទៅ ព្រោះគេត្រូវចេញទៅក្រៅដែរ។

លោកអធិការរងបន្តទៀតថា បន្ទាប់ពីនិយាយរួច ជនសង្ស័យក៏ឌុបស្ត្រី ជាប្រពន្ធមិត្តភក្តិចេញមកផ្លូវជាតិ តែដោយឃើញឱកាសល្អ ជននេះបានជិះម៉ូតូ ចូលតាមផ្លូវរទេះ ចម្ងាយជាង១រយម៉ែត្រ ក៏បានឈប់ម៉ូតូ ហើយយកកូនពូថៅ មកគំរាមសម្លាប់ស្ត្រីរងគ្រោះ រួចធ្វើសកម្មភាពរំលោភ រហូតបានសម្រេច។ បន្ទាប់ពីធ្វើសកម្មភាពរំលោភរួច ជនស្រេកឃ្លានតណ្ហារូបនេះ បានជិះម៉ូតូគេចខ្លួន ទៅកាន់ខេត្តស្ទឹង ត្រែងវិញ ហើយបានដួលម៉ូតូ បណ្តាលឱ្យរបួសធ្ងន់ ត្រូវកម្លាំងនគរបាលខេត្តក្រចេះ តាមចាប់ខ្លួន ដល់មណ្ឌលសុខភាព តែម្តង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]