- ឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ៖ ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់ ល្អប្រសើរជាងឆ្នាំទៅ

ភ្នំពេញ៖ រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ គ្រោះថ្នាក់ចរាចរ បានកើតមានចំនួន ១៤៨លើក បណ្តាលឲ្យអ្នកដំណើរលើដងវិថីស្លាប់ ៣៨នាក់ និងរបួស៣០៦នាក់ ភាគច្រើន នៃគ្រោះថ្នាក់ចរាចរបណ្តាលមក ពីការបើកបរមិនគោរពច្បាប់ចរាចរ តែគ្រោះថ្នាក់ដោយសារគ្រឿងស្រវឹង មិនសូវកើតមាននោះទេ។

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ បានថ្លែងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ តាមគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិថា គ្រោះថ្នាក់ចរាចររយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិរបស់ខ្មែរនេះ គ្រោះថ្នាក់ចរាចរ បានកើតមានចំនួន ១៤៨លើក កើនឡើងលើសឆ្នាំ២០១៣ ចំនួន ៣២លើក។ តែចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរថយចុះ ពោលឆ្នាំ២០១៤នេះ អ្នកស្លាប់មានចំនួន ៣៨នាក់ ខណៈដែលឆ្នាំ២០១៣ មានរហូតដល់ ៤៩នាក់។

លោក គៀត ច័ន្ទថារិទ្ធ បានគូសបញ្ជាក់ផងដែរថា គ្រោះថ្នាក់បានកើតមានច្រើននៅក្នុងខេត្តបន្ទាយមានជ័យ តា កែវ កំពង់ចាម កំពង់ឆ្នាំង កំពត និងបាត់ដំបង។ ផ្លូវដែលមានគ្រោះថ្នាក់ច្រើនជាងគេ គឺលើកំណាត់ផ្លូវជាតិលេខ៥ លេខ៣ និងលេខ៧។

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិរូបនេះ បានបន្តឲ្យដឹងថា គ្រោះថ្នាក់ចរាចរភាគច្រើនកើតឡើង ដោយសារ ការមិនគោរពច្បាប់ចរាចរ ការបើកបរលើសល្បឿនកំណត់ បើកជែង បើកមិនគោរពភ្លើងសញ្ញា និងមិនផ្តល់ភ្លើង សញ្ញាជាដើម។ ដោយឡែកគ្រោះថ្នាក់ចរាចរក្រោមឥទ្ធិពលជាតិស្រវឹងមិនសូវកើតមាននោះទេ ពោលមានការ ថយចុះច្រើនជាងបណ្តាឆ្នាំកន្លងទៅ។

ជាការកត់សម្គាល់គ្រោះថ្នាក់ចរាចររយៈពេល៣ថ្ងៃនេះ ភាគច្រើនកើតមានចំណពោះអ្នកដំណើរតាមម៉ូតូ មិនសូវ កើតមានលើរថយន្តនោះទេ ហើយភាគច្រើន នៃអ្នករងគ្រោះ មិនបានពាក់មួកសុវត្ថិភាព ៨០ភាគរយ។

លោក គៀត ច័ន្ទថារិទ្ធ បានថ្លែងកោតសរសើរចំពោះស្មារតីចូលរួមរបស់ប្រជាពលរដ្ឋ ប្រជាការពារភូមិ និងកង កម្លាំងនគរបាលទាំងអស់ ដោយបានយកចិត្តទុកដាក់ ក្នុងការពារសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងភូមិដ្ឋានធ្វើឲ្យការ ប្រព្រឹត្តទៅ នៃពិធីបុណ្យចូលឆ្នាំប្រកបដោយភាពសប្បាយរីករាយ។

លោកឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានថ្លែងថា បទល្មើសរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំ២០១៤នេះ កើតមានចំនួន ៣០លើក ថយចុះប្រមាណ៣០ភាគរយ បើធៀបនឹងឆ្នាំ២០១៣ ដែលមានរហូតដល់ទៅ ៤៤ លើក។ ក្នុងនោះបទឧក្រិដ្ឋមានចំនួន ២លើក គឺការករណីប្លន់នៅក្នុងខេត្តកំពង់ចាម និងខេត្តតាកែវ។

ករណីប្លន់ក្នុងខេត្តកំពង់ចាម ជនសង្ស័យមានគ្នា ៣នាក់ តែក្រោយធ្វើសកម្មភាពភ្លាមៗ សមត្ថកិច្ច ក៏តាមចាប់បាន ភ្លាមៗផងដែរ។ ដោយឡែកករណីប្លន់នៅក្នុងខេត្តតាកែវ ជនល្មើសមានគ្នា ៤នាក់ តែមិនទាន់ចាប់ខ្លួនបាននៅ ឡើយទេ។

ករណីឃាតកម្មកើតមានចំនួន ៥លើក ថយចុះ ៣លើក បើធៀបឆ្នាំ២០១៣។ ករណីរំលោភសេពសន្ថវៈនៅឆ្នាំ ២០១៤នេះ មានចំនួន ៥លើកផងដែរ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]