រតនគិរីៈ គ្រាដែលរដូវ ចូលឆ្នាំប្រណីខ្មែរ នឹងឈានមកដល់នៅថ្ងៃច័ន្ទ សប្តាហ៍ក្រោយនេះ មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ច ពាក់ព័ន្ធ បើកភ្លើងខៀវ ឲ្យក្រុមឈ្មួញដឹកឈើប្រណីត និងឈើគ្រញូង ទៅប្រទេសវៀតណាមដោយសេរី។

យោងតាម សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ រស់នៅអមសងខាងផ្លូវជាតិលេខ៧៨ ចាប់ពីទីរួមក្រុងបានលុង ដល់ព្រំដែន ប្រទេសវៀតណាម ប្រាប់ឲ្យដឹងថា ជារៀងរាល់ថ្ងៃ ពិសេសនៅពេលយប់មានរថយន្តស៊េរីទំនើបៗ ដូចជាធុនត្រា ឡង់គ្រីស័រ លុច្សស៊ីស សាំយ៉ុង កាមរី បាឡែន ប្រមាណ១០០គ្រឿង សម្រុកដឹកឈើប្រណីត និងឈើគ្រញូង ឆ្ពោះទៅកាន់ប្រទេស វៀតណាម។

យោងតាម សមត្ថកិច្ចតូចទាបម្នាក់ សូមមិនបញ្ចេញឈ្មោះ ប្រចាំការផ្លូវជាតិលេខ៧៨ ចាប់ពីទីរួមក្រុងបានលុង រហូតដល់ ព្រំដែនប្រទេសវៀតណាម ហើយពុំសូវទទួលផលប្រយោជន៍ ពីក្រុមឈ្មួញប្រាប់ឲ្យដឹងថា ឈើប្រណីត និងឈើគ្រញូង ចរាចរដោយធូររលូនបែបនេះ ដោយសារក្រុមឈ្មួញ ប្រើប្រាស់អំណាចទឹកលុយ ទាក់ទាញទឹកចិត្តក្រុមសមត្ថកិច្ច ទាំងនោះ ស៊ីប្រាក់ខែរដ្ឋ ប៉ុន្តែមិនបម្រើការងារ ជូនប្រទេសជាតិ និងប្រជាពលរដ្ឋ ជាពិសេសជាងនេះទៅទៀត គឺអនុវត្តការងារផ្គើន នឹងបទបញ្ជា ប្រមុខរាជរដ្ឋាភិបាល ឲ្យសមត្ថកិច្ចទាំងអស់ ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូនឈើខុសច្បាប់។

ប្រភពព័ត៌មានខាងលើ បន្តឲ្យដឹងទៀតថា ក្រុមឈ្មួញដឹកជញ្ជូនឈើប្រណីត និងឈើគ្រញូងសព្វថ្ងៃ ចេញតាមច្រកទ្វារ អន្តរជាតិអូរយ៉ាដាវ ច្រករបៀង លេខ១៩ និងច្រករបៀងភូមិភិ ជាដើម។

ប្រភពព័ត៌មានផ្សេងទៀត បានបង្ហើបប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ថា ក្រុមឈ្មួញរកស៊ីឈើប្រណីត និងឈើគ្រញូង ទៅប្រទេសវៀតណាម ភាគច្រើនជាសមត្ថកិច្ចតែម្តង ជាមួយគ្នានឹងសកម្មភាព ក្រុមឈ្មួញដឹកឈើប្រណីតគ្រញូង ដោយ គ្មានការទប់ស្កាត់នេះដែរ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល មិនអាចសុំការបំភ្លឺណាមួយ ពីក្រុមសមត្ថកិច្ចទាំងនោះបានទេ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៤ នេះ។

មជ្ឈដ្ឋានប្រជាពលរដ្ឋ ក្នុងខេត្តរតនគិរី សូមអំពាវនាវដល់ប្រមុខរាជរដ្ឋាភិបាល និងសមត្ថកិច្ចថ្នាក់លើ មេត្តាចាត់វិធានការ ជំនួញឈើនេះផង៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]