ភ្នំពេញ ៖ ផ្ទះមួយខ្នង ដែលសាងសង់ពី ឈើនៅផ្នែកខាងលើ និងខាងក្រោមធ្វើពីថ្ម ត្រូវបានអគ្គិភ័យឆេះបំផ្លាញខ្ទេចខ្ទីអស់ ដោយ រថយន្ដពន្លត់អគ្គិភ័យ មិនអាចជួយ សង្គ្រោះបាន តែសំណាងល្អ អគ្គិភ័យនេះ មិនបានរាលដាល ឆេះទៅដល់ផ្ទះអ្នកជិតខាងនោះឡើយ ។

ហេតុការណ៍នៃគ្រោះអគ្គិភ័យខាងលើ នេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង៤៥នាទីថ្ងៃត្រង់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០១៤នេះ នៅក្នុងក្រុមទី៦ ភូមិអូរបែក ក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្ទះរង គ្រោះមានឈ្មោះ ចាន់ ថា ភេទប្រុស អាយុ ៧០ឆ្នាំ និងប្រពន្ធ ឈ្មោះសុខ ជា អាយុ៦៤ ឆ្នាំ ។ ចំណែកផ្ទះដែលត្រូវភ្លើងឆាបឆេះ មិនអាចជួយសង្គ្រោះទាន់នេះ គឺជាប្រភេទ ផ្ទះឈើខាងលើ ថ្មខាង ក្រោម មានទំហំ ៥ម៉ែត្រគុណ ៦ម៉ែត្រ ស្ថិត នៅខាងក្រោយ បុរីអូរបែកក្អម ត្រូវបានភ្លើង ឆាបឆេះទាំង ស្រុង ។

បើតាមម្ចាស់ផ្ទះបានឱ្យដឹងថា នៅមុន ពេលកើតហេតុ ខណៈដែលពួកគាត់កំពុង ស្ថិតនៅខាងក្រោម ស្រាប់តែធុំក្លិនឈ្ងៀម ហើយក៏ឃើញអណ្ដាតភ្លើងឆាបឆេះចេញពី ជាន់ខាងលើ គាត់ក៏បានស្រែកឆោឡោឡើង ដើម្បីឱ្យគេជួយពន្លត់ តែទំនងជាភ្លើងបាន ឆាបឆេះសម្ភារៈ នៅខាងក្នុងផ្ទះមុន ទើប អ្នកជិតខាងមិនអាចជួយពន្លត់បានឡើយ បណ្ដោយឱ្យភ្លើងឆាបឆេះតាមដំណើរតែ ម្ដងទៅ ។ ក្នុងនោះគេក៏បានឃើញរថយន្ដ ពន្លត់អគ្គិភ័យ ចំនួន៦-៧គ្រឿងទៅអន្ដរា គមន៍ផងដែរ តែទំរាំទៅដល់កំសួលភ្លើងបាន ថមថយទៅវិញ ស្ទើរតែអស់ទៅហើយ ដោយ មិនបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនោះ ទេ ។ ក្នុងនោះគេសង្កេតឃើញថា បើទោះបី រថយន្ដពន្លត់អគ្គិភ័យទៅទាន់សភាពការណ៍ ក៏ពិបាកនឹងជួយពន្លត់បានដែរ ព្រោះផ្ទះនៅ ប្លុកខាងក្រោយរថយន្ដមិនអាចចូលទៅដល់ នោះទេ ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]