ខេត្តកំពត ៖ ស្ត្រីរងគ្រោះ ដែលត្រូវបុរសជាសង្សារសម្លាប់ រួចដឹកមកទម្លាក់ចោល នៅក្រោមស្ពានស្ទឹងចារឹកនោះ ត្រូវបានអាជ្ញាធរឃុំ និងប៉ុស្តិ៍រដ្ឋបាល សម្រេចបញ្ចុះសព នៅក្រោមស្ពានក្បែរកន្លែង ដែលត្រូវសង្សារទម្លាក់ ពីលើស្ពាននោះ ។

ប្រភពបានឱ្យដឹងថា ដោយមានការអាណិតអាសូរពេក ក្រុមមិត្តភក្តិរបស់សពស្ត្រីរងគ្រោះ រៃប្រាក់គ្នាបានចំនួន ៨០០ដុល្លារ រួចបានទំនាក់ទំនង មកអាជ្ញាធរឃុំ និងប៉ុស្តិ៍ សំណូមពរឱ្យជួយចាត់ចែង ទុកដាក់សព ឱ្យបានត្រឹមត្រូវឡើងវិញ ។

អាជ្ញាធរឃុំ រួមជាមួយប្រជាពលរដ្ឋ នៅចំណុចខាងលើ បានកាយសាកសព ចេញពីកន្លែងកប់ ក្រោមស្ពាននោះ យកទៅរៀបចំ នៅវត្តភ្នំកូនឆ្កែ ដើម្បីងូតទឹកដុសលាង ផ្លាស់ប្តូរសម្លៀកបំពាក់ ឱ្យបានត្រឹមត្រូវ និងរៀបចំដាក់ ក្នុងក្តាមឈូស ហើយនិមន្តព្រះសង្ឃ បង្សុកូល រួចបញ្ចុះនៅក្នុងវត្តភ្នំកូនឆ្កែ ដែលស្ថិតក្នុង ភូមិ-ឃុំ ខាងលើនោះតែម្តង ។

គួរបញ្ជាក់ថា សពស្ត្រីរងគ្រោះ ដែលត្រូវបុរសជាសង្សារ នាំមកសម្លាប់ នៅក្បែរចម្ការស្វាយចន្ទីមួយ ស្ថិតក្នុងភូមិចក្រីទីង ឃុំព្រៃថ្នង ស្រុកទឹកឈូ កាលពីល្ងាចថ្ងៃទី១៥ មេសា ២០១៤ ហើយដឹកសពមកទម្លាក់ចោល នៅក្រោមស្ពានស្ទឹងចារឹក ស្ថិតក្នុងភូមិស្រែលាវ ឃុំត្រពាំងភ្លាំង ស្រុកឈូក ។



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]