សៀមរាប : តាមការគ្រោងទុករបស់ សមាគមចុងភៅកម្ពុជា (Cambodia Chefs’ Association) នំអន្សមយក្ស ដែលមានទម្ងន់ រហូតដល់ ២តោន រួមជាមួយប្រវែង ៥ម៉ែត្រ និងទទឹង ១ម៉ែត្រ បានដឹកនាំដង្ហែរជាក្បួនកាត់តាម ដងវិថី និងតំបន់សំខាន់ៗ ដូចជា មុខសណ្ឋាគារ ស៊ីធីអង្គរ ស្ដុបសុខា តំបន់ផ្សារកណ្ដាល ផ្សារចាស់ តាមមាត់ ស្ទឹង និងស្ពានព្រះរាជដំណាក់ ឆ្ពោះទៅកាន់កន្លែង ដែលត្រូវដាក់តាំងបង្ហាញ ខាងមុខប្រាសាទអង្គរវត្ត សម្រាប់ ចូលរួម ព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត» និងដើម្បីអបអរសាទរ សម្រាប់ពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមីឆស័ក ព.ស ២៥៥៧ ឈានចូល ព.ស ២៥៥៨ ។

នំអន្សមជ្រូកយក្ស និងដែលគេគ្រប់គ្នាបានគិតទុកថា ជានំអន្សមជ្រូក តែមួយគត់ និងជាប្រវត្តិសាស្ត្រសម្រាប់ កម្ពុជា ក៏ដូចជាពិភពលោក នៃការរៀបចំបង្ហាញ នូវនំអន្សមជ្រូកខ្នាត់ធំមួយនេះ ទំនងជាមិនធ្លាប់មានក្នុងប្រវត្តិ សាស្ត្ររបស់មនុស្សជាតិនោះ ត្រូវបានប្រធាន សមាគមចុងភៅកម្ពុជា ដែលគ្រាន់តែអង្ករដំណើប សម្រាប់ ធ្វើនំមួយនេះ មានទម្ងន់ដល់ទៅ ៨០០គីឡូក្រាម ដោយមិនទាន់គិតពីស្នូក សណ្ដែក និងស្នូលសាច់ជ្រូក ព្រមទាំងស្លឹកចេកនៅឡើយនោះ ។

សូមបញ្ជាក់ផងដែរថា នៅក្នុងការដង្ហែរនំអន្សមយក្សនេះ គឺមានការចូលរួមពី លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោកប្រធាន អនុប្រធាន និងសមាជិកសមាគមចុងភៅកម្ពុជា រាប់រយនាក់ និងដោយមានការឈរអប់អរសាទរ និងការផ្ដិតយករូបភាព ពីមហាជន អ្នកដំណោះរ និងភ្ញៀវជាតិ-អន្តរជាតិ រាប់ពាន់នាក់ ដោយម្នាក់ៗបានបង្ហាញនូវក្ដីសប្បាយរីករាយ និងមោទនភាពខ្ពស់ ក្នុងនាមជាកូនខ្មែរ ។

សូមរំលឹកបន្ដិចថា លោក ច័ន្ទ សុភា ដែលជាចុងភៅ ប្រចាំនៅសណ្ឋាគារ វីកតូរីយ៉ា ខេត្តសៀមរាប និងជាសមាជិកនៃគ្រប់គ្រង សមាគមនចុងភៅកម្ពុជា បានបញ្ជាក់ប្រាប់ថា នំអន្សមជ្រូក ដែលត្រូវធ្វើសម្រាប់ បង្ហាញក្នុងឱកាសនោះ នៅខាងមុខ ប្រាសាទ អង្គរវត្ត គឺមានទម្ងន់រហូតដល់ ២តោន និងប្រវែង ៥ម៉ែត្រ ទំហំ ១ម៉ែត្រ ដោយប្រើប្រាស់នូវឆ្នាំង ពិសេសមួយ ព្រមទាំង ប្រើបុគ្គលិកចំនួន ៥១នាក់ សម្រាប់ការធ្វើអន្សមជ្រូកដ៏ធំនេះ គឺត្រូវរក្សាឲ្យបាន នូវរស់ជាតិ និងទ្រង់ទ្រាយដើម ទាំងអស់ ។

លោកបន្តឲ្យដឹងថា សមាគមបានរ៉ៃអង្គាស៍សម្រាប់ការចំណាយ ក្នុងការធ្វើនំអន្សមជ្រូកដ៏ធំ មួយនេះ ដែលចំណាយថរិការ អស់ប្រមាណ ជាង ៧.៥០០ដុល្លារអាមេរិក ។ ហើយបច្ចុប្បន្ន សមាគមចុងភៅកម្ពុជា បានទទូលថវិកាជាបណ្ដើរៗហើយ ជាក់ស្ដែង សណ្ឋាគារ វីកតូរីយ៉ា បានជួយ ឧបត្ថម្ភទឹកប្រាក់ចំនួន ២.០០០ដុល្លារ ក្រៅពីនោះយើងបានទទួលការបរិច្ចាកពីសមាជិកសមាគម ពីប្រតិបត្តិករទេសចរណ៍ និងពីមិត្តភ័ក្រ ព្រមទាំងសប្បុរសជនផងដែរ ។

ហើយក្រុមចុងភៅរបស់លោក កន្លងទៅធ្លាប់បានធ្វើសាកល្បងនូវនំអន្សមជ្រូកខ្នាត់ធំនេះផងដែរ គឺ កន្លងទៅ ធ្វើនំអន្សមជ្រូក ដែលមានទម្ងន់ ២០គីឡូក្រាម ៣០គីឡូក្រាម និង ៥០គីឡូក្រាម រួចរាល់ ដោយរក្សាបាននូវរស់ជាតិ និងទ្រង់ទ្រាយដើមទាំងស្រុង ។ ដោយភាពជោគជ័យ និងការតាំងចិត្តខ្ពស់ របស់ក្រុមស សមាគមចុងភៅកម្ពុជា ទើបពេលនេះ សមាគម អាចធ្វើនំដ៏ធំដូចនេះបាន ដើម្បីចូលរួមបង្ហាញ សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំនេះ ។

លោកបញ្ជាក់ថា នំអន្សមជ្រូកនេះ គឺជាប្រភេទនំ តាមបែបប្រពៃណីយ៍ជាតិខ្មែរយើង តាំងពីបុរាណកាល មកម្លេះ ក្រៅពីការធ្វើនំអន្សម សម្រាប់អាហារ ក្នុងឱកាសបុណ្យទាន សែនព្រេន និងពិធីផ្សេងៗនោះ នំអន្សមត្រូវបានប្រជាពលរដ្ឋខ្មែរ ធ្វើសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីយកទៅវត្តប្រគេនព្រះសង្ឃ ពិធីសែនព្រេន និងសម្រាប់ជូន ញ្ញាតិសណ្ដាន ផងដែរ ។ ចំពោះនំអន្សមជ្រូក ឬ អន្សមខ្លាញ់ ពេលគេវេច ជាទូទៅគឺប្រើស្នូលសណ្តែក លាយសាច់ជ្រូកបីជាន់ និងខ្ចប់ដោយស្លឹកចេក ព្រមទាំងមានចង់ដោយចំណង ផងដែរ ។

សម្រាប់នំអន្សមយក្សមួយនេះ ខាងសមគម ព្រមទាំងស្ថាប័នដែលរៀបចំ ព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត» និងដើម្បីអបអរសាទរ ពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមីឆស័ក ព.ស ២៥៥៨ បានគ្រោងរៀបចំ ឲ្យមានការចុះឈ្មោះ ប្រកួតប្រជែង សម្រាប់ការបរិភោគ នំអន្សមនេះផងដែរ សម្រាប់កំសាន្ដ ហើយអ្នកដែលបរិភោគបានច្រើនជាងគេ នឹងទទួលបានរង្វាន់លើកទឹកចិត្តផងដែរ ។

ហើយនៅពេលខាងមុខ សមាគមចុងភៅ មានបំណងប្រាថ្នាចង់ធ្វើនំអន្សមជ្រូកដ៏ធំប្រភេទនេះ ដើម្បីដាក់ពាក្យ ស្នើសុំចុះក្នុងបញ្ជី កំណត់ត្រាប្លែកៗ ក្នុងសៀវភៅតំណត់ត្រាពិភពលោក (Guinness World Records) តែពេលនេះ យើងមិនទាន់មានលទ្ធភាពនៅឡើយ ដោយសារការចំណាយក្នុងការចុះឈ្មោះ មានតម្លៃ ថ្លៃពេក គឺជុំវិញ ១ម៉ឺន រហូតដល់ជិត ២ម៉ឺន ដុល្លារ តែយើងក៏បានគិតនិងគ្រោង ដាក់ពាក្យស្នើ សុំសម្រាប់ ឆ្នាំ២០១៥ខាងមុខនេះ ដើម្បីភាពល្បី និងរក្សានូវកេរ្ដិ៍តំណែលខ្មែរយើង ផងដែរ ៕














បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]