ការវាយតប់គ្នា រវាង បុរសទាំង៦នាក់នេះ បានផ្ទុះឡើង នៅត្រង់ចំណុចផ្លូវ សម្រាប់ធ្វើដំនើរ កាលពីថ្ងៃទី ២០ កន្លងទៅនេះ ដោយសារតែបុរស ដែលមានអាយុ ១៩ឆ្នាំម្នាក់ ចោទប្រកាន់ទៅលើ បុរសម្នាក់ទៀត ថាដណ្តើមមិត្តស្រី របស់គាត់ ទើបបង្កឲ្យមានជម្លោះវិវាទ គ្នាយ៉ាងដូចច្នេះ។

យោងតាមរបាយការណ៍របស់  Lianhe Wanbao បាននិយាយថា ឧបទ្ទវហេតុមួយនេះ បានកើតឡើង នៅតំបន់មួយ ដែលគេអនុញ្ញាតិឲ្យជក់បារី ដែលមានទីតាំង នៅជិតផ្សារទំនើបមួយកន្លែង ប្រហែលជាម៉ោង ៦នឹង ៣០នាទីល្ងាច។

អតីតមិត្តប្រុស របស់នារីរងគ្រោះ បាននាំពួកម៉ាករបស់គេ ប្រហែលជា ៥ ទៅ ៦ នាក់ ឆ្ពោះមកកាន់កន្លែងកើតហេតុ រូមទាំងមាន ដំបងកាន់ជាប់នឹងដៃ ទាំងអស់គ្នា ថែមទៀតផង។ ឯកន្លែងកើតហេតុនោះ ក៏មានវត្តមានម្តាយ នឹងមិត្តភក្តិ ២-៣ នាក់ទៀត របស់នារីរងគ្រោះផងដែរ។

បងប្រុសរបស់មិត្តប្រុសបច្ចុប្បន្ន របស់នារីរងគ្រោះ បានថតវីដេអូនេះ ដើម្បីទុកជាភស្តុតាង ហើយក៏បានប្រាប់ទៅកាន់ អ្នកកាសែតថា ប្អូនប្រុស របស់លោក បានចាប់ផ្តើមណាត់ជាមួយក្មេងស្រីម្នាក់នោះ ប្រហែលជា មួយខែមកហើយ។ លោកបានបន្តថា ទោះជាយ៉ាងណាក៏ដោយ ក៏អតីតមិត្តប្រុសរបស់នាង នៅតែបន្ត ការយាយីឥតឈប់ ចំពោះទំនាក់ទំនង រវាងប្អូនប្រុសរបស់គាត់ នឹងក្មេងស្រីម្នាក់នោះ។

លោកបានបន្ថែមទៀតថា បុរសដែលជា អតីតមិត្តប្រុសម្នាក់នោះ បានទៅរកប្អូនប្រុសរបស់គាត់ ដល់កន្លែងធ្វើការ ហើយបានហៅប្អូនប្រុស របស់គាត់ ចេញមក ដើម្បីប្រកាសសង្គ្រាមគ្នា ឲ្យដឹងសខ្មៅ ។ បន្ទាប់ពីបានដឹងដំណឹងនេះ ក្មេងស្រីម្នាក់នោះ រូមទាំងម្តាយ និងមិត្តភក្តិរបស់នាង បានរត់ចេញយ៉ាងតក់ក្រហល់ ដើម្បីទៅទីកន្លែងកើតហេតុ។ ហេតុនេះហើយ ទើបធ្វើឲ្យបុរសដែលជា អតីតសង្សារ ផ្ទុះកំហឹង ស្រែកខ្ទរខ្ទារពេញ តំបន់ដែលអនុញ្ញាតិឲ្យជក់បារីនោះតែម្តង។

នៅក្នុងវីដេអូខាងក្រោមនេះ អតីតសង្សារ ត្រូវបានមើលឃើញថា ប្រើកម្លាំងយ៉ាងខ្លាំង រុញទៅកាន់អតីតមិត្តស្រីរបស់ខ្លូន បន្ទាប់ពីនោះមក កន្លែងកើតហេតុទាំងមូល បានក្លាយទៅជាសភាពយ៉ាប់យឺន និងចលាចល ដោយសារតែមានការ វាយប្រយុទ្ធគ្នារវាងអ្នកទាំង ៦នាក់នោះ។ ១៥នាទីក្រោយមក ស្ថានភាពក៏ចាប់ផ្តើមប្រសើរឡើងវិញ ព្រោះប៉ូលីសបានមកដល់។

ក្មេងស្រីនោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Khoo Teck Puat សម្រាប់ការព្យាបាលរបួសក្បាល និងដៃ ខណៈដែលមិត្តប្រុសបច្ចុប្បន្ន របស់នាង មិនមានរបួសអ្វីឡើយ។ ប៉ូលីសបានចាប់ខ្លួន ពួកអ្នកទាំងនោះ និង ធ្វើការស៊ើបអង្កេត៕


ប្រភព បរទេស 

ដោយ ម៉ានិច្ច

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]