កូរ៉េខាងត្បូង៖ ម្សិលមិញនេះ ខ្មែរឡូតបានចុះផ្សាយ អត្ថបទដែលនិយាយ ពីការលិចនាវា នៅឯកូរ៉េខាងត្បូង ហើយធ្វើអោយ មនុស្សស្លាប់និង បាត់ខ្លួនយ៉ាងច្រើននោះ បណ្តាលមកពី បញ្ជាដ៏ល្ងង់ខ្លៅមួយ

ចំពោះការបញ្ជានេះ គឺចេញមកពី កាពីតែននាវានោះតែម្តង ហើយថ្ងៃនេះក៏ មានព័ត៌មានមួយទៀត ដែលបញ្ជាក់ថា លោក Lee Joon Seok ដែលជាកាពីតែននាវា ដែលបានលិចនោះ ត្រូវបានចាប់ខ្លួន ទៅហើយបន្ទាប់ ពីមានមនុស្ស ស្លាប់២៩នាក់ និង២៧០នាក់ផ្សេងទៀត នៅតែបាត់ខ្លួន។

យោងតាមរបាយការណ៍ ដែលបានមកពី សារព័ត៌មានជាច្រើន បានអោយដឹងថា លោក Lee ត្រូវបានទទួលរង ការចោទប្រកាន់ជាច្រើន ករណីដូចជា ការបោះបង់នាវារបស់គាត់ចោល ការធ្វេសប្រហែស ការធ្វើអោយមាន មនុស្សស្លាប់ជាច្រើន ក្នុងតួនាទីរបស់ខ្លួន ការព្រងើយកន្តើយ មិនព្រមស្វែងរកជំនួយ ពីនាវាផ្សេងទៀត និងការបំពានច្បាប់ របស់កងទាហានសមុទ្រ។

ការចោទប្រកាន់ទាំងនេះ ត្រូវបានលើកឡើង បន្ទាប់ពីក្រុមអាជ្ញាធរ ផ្តោតទៅលើមូលហេតុ ដែលបណ្តាលអោយ នាវានេះលិច និងបណ្តាលអោយមាន អ្នកដំណើរស្លាប់និង បាត់ខ្លួនយ៉ាងច្រើន សន្ធឹកបែបនេះ ហើយប្រសិនបើ តុលាការរកឃើញ ទោសកំហុសពី ការចោទប្រកាន់ទាំងនេះមែន នោះលោក Lee នឹងប្រឈមមុខក្នុងការ ជាប់ពន្ធនាគារ ចាប់ពី៥ឆ្នាំ រហូតដល់អស់ មួយជិវិត។

ចំពោះរបាយការណ៍ លំអិតផ្សេងៗទៀត មិនទាន់ត្រូវបាន ក្រុមប៉ូលិសបង្ហើប អោយដឹងនៅ ឡើយនោះទេ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?



ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]