ព្រះសីហនុ : រថយន្តទំនើបម៉ាក ធុនត្រា បើកប្រជែងកុងតឺន័រ ជ្រុលចង្កូត ទៅបុកម៉ូតូមួយគ្រឿង ក្នុងទិស ដៅបញ្ច្រាសទិសគ្នា ពេញមួយទំហឹង បណ្តាលឲ្យស្លាប់អ្នកបើកបរ ម៉ូតូម្នាក់ និងក្មេងប្រុសតូចៗ ២នាក់ រួម ដំណើរជាមួយរងរបួសធ្ងន់ នៅផ្លូវជាតិលេខ៤ ក្បែរកន្លែងតារាចំរៀង ខេមរៈ សេរីមន្ត ជួបគ្រោះថ្នាក់ កាលពីឆ្នាំទៅ ។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៦ និង២០នាទី ល្ងាច ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៤ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២០៩-២១០ ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ប្រភពដដែលបានឲ្យដឹងថា រថយន្តបង្កមានម៉ាក ធុនត្រា ពណ៌ស ពាក់ស្លាកលេខខេមរភូមិន្ទ02 2-7678 បើកបរ ដោយឈ្មោះ វរសេនីយ៍ វ៉ែន មុន្នីរ័ត្ន ជាមន្ត្រីយោធា ខូចខាតបែកចង្កៀងមុខខាងស្តាំ ចំណែកម៉ូតូ ជនរងគ្រោះមានម៉ាកកូរ៉េ Citi 100 ពណ៌ក្រហម ពាក់ស្លាកលេខស៊េរីចាស់ ខូចខាតខ្ទេចស្ទើរទាំងស្រុង បណ្តាលឲ្យអ្នកបើកបរឈ្មោះ ណាច ឃ្លី ភេទប្រុស អាយុ១៨ឆ្នាំ ស្លាប់នៅនឹងកន្លែងកើតហេតុ និងអ្នករួម ដំណើរឈ្មោះ មឿន ដេវីន ភេទប្រុស អាយុ៦ឆ្នាំ រងរបួសធ្ងន់បាក់ជើងឆ្វេង និងម្នាក់ទៀត ឈ្មោះ ចិន ករុណា ភេទប្រុស អាយុ៣ឆ្នាំ រងរបួសធ្ងន់ដូចគ្នា អ្នកទាំង៣នាក់ ត្រូវជាបងប្អូនជីដូនមួយ ហើយជាកូន របស់កម្មករសំណង់ តំបន់សេដ្ឋកិច្ច ពិសេស ស្នាក់នៅក្នុងរោងចក្រ តំបន់សេដ្ឋកិច្ចពិសេស ស្ថិតក្នុងភូមិ ពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ប្រភពពីប្រជាពលរដ្ឋ នៅក្បែរកន្លែងកើតហេតុ បាននិយាយថា មុនពេលកើតហេតុ នៅពីខាងកើតកន្លែង តារាចំរៀង ខេមរៈ សេរីមន្ត ជួបគ្រោះថ្នាក់ចរាចរណ៍ប្រមាណតែ ៧០០ ទៅ៨០០ម៉ែត្រប៉ុណ្ណោះ គេបាន ឃើញម៉ូតូមួយគ្រឿង ជិះគ្នា៣នាក់ បើកទិសដៅចុះ ចំណោតពីលិចទៅកើត ចំណែករថយន្តមួយគ្រឿង ទៀត ពាក់ស្លាកលេខខេមរភូមិន្ទ បើកទិសដៅពីកើតទៅលិច ឡើងចំណោតបិតត្រាំង សំដៅចូលក្រុង ព្រះសីហនុ ដែលមានល្បឿនលឿន មើលស្ទើរមិនទាន់បានប្រជែង ជាមួយរថយន្តកុងតឺន័រមួយគ្រឿងទៀត កំពុងឡើងចំណោតស្របទិសគ្នា ហើយបានជ្រុលចង្កូតទៅបុកម៉ូតូក្មេងប្រុស ដែលកំពុងឌុបគ្នា៣នាក់ បើក លើចិញ្ចើមថ្នល់ បុកពេញមួយទំហឹង បណ្តាលឲ្យក្មេងប្រុស ដែលបើកបរម៉ូតូនោះស្លាប់ភ្លាមៗ នៅនឹង កន្លែងកើតហេតុ និងក្មេងប្រុសដែល រួមដំណើរពីរនាក់ទៀត រងរបួសជាទម្ងន់ ។

ប្រភពដដែលបានបន្តទៀតថា ក្រោយពេលកើតហេតុ អ្នកបើករថយន្តបង្ក បានគេចខ្លួនបាត់ស្រមោល ក្នុង ពេលនោះតែម្តង ដោយបន្សល់ទុករថយន្ត និងមួកយោធាមួយ នៅក្នុងរថយន្ត ដែលមានស្លាកឈ្មោះ វរៈសេនីយ៍វ៉ែន មុន្នីរ័ត្ន ។

ដោយឡែកជនរងគ្រោះ ត្រូវបានរថយន្តសាមុយដឹកយកមកសង្គ្រោះបន្ទាន់ នៅគ្លីនិកឯកជនមួយ ក្នុងក្រុង ព្រះសីហនុ ដោយសភាពធ្ងន់ធ្ងរ ក្រោយមកត្រូវបានបញ្ជូនទៅព្យាបាលបន្ត នៅមន្ទីរពេទ្យគន្ឋបុប្ផា រាជធានី ភ្នំពេញ ។

ប្រភពដដែលបានបន្តថា រថយន្តបង្កបានរងការខូចខាតបែកចង្កៀងមុខឆ្វេង និងបច្ចុប្បន្នរថយន្តបង្ក និង ម៉ូតូរងគ្រោះត្រូវបានសមត្ថកិច្ច នគរបាលចរាចរណ៍ យកមករក្សាទុកនៅការិយាល័យ នគរបាលចរាចរណ៍ ផ្លូវគោក ខេត្តព្រះសីហនុ រង់ចាំការដោះស្រាយតាមផ្លូវច្បាប់ ៕











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]