ខេត្តព្រៃវែង ៖ ដោយសារតែឥទ្ធិពលនៃសុរា កូនថ្លើមធំ ហ៊ានបន្លំហៅឪពុកបង្កើត ថាក្លើ ធ្វើឱ្យឪពុកខឹង រហូតទប់កំហឹងមិនបាន ទាញកាំបិតក្រង៉ុកអាករ និងកាប់ចិញ្ច្រាំកូនខ្លួនឯង ដូចកាប់សាច់ជ្រូក បណ្តាលឱ្យស្លាប់ភ្លាមៗ នៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម។

នេះគឺជាហេតុការណ៍មួយ ដែលមិនធ្លាប់មាន និងគួរឱ្យរន្ធត់បំផុត ដែលបានកើតឡើង មុនពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរ១ថ្ងៃ នៅក្នុងផ្ទះជនល្មើសជាឪពុក  ស្ថិតក្នុងភូមិសំរោង ឃុំជ្រៃ ស្រុកកំពង់ត្របែក កាលពីវេលាម៉ោងប្រមាណ ជាង៥ល្ងាច ថ្ងៃទី១៣ មេសា។

ជនដៃដល់ជាឪពុក ដែលដាច់ចិត្តលើកដៃប្រហារកូនឯង មានឈ្មោះ អ៊ុយ សុផាត អាយុ៦៤ឆ្នាំ ចំណែកកូនប្រុស ដែលបានស្លាប់បាត់បង់ជីវិត មានឈ្មោះ សៀង ចាន់ អាយុ៤១ឆ្នាំ មានទីលំនៅក្នុងភូមិស្វាយប៉ាក ឃុំជ្រៃ ស្រុកកំពង់ត្របែក។

ប្រភពព័ត៌មាន ពីលោកវរសេនីយ៍ឯក សេង សុភក្រ័ ស្នងការរងនគរបាលខេត្តព្រៃវែង បានឱ្យយដឹងថា យោងតាមចម្លើយ របស់ជនល្មើស អ៊ុយ សុផាត ដែលជាឪពុក បានឆ្លើយអះអាងថា មុនពេលកើតហេតុប្រពន្ធរបស់គាត់ បានទិញស្រា១លីត្រកន្លះ ឱ្យផឹក២នាក់ឪកូន នៅក្រោមផ្ទះ ដើម្បីកុំឱ្យដើរទៅផឹក នៅឯណាឆ្ងាយ ដោយកូនប្រុសជាអ្នកចាក់ស្រា។ ជនល្មើសជាឪពុកបានបន្តទៀតថា ពេលដំបូងមិនទាន់ស្រវឹង កូនប្រុសនិយាយស្រួលណាស់ កែវនេះខ្ញុំ កែវនេះឪឯង លុះផឹកយូរៗទៅស្រវឹង ស្រាប់តែកូនប្រុសបន្លំហៅហ្អែង  អញ ហើយគាត់ចេះតែប្រាប់ថា អញឪអានេះ...ៗ ប៉ុន្តែកូននៅតែមិនឈប់ រហូតចុងក្រោយហ៊ានហៅគាត់ថា ក្លើទៀត ទើបធ្វើឱ្យគាត់ទ្រាំមិនបាន ក៏កើតទៅជារឿង ឈ្លោះប្រកែកគ្នា ហើយកូនប្រុសគាត់ បានស្រែកជេរប្រមាថគាត់ថែមទៀត ទើបគាត់ទប់កំហឹងមិនបាន ក៏ទាញកាំបិទក្រង៉ុក ចាប់អាករ និងកាប់ជាច្រើនកាំបិត សំលាប់ចោលតែម្តងទៅ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]