ភ្នំពេញ៖ អ្នកមេម៉ាយចាយសម្រស់ កូនមួយឈ្ងុយដូចដូងដុត អ្នកនាង ចន ច័ន្ទលក្ខិណា បន្ទាប់ពីលែងលះ ជាមួយអតីតស្វាមី រួចមិនទាន់បាន ប៉ុន្មានដង្ហើមផង ក៏ស្រាប់តែលេចឮព័ត៌មានស្នេហាថ្មី ជាបន្តបន្ទាប់ដោយមានប្រុសអ្នកជំនួញ សម្បូរទ្រព្យម្នាក់ បានស្ម័គ្រខ្លួន មកធ្វើជាអ្នកព្យាបាលរបួសបេះដូង និងធានាចិញ្ចឹមនាងឲ្យរស់នៅ ក្នុងជីវភាពហ៊ឺហារស៊ីវិល័យ មិនចាំបាច់ពិបាក។

បើតាមប្រភពពីអ្នកសិល្បៈជិតដិត របស់តារាសម្តែងស្រីស្រស់ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហើបឲ្យដឹងថា ក្រោយពីតារាស្រី រូបនេះ បានលែងលះជាមួយអតីតស្វាមី តាមប្រព័ន្ធតុលាការរួចភ្លាម នាងក៏ត្រូវបានកន្លង់សម្បូរទ្រព្យ ប្រជែងគ្នាតាមប្រលោម ស្នេហ៍ភ្លែត ជាក់ស្ដែងកាលពីពេលថ្មីៗនេះ លេចឮព័ត៌មានថា មានបុរសវ័យកណ្តាលម្នាក់ ដែលជាអ្នកជំនួញ មានមុខមាត់សម្បូរទ្រព្យ កំពុងតែធានាចូលខ្លួន មកស្អំបេះដូង មិនឲ្យរងា ។

ប្រភពដដែលបានបង្ហើបថា ឲ្យតែភាគីខាងស្រី អ្នកនាង ចន ច័ន្ទលក្ខិណា បើកភ្លើងខៀវ ដល់បុរស គឺធានាថា បុរសម្នាក់នោះ នឹងចំណាយទ្រព្យ មកផ្គតផ្គង់ផ្តល់ការរស់នៅ ប្រកបដោយភាពស៊ីវិល័យ ទិញសម្ភារៈទំនើបៗផ្តល់ឲ្យនាង ដើម្បីជាថ្នូរដោះដូរ យកបេះដូងស្មោះ របស់អ្នកមេម៉ាយចាយរាង មកឃុំគ្រង ធ្វើជាគូមេត្រី។ ប្រសិនបើបុរសអ្នកជំនួញរូបនោះ បានក្លាយជាម្ចាស់ចិត្តនាង ហើយ គេនឹងបើកចំហរពីទំនាក់ទំនងជាសាធារណៈ ។

ទាក់ទងនឹងព័ត៌មានដ៏គួរឲ្យរសើប កំពុងតែបោះបក់ ប៉ះទៅលើតារាស្រី នាង ចន ច័ន្ទលក្ខិណា ថាមានដំណឹងស្នេហាថ្មោងថ្មី ជាមួយប្រុសអ្នកជំនួញ LookingTODAY នៅមិនទាន់សុំការបកស្រាយ ឲ្យបានច្បាស់ ពីរូបនាងនៅឡើយទេ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ០១៤នេះ ខណៈទូរស័ព្ទត្រូវបានបិទ។

អាចនិយាយបានថា នេះមិនមែនជាលើកទី១ទេ ដែលតារាស្រីរាងខ្ពស់ស្រឡះ ចន ច័ន្ទលក្ខិណា លេចឮដំណឹងស្នេហ៍ ជាដើមចម ធ្វើឲ្យទំនាក់ទំនង ស្នេហាប្តីប្រពន្ធរបស់នាង និងស្វាមីត្រូវកាត់ផ្តាច់នោះ ។ គេដឹងថា ក្រោយពីនាងលែងលះ អតីត ស្វាមីមិនទាន់ បានប៉ុន្មានផង ក៏ស្រាប់តែមានព័ត៌មានលេចឮថា នាងត្រូវបានបុរស មានមុខងារជាមន្ត្រីយោធាម្នាក់ ទាក់ទងស្នេហ៍ លើរូបនាង ហើយក៏ត្រូវគេសង្ស័យថា មន្រ្តីយោធារូបនោះ ជាមូលសំខាន់ ធ្វើឲ្យគ្រួសារសិល្បៈ មានអាយុកាលច្រើនឆ្នាំ ជាប់ឈ្មោះជាគូស្នេហ៍គំរូមួយនេះ ត្រូវរលាយសាបសូន្យ សល់តែស្រមោលអនុស្សាវរីយ៍ ដ៏ឈឺចាប់បំផុត រហូតមកដល់សព្វថ្ងៃ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]