រាជធានីភ្នំពេញ ៖ ពិធីការិនី យុគ ចិន្តា រងគ្រោះដោយត្រូវជនខិលខូច ប្រើឈ្មោះនាងលើទំព័រហ្វេសប៊ុក ឃោសនាលក់ ផលិតផលរក្សាសម្រស់ ដែលនាំចូលពីបរទេស។ អ្នកនាងយុគ ចិន្តា បានអំពាវនាវដល់មហាជនទូទៅកុំឱ្យចាញ់ បោកជនខិលខូចនោះ ព្រមទាំងព្រមានទៅជនខិលខូច ឱ្យឈប់ប្រើប្រាស់ឈ្មោះរបស់នាង ។

កាលពីពេល ថ្មីៗនេះ អ្នកនាងយុគ ចិន្តា បានចេញមុខតាមកញ្ចក់ ទូរទស្សន៍ផ្សាយបន្តផ្ទាល់ អះអាងថា នាងអត់បានប្រើប្រាស់ ហ្វេសប៊ុកធ្វើជំនួញអ្វីឡើយ តែមានជនខិលខូចបន្លំប្រើឈ្មោះនាង ។ បញ្ជាក់ប្រាប់មហាជនទូទៅ ជាលក្ខណៈបើកចំហ អ្នកនាងយុគ ចិន្តា និយាយថា អ្នកលួចយកឈ្មោះនាងទៅ ប្រើប្រាស់លើហ្វេសប៊ុក បានផ្ទុះឡើងទៀតហើយ បន្ទាប់ពីទើប តែស្ងប់ស្ងាត់មួយរយៈ ។ លើហ្វេសប៊ុក គេប្រើឈ្មោះនាងឃោសនាលក់ ផលិតផលរក្សាសម្រស់ពី ប្រទេសនេះ ពីប្រទេសនោះ ។ លើសពីនេះនៅមានមុខជំនួញមួយចំនួន ទៀតដែលគេប្រកាសលក់តាម ហ្វេសប៊ុកដោយប្រើឈ្មោះនាង ។ នាងគ្មានមុខរបរ ឬគ្មានថែមការលក់ផលិតផលអ្វី ក្រៅពីមុខរបរដែលមហា ជនធ្លាប់ដឹងទេ ។

អ្នកនាងយុគ ចិន្តា ព្រមានថា អ្នកដែលសប្បាយយក ឈ្មោះនាងទៅប្រើ គួរតែប្រញាប់បោះបង់គំនិតអាក្រក់នោះចោល កុំដើរទៅបោកគេទៀត ព្រោះរូបនៅលើហ្វេសប៊ុក ជារូបរបស់នាង ដែលជាបុគ្គលរងគ្រោះ ។ ប្រសិនបើនៅតែល្មើសដោយមិនញញើតនោះ នាងនឹងប្រើប្រាស់មធ្យោបាយ តបទៅវិញ ដោយត្រៀមចាត់វិធាន ការតាមផ្លូវច្បាប់ ។ នាងនឹងវែកមុខដើម្បីកុំឱ្យទំនេរពេក យកឈ្មោះគេប្រើប្រាស់ក្នុង ផ្លូវអាក្រក់ ទាំងគេមិនបានប្រព្រឹត្ត ។ នាងមានគម្រោងឱ្យប៉ូលិសស្រាវជ្រាវ ប្រសិនបើជនខិលខូច នៅតែមិនដកថយ ហើយនៅតែបោកគេតទៅទៀតនោះ ។

អ្នកនាងយុគ ចិន្តា សំណូមពរដល់អ្នកនិយម លេងហ្វេសប៊ុក គួរលេងក្នុងលក្ខណៈត្រឹមត្រូវ ជួយជាគំនិត ផ្តល់ជារូបភាព ល្អៗសម្រាប់គិតពិចារណា មិនត្រូវប្រើឱ្យកើតរឿងរ៉ាវឡើយ ។ ខណៈនោះដែរ លោកអុិត សេដ្ឋា បានលើកឡើងថា នៅតែមានគេយកឈ្មោះលោកបោកមហាជនថា ត្រូវប្រាក់រង្វាន់ពីកម្មវិធីនេះ ពីកម្មវិធីនោះ ។ លោករំពឹងថា សមត្ថកិច្ចនឹងចាត់វិធានការយ៉ាងតឹងរ៉ឹង រឿងជនខិលខូចយកឈ្មោះគេ ទៅបោកប្រាស់អ្នកដទៃ ។

មួយរយៈចុងក្រោយនេះ មានករណីបោកប្រាស់តាមទូរស័ព្ទ និងហ្វេសប៊ុក ។ ជាក់ស្តែងនៅទូរទស្សន៍មួយចំនួនបានបញ្ជាក់ ប្រាប់អ្នកទស្សនា ឱ្យចេះការពារខ្លួន ព្រោះមានគេចាញ់បោកច្រើនមកហើយ ដោយជនខិលខូចយកឈ្មោះទូរទស្សន៍ ទៅបោកប្រាស់តាមរូបភាព ផ្សេងៗ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យុគ ចិន្តា