ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ និង៣នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកម៉ូតូពេញទំហឹង កាលពីវេលាម៉ោង ១១ និង១៥នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ នៅលើកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិជ្រោយ អំពិល សង្កាត់ក្បាលកោះ ខេត្តកណ្តាល ។    

តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជិះម៉ូតូម៉ាក សេ១២៥ ស៊េរីឆ្នាំ២០០៩ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1C-3022 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច ពោលគឺពីអ្នកលឿងមកភ្នំពេញ។ លុះមកដល់ចំណុចកើតហេតុ អ្នកបើកម៉ូតូ ស៊េរីឆ្នាំ២០០៩ បាន បើកជែងរថយន្ត ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាក សេ១២៥ ស៊េរីឆ្នាំ២០១៤ គ្មានស្លាកលេខ ធ្វើដំណើរបញ្ច្រាសទិសគ្នា ពេញទំហឹងលាន់ដូចរន្ទះ។

ជនរងគ្រោះរហូតដល់ស្លាប់ ឈ្មោះ ផូ សារ៉ុម ភេទប្រុស អាយុ ៥៨ឆ្នាំ ស្នាក់នៅភូមិកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្តាល ចំណែកអ្នករងរបួស ដែលជិះជាមួយជនរងគ្រោះផ្សេងទៀត មិនស្គាល់អត្តសញ្ញាណ ត្រូវរថយន្ត ដឹកយកទៅសង្រ្គោះ ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅសង្គ្រោះនៅមុន្ទីរពេទ្យភ្លាមៗ ចំណែកសព ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ នៅឯស្រុកស្អាង ខេត្តកណ្តាល ហើយម៉ូតូត្រូវបានសមត្ថកិច្ចចុះធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរង់ចាំធ្វើការដោះស្រាយពេលក្រោយ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]