កំពង់ចាមៈ បន្ទាប់ពីធ្វើការ ស៊ើបអង្កេត អស់រយៈពេលជាង២ខែ នគរបាលក្រុងកំពង់ចាម និងកម្លាំងរក្សា សន្តិសុខផ្ទៃក្នុង ក្រោមការ ចាត់បញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី បែន រ័ត្ន ស្នងការនគរបាលខេត្តកំពង់ចាម បានឈានទៅបង្ក្រាបបទល្មើសគ្រឿងញៀន មួយករណី និងឃាត់ខ្លួនជនស្ស័យ ជាប់ពាក់ព័ន្ធក្នុងបទល្មើសនេះ ចំនួន១៤នាក់ និងរឹបអូសបានថ្នាំញៀនមួយចំនួន កាលពីព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៤ នៅចំណុចក្នុងផ្ទះសំណាក់យីហោ តាពេញចិត្ត ហៅតាស៊ួរ ស្ថិតក្នុងភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

អធិការនគរបាលក្រុងកំពង់ចាម លោក សំ ផាត បានឲ្យដឹងថា ជនជាប់ព័ន្ធក្នុងបទល្មើសគ្រឿងញៀន ដែល សមត្ថកិច្ចឃាត់ខ្លួន មានចំនួន១៤នាក់ ក្នុងនោះ ស្រី៦នាក់ រួមនិងម្ចាស់ ផ្ទះសំណាក់ផងដែរ។

លោកអធិការ បានឲ្យដឹងទៀតថា ក្នុងប្រតិបត្តការបង្ក្រាបបទល្មើសគ្រឿងញៀនខាងលើ សមត្ថកិច្ចយើង បាន ដកហូតបានវត្ថុតាង មានដូចជា ថ្នាំញៀនប្រភេទក្រាមពណ៌ស ចំនួន៤កញ្ចប់ ក្នុងនោះ២កញ្ចប់តូច និងធំ ២កញ្ចប់ រួមទាំងឧបករណ៍ សេពគ្រឿងញៀន មួយចំនួនទៀត។

លោកអធិការបានបញ្ជាក់ឲ្យដឹងដែរថា ផ្ទះសំណាក់ យីហោតាពេញចិត្តនេះ ជាសំបុកអ្នកចែកចាយ និងសេព គ្រឿងញៀនតែម្តង ។ លោកអធិការបានអះអាងថា ក្នុងប្រតិបត្តការចុះបង្ក្រាបនេះ សមត្ថកិច្ចយើង បានឆែកឆេរ គ្រប់បន្ទប់ ហើយក្នុងបន្ទប់ទឹកទាំង២៥បន្ទប់ គឺមានក្លិនថ្នាំញៀន ស្ទើរតែទ្រាំមិនបាន (បានន័យថា គ្រប់បន្ទប់ ទាំងអស់ ក្រុមជនល្មើសបានចាក់ថ្នាំញៀនចោលក្នុងបង្គន់ មុនពេលសមត្ថកិច្ចយើងមកដល់ និងជក់គ្រឿងញៀន គ្រប់បន្ទប់ទឹកទាំងអស់តែម្តង)។

ប្រភពពីមន្ត្រីនគរបាលក្រុងកំពង់ចាម ឲ្យដឹងដែរថា ក្នុងប្រតិបត្តការខាងលើនេះ គឺលោកស្នងការបានចាត់បញ្ជា ឲ្យសមត្ថកិច្ច នគរបាលក្រុងកំពង់ចាម សហការជាមួយកម្លាំងរក្សាសន្តិសុខផ្ទៃក្នុងធ្វើការស៊ើបអង្កេត ទីតាំង ខាងលើ រយៈពេលជាង២ខែមកហើយ ពោលគឺមិនបានប្រើកម្លាំងនគរបាល នៃការិយាល័យប្រឆាំង គ្រឿងញៀន ខេត្តនោះទេ។ ជាក់ស្តែងរយៈពេល ដែលលោកស្នងការ ចូលកាន់តំណែង ជាស្នងការខេត្តកំពង់ចាម ជាង២ខែ មកនេះ ការបង្ក្រាបបទល្មើសគ្រឿងញៀនមានការផុលផុស ដូចជានៅស្រុកមេមត់ .ស្រុកចំការលើ និងក្រុង កំពង់ចាម  និងតាមបណ្តាស្រុកដ៏ទៃទៀត។ ហើយផ្តើមចេញពីការបង្ក្រាបបទល្មើសគ្រឿងញៀននេះ ធ្វើឲ្យ គេមើលឃើញថា បទល្មើសព្រហ្មទណ្ឌក្នុងខេត្តកំពង់ចាម មានការថយចុះ ប្រហែលជា៥០ភាគរយ  ហើយរាល់ បទល្មើសព្រហ្មទណ្ឌ ដែលបានកើតឡើង លោកស្នងការតែងតែចាត់បញ្ជាធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ បានស្ទើរតែគ្រប់ករណីទាំងអស់ផងដែរ។

ទាក់ទិនទៅនិងបទល្មើសគ្រឿងញៀន ដូចដែលសមត្ថកិច្ចបានបង្ក្រាបខាងលើនោះ លោកស្នងការ នគរបាល ខេត្តកំពង់ចាម បានបង្ហើបឲ្យដឹងដែរថា នៅមាន៣កន្លែងទៀត ព្រោះថា ក្រោយពេលសត្ថកិច្ចយើង បានបង្ក្រាប តាមទីសាធារណៈ បទល្មើសនេះ បានបង្វែទិស មកជ្រកតាមផ្ទះសំណាក់ ឬក្លឹបខារ៉ាអូខេ ជាដើម ៕










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]