យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសជនជាតិចិន២នាក់ ត្រូវបានមនុស្សមួយក្រុម យកដំបង និងដុំឥដ្ឋ សំពោងស្ទើរស្លាប់ស្ទើររស់ បន្ទាប់ពីបុរសទាំង២នាក់នេះ ញ៉ាមទាក់សត្វឆ្កែ យកទៅលក់ ធ្វើជាអាហារ។ ហេតុការណ៏នេះបានកើតឡើង នៅក្នុងទីក្រុង Guilin ខេត្ត Guangxi ប្រទេសចិន បន្ទាប់ពីពួកគេទាំង២ ត្រូវបានប្រជាជនចាប់បាន ក្រោយពីធ្វើសកម្មភាព ទាក់សត្វឆ្កែចំនួន៤ក្បាល ដើម្បីយកទៅលក់ ឲ្យភោជនីយដ្ឋានមួយ ធ្វើជាអាហារ។

ប្រភពដដែលបានបន្តទៀតថា បុរសជនជាតិចិនទាំង២នាក់នោះ គឺជាចោរលួចឆ្កែយ៉ាងសកម្ម ដែលត្រូវបានប្រជាជនរាយការណ៏ថា ពួកគេទាំង២នាក់ បានបើករថយន្តឆ្លងកាត់ ពីភូមិមួយទៅភូមិមួយ ដើម្បីទាក់សត្វឆ្កែ ដោយយកសាច់ចងជាប់ខ្សែ បន្ទាប់មកធ្វើសកម្មភាព វាយសម្លាប់សត្វឆ្កែ ដោយប្រើដុំឥដ្ឋ រួចបោះចូលទៅក្នុងរថយន្តតែម្តង។

ទោះបីជាយ៉ាងណាក៏ដោយ ចោរលួចឆ្កែយ៉ាងសកម្ម ទាំង២នាក់នេះ ត្រូវប្រជាជនចាប់ខ្លួនបាន និងវាយឡើងទ្រោមខ្លួន ស្ទើរស្លាប់ស្ទើររស់ ខណៈពេលដែលអ្នកភូមិម្នាក់ ដើរត្រលប់មកផ្ទះវិញ ក៏ប្រទះឃើញពួកគេ កំពុងធ្វើសកម្មភាព អូសសត្វឆ្កែរបស់គាត់មួយក្បាល ដាក់ចូលទៅក្នុងរថយន្ត ខណៈសត្វឆ្កែរបស់គាត់ ៣ក្បាលផ្សេងទៀត ត្រូវពួកគេអូសចូលទៅក្នុងរថយន្ត រួចទៅហើយ។ យ៉ាងណាមិញ ដោយបានប្រទះឃើញ ចោរលួចឆ្កែបែបនេះ អ្នកភូមិម្នាក់នោះ បានស្រែកឲ្យអ្នកជិតខាងជួយ បន្ទាប់មកក៏មានមនុស្សមួយក្រុម រត់សំដៅទៅចាប់ ចោរ២នាក់នោះ និងវាយយ៉ាងចាស់ដៃ នៅលើដងផ្លូវ បណ្តាលឲ្យចោរទាំង២នោះ ដេកស្តូកស្តឹងនៅនឹងកន្លែងតែម្តង។

ជាមួយគ្នានេះដែរ អ្នកភូមិទាំងនោះ បានខឹងសម្បារយ៉ាងខ្លាំង រួចក៏បានយកដុំឥដ្ឋ មកវាយកំទេចរថយន្តរបស់ចោរ និងមិនព្រមប្រគល់ចោរទាំង២នាក់នោះ ឲ្យទៅប៉ូលីសឡើយ ហើយក៏បានចាប់ចោរនោះ ហែរឆ្លងកាត់ភូមិតែម្តង ដើម្បីឲ្យអ្នកភូមិ បានឃើញមុខចោរទាំងអស់គ្នា។

គួរបញ្ជាក់ផងដែរថា ក្រោយពេលកើតហេតុ ក្រុមគ្រួសាររបស់ចោរ២នាក់នោះ បានមកដល់កន្លែងកើតហេតុ និងបានសុំទោសអ្នកភូមិទាំងអស់ ចំពោះទង្វើអាក្រក់របស់ពួកគេ ហើយបានសន្យាថា នឹងធ្វើការសងជំងឺចិត្ត ជាប្រាក់ចំនួន ៥,០០០យ័ន ឬប្រមាណជាង ៨០០ដុល្លារ។

គួររំលឹកផងដែរថា សាច់ឆ្កែ កំពុងក្លាយជាអាហារដ៏ពេញនិយមមួយ សម្រាប់ប្រជាជននៅក្នុងប្រទេសចិន៕



ប្រភព ៖ ចិន

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]