ខ្មែរឡូត មានភាពជឿជាក់ថា ប្រិយមិត្តប្រាកដ ជាអ្នកដែលនិយមចូលចិត្តពិសារបឺហ្គឺ មួយរូបមិនខាន ទើបអាចមានចំណាប់អារម្មណ៍ ចូលមកកាន់អត្ថបទមួយនេះ ដែលបន្តិចទៀត ប្រិយមិត្តនឹងបានដឹង ពីរឿងរ៉ាវ និង ដំណើរដើមទង របស់បឺហ្គឺ មានរសជាតិដើមឆ្ងាញ់ ពីអាមេរិក នៅហាងបឺហ្គឺល្បីមួយកន្លែង ក្នុងរាជធានីភ្នំពេញ ដែលខ្មែរឡូត នឹងធ្វើការ ចែករំលែក នូវបទពិសោធន៍ ក៏ដូចជាប្រវត្តិ របស់ហាងមួយនេះ ជូនដល់ប្រិយមិត្ត បានជ្រាបទាំងអស់គ្នា។

មានអ្នកខ្លះក៏បានស្គាល់ ឯអ្នកខ្លះទៀតក៏មិនទាន់បានស្គាល់ នូវហាងបឺហ្គឺមួយនេះ ដែលមានឈ្មោះថា Mike’s Burger House ហើយដែលហាងនេះផងដែរ គេបានល្បីប្រាប់តៗគ្នាថា បឺហ្គឺនៅទីនោះ មានរសជាតិឆ្ងាញ់ពិសារ ទៅតាមបែបបឺហ្គឺ របស់សហរដ្ឋអាមេរិក។

អាស្រ័យលើ ការចាប់អារម្មណ៍ពីសំណាក់ ភ្ញៀវជាច្រើន ទាំងខ្មែរ និង បរទេស ដែលតែងសរសើរ ពីស្នាដៃចម្អិនបឺហ្គឺ របស់ហាងមួយនេះហើយ ទើបខ្មែរឡូត សំរេច សុំការអនុញ្ញាតិ ពីម្ចាស់ហាង ចុះទៅធ្វើការសម្ភាស៍តែម្តង ដើម្បីចែករំលែកដល់ ប្រិយមិត្តខ្មែរឡូត បានស្គាល់។ ព្រោះថា ខ្មែរឡូត តែងតែខិតខំប្រឹងប្រែង ស្វែងរកនូវអ្វីដែលថ្មី ដែលប្លែក និង គួរឲ្យចាប់អារម្មណ៍ សំរាប់ប្រិយមិត្តរបស់ខ្លួន។

ដូច្នេះ សូមប្រិយមិត្ត ធ្វើការតាមដានកំសាន្ត នូវអត្ថបទខាងក្រោម ជាមួយខ្មែរឡូត ទាំងអស់គ្នា៖

ជួបជាមួយ បងស្រី បុរី ជាម្ចាស់ហាង Mike’s Burger House គាត់បានចំណាយពេលវេលា ដ៏មានតម្លៃ ផ្តល់បទសម្ភាស៍ជាមួយ ក្រុមការងារខ្មែរឡូត ដោយបានរៀបរាប់ឲ្យដឹងថា នៅពេលដំបូងឡើយ រូបគាត់ រួមជាមួយនឹង ស្វាមី លោក ម៉ៃ ចិន្តា មិនធ្លាប់ដែលនឹកគិតថា មានបំណងចង់បើកហាង លក់បឺហ្គឺនោះទេ តែដោយសារ ការឆ្លងកាត់នូវរឿងរ៉ាវជាច្រើន ដែលអ្វីៗវាបានបង្រៀនគាត់ ជារៀងរាល់ថ្ងៃ ទើបធ្វើឲ្យ គ្រប់យ៉ាងក្លាយជាការពិត រហូតធ្វើឲ្យគាត់ទទួលបានជោគជ័យ ក្នុងជំនួញបើកហាងលក់ បឺហ្គឺនេះ។

តើមានរឿងហេតុអ្វីខ្លះ ដែលនាំឲ្យគាត់សំរេចចិត្ត បើកហាងលក់បឺហ្គឺយ៉ាងដូច្នេះ?



រំលឹកដល់គ្រាដំបូង

ស្វាមីរបស់បងស្រី ធ្លាប់បានឆ្លងកាត់សម័យប៉ុលពត តែដោយសារតែអាយុថ្លៃ គាត់អាចនៅរស់រានមានជីវិត ហើយលុះដល់ឆ្នាំ ១៩៨២ ក៏មានសំណាង បានទៅរស់នៅ សហរដ្ឋអាមេរិក។ ទៅដល់ទីនោះ គាត់មានឱកាសបានចូលធ្វើការជាប់លាប់ នៅស្ថានីយប្រៃសនីយ៍ មួយកន្លែង អស់រយៈពេល ដល់ទៅ ២២ឆ្នាំ ទើបសំរេចលាឈប់ ព្រោះតែគាត់ មានបំណង ចង់បើកហាងលក់ទំនិញផ្ទាល់ខ្លួនមួយ ដែលរូបគាត់បាន ដាក់ឈ្មោះឲ្យថា M Famous។ ក្រោយមកប្តីបងស្រី បានត្រឡប់មកស្រុកខ្មែរវិញ និង បានជួបជាមួយនឹងបងស្រី រួចក៏បានរៀបការជាមួយគ្នា ក្នុងឆ្នាំ ២០០៧ តែពេលនោះ ប្តីរបស់គាត់ ត្រូវវិលត្រឡប់ ទៅកាន់អាមេរិកវិញសិន ក្រោយពីរៀបការរួច។

ការចាប់ផ្តើមគំនិតបើកហាងដំបូង តែមិនទាន់ជាហាងបឺហ្គឺនៅឡើយ

ក្រោយពីប្តីរបស់បងស្រី ត្រឡប់មកស្រុកខ្មែរវិញ និងថែមទាំងបានលក់ហាងនៅអាមេរិក រួចរាល់ហើយនោះ ពួកគាត់បានមករស់នៅ ទីក្រុងភ្នំពេញវិញ ដោយបានទិញផ្ទះមួយខ្នង នៅជិតព្រលានយន្តហោះភ្នំពេញ។ បន្ទាប់ពីទិញផ្ទះរួច ពួកគាត់បានអស់ប្រាក់ពីខ្លួន ហើយណាមួយនៅទីក្រុង ត្រូវការចំណាយច្រើនទៀតនោះ ទើបហេតុនេះ បងស្រី ក៏មានគំនិតមួយ និងបានសុំប្តី ដើម្បីបើកហាង សំរាប់រកចំណូល ទប់ទល់ នឹងការចំណាយច្រើន ដែលត្រូវប្រឈមមុខ។ ម្យ៉ាងទៀត បងស្រី គាត់ក៏អផ្សុកមិនដឹងថា ធ្វើអ្វីនោះដែរ ព្រោះតែកាលនៅខេត្ត បងស្រីធ្លាប់តែធ្វើកិច្ចការផ្សេងៗ រវល់ជាប់រហូត មិនថាកិច្ចការផ្ទះ ឬ របររកស៊ីលក់ដូរ នោះទេ។ ហេតុនេះហើយ នៅខែសីហា ឆ្នាំ២០០៨ ពួកគាត់ បានសំរេចបើកហាងរបស់ខ្លួនមួយ ដែលហាងនេះដែរ គាត់បានទិញត ពីហាង USA Donut ដែលមានលក្ខណៈជា Star Mart ស្ថិតនៅក្នុងស្ថានីយ៍ ប្រេងឥន្ធនៈ Sokimex សាខា តំបន់ស្ពានអាកាសសព្វថ្ងៃ។ ក្រោយមក គាត់ក៏ចេះតែពង្រីកបន្តទៀត ដោយបន្ថែម ការលក់កាហ្វេ និង មានលក់បាយម្ហូប ជាដើម ហើយមានភ្ញៀវ តែងចូលមកញ៉ាំ ជាបន្តបន្ទាប់ រួមមានទាំងសាសន៍គេ ដែលកាន់សាសនាគ្រិស្ត និយមជិះកង់នោះ ក៏តែងតែឈប់ មកចូលញ៉ាំបាយ នៅហាងរបស់គាត់ ផងដែរ។

ពេលវេលាកន្លងផុតទៅ ដល់ពេលដែលត្រូវត្រឡប់ទៅអាមេរិកវិញ ដើម្បីចុះអេតាស៊ីវិល

លុះដល់ខែកុម្ភៈ ឆ្នាំ២០០៩ ប្តីរបស់បងស្រី បាននាំគាត់ទៅកាន់ទឹកដីអាមេរិក ដើម្បីចុះអេតាស៊ីវិលនៅទីនោះ ដោយបន្សល់ទុកហាង ឲ្យបងប្អូននៅស្រុកខ្មែរ ជួយមើលការខុសត្រូវជំនួស មួយរយៈពេលសិន។ រយៈពេល ១ខែ រស់នៅលើទឹកដីអាមេរិក ប្តីរបស់បងស្រី តែងតែនាំទៅញ៉ាំ បឺហ្គឺជាញឹកញាប់ ប៉ុន្តែដោយសារ មិនទាន់ទម្លាប់ នឹងអាហារស្រុកគេ គាត់ក៏មិនទាន់ ចេះញ៉ាំបឺហ្គឺនៅឡើយ។ លុះដល់សប្តាហ៍ទី២ ទើបគាត់ចេះញ៉ាំ ព្រមទាំងបានទៅញ៉ាំ នៅហាងបឺហ្គឺ ជាច្រើនសិបកន្លែង និងមានការជាប់ចិត្ត នឹងរសជាតិ បឺហ្គឺនៅទីនោះជាខ្លាំង។

ចេះញ៉ាំបឺហ្គឺនៅស្រុកអាមេរិក លុះមកញ៉ាំបឺហ្គឺស្រុកខ្មែរមិនត្រូវមាត់ ចាប់ផ្តើមបែកគំនិតចម្អិនបឺហ្គឺខ្លួនឯង

ត្រឡប់មកដល់ស្រុកខ្មែរវិញ បងស្រី មានការនឹកនា ឃ្លានចង់ញ៉ាំបឺហ្គឺជាខ្លាំង ក៏បានចំណាយពេល ១ខែពេញ ចូលទៅទិញបឺហ្គឺ នៅគ្រប់ហាងទាំងអស់ ដែលអាចរកបាន ក្នុងទីក្រុងភ្នំពេញ មិនថាហាងតូច ឬ ធំ មានស្លាកយីហោ ឬ ក្រោមឆ័ត្រ នោះទេ គឺគាត់សាកទាំងអស់។ តែទីបំផុត នៅតែមិនអាចរកបាន បឺហ្គឺដែលឆ្ងាញ់ ត្រូវចិត្តដែលគាត់ចង់ញ៉ាំ ដូចនៅស្រុកអាមេរិក ទាល់តែសោះ។ ហេតុនេះហើយ ប្តីរបស់បងស្រី ដែលជាមនុស្សចូលចិត្តធ្វើម្ហូបស្រាប់ផងនោះ ក៏បានសំរេចចិត្ត បង្រៀនដល់គាត់ ឲ្យចេះធ្វើបឺហ្គឺ ដើម្បីអាចទទួលបានបឺហ្គឺ ដែលមាន រសជាតិឆ្ងាញ់ ត្រូវមាត់។ បងស្រី បានរៀនពីប្តី នូវវិធីលាយគ្រឿង វិធីរើសនំប៉័ង រើសសាច់ និង បន្លែជាដើម សំរាប់យកមក ធ្វើចម្អិនដោយខ្លួនឯង។ បន្ទាប់ពីចម្អិនបានបឺហ្គឺរួច និង ញ៉ាំទៅយល់ថា មានរសជាតិឆ្ងាញ់ត្រូវចិត្តហើយនោះ គាត់ក៏បានសួរប្តីថា តើអាចដាក់លក់បានឬទេ? ក្រោយពេលពិចារណាលើគំនិតនេះរួច ពួកគាត់ក៏សំរេចសាកល្បងមើល ដោយមុនដំបូង គ្រាន់តែធ្វើសំរាប់ ឲ្យភ្ញៀវ ភ្លក់សាកមើលប៉ុណ្ណោះ។ ទីបំផុត គាត់បានសំរេចចិត្ត បន្ថែមមុខម្ហូបបឺហ្គឺនេះ ចូលទៅក្នុងហាងសំរាប់លក់ ក្រោយពី ទទួលបានការ សរសើរពីពួកបរទេសរួចមកថា ឆ្ងាញ់ អាចលក់បាន។

ទីបំផុត អាចឈរជើងនឹង ព្រមទាំងចាប់ផ្តើមល្បីជាបន្តបន្ទាប់ និងបានផ្លាស់ប្តូរហាងថ្មី

មានពេលមួយ គាត់ធ្លាប់បានមានគំនិត ថាបិទហាងទៅហើយ ព្រោះតែចំណូលដែលរកបាន តិចជាងការចំណាយ រួមទាំង ការខាតបង់ផ្សេងៗ ប្រចាំខែផងនោះ។ តែអ្វីៗ បានផ្លាស់ប្តូរគំនិត របស់គាត់ ពីការលក់ហាង មកបើកលក់ជាបន្តទៀត ក្រោយទទួលបាន ជោគជ័យ ពីការលក់បឺហ្គឺនេះ។ គាត់បានផ្លាស់ប្តូរឈ្មោះហាង ពី USA Donut មកជា Mike’s Burger House វិញ។ ដំបូងឡើយ គាត់មិនមានបំណង ចង់ដាក់ឈ្មោះនេះនោះទេ គឺចង់ដាក់ថា USA Burger តែដោយសារមានភ្ញៀវបរទេស ផ្តល់ជាគំនិតឲ្យ ក៏ដាក់ថា Mike’s Burger នេះតែម្តងទៅ ព្រោះភ្ញៀវបរទេស តែងប្រាប់គ្នារបស់ពួកគេថា ទៅញ៉ាំបឺហ្គឺនៅហាង Mike ដែលឈ្មោះ Mike នេះដែរ ជាឈ្មោះភាសាអង់គ្លេស របស់ប្តីគាត់ផ្ទាល់តែម្តង។

លុះដល់ ខែ១០ ឆ្នាំ២០១០ មានកាសែតមួយ បានធ្វើការចុះផ្សាយជាលើកដំបូង អំពីហាងរបស់គាត់ ទើបបានជាពេលនោះមក ហាង Mike’s Burger House ចាប់ផ្តើមល្បី មានអ្នកស្គាល់ជាបន្តបន្ទាប់ កាន់តែច្រើន។ យ៉ាងណាមិញ ដល់ឆ្នាំ ២០១១ ចំនួនភ្ញៀវ មានការកើនឡើង កាន់តែច្រើន ចំណែកឯហាងដ៏តូចរបស់គាត់មិនអាច ផ្ទុកចំនួនភ្ញៀវ បានច្រើននោះទេ និងម្យ៉ាងទៀត ទីនោះ ក៏គេចាប់ផ្តើម សាងសង់ ស្ពានអាកាស ជាហេតុធ្វើឲ្យមានដីហ៊ុយ និង មានការពិបាក ក្នុងការធ្វើដំណើរ មកកាន់ហាងទៀតផង។ ទើបហេតុនេះហើយ គាត់ក៏បានសំរេចចិត្ត ផ្លាស់ប្តូរហាងពីសាខា Sokimex ស្ពានអាកាស មកកាន់ សាខា Sokimex ជិតសាលាតិចណូ ផ្លូវសហព័ន្ធរុស្ស៊ី ដែលជាទីតាំងហាង សព្វថ្ងៃនេះវិញ។

តើគោលការណ៍អ្វីខ្លះ ទើបបានជាហាងរបស់គាត់ ទទួលបានការគាំទ្រ យ៉ាងដូច្នេះ?

Mike’s Burger House ត្រូវបានមើលការខុសត្រូវ និង គ្រប់គ្រងដំណើរការជាប្រចាំ ដោយម្ចាស់ហាង ផ្ទាល់តែម្តង ដើម្បីធានាឲ្យបាន នូវការពេញចិត្ត ១០០ភាគរយ ពីសំណាក់ភ្ញៀវរបស់ខ្លួន ដែលបានអញ្ជើញមក ដោយក្នុងនោះ ផ្តល់ជូននូវការចម្អិន យ៉ាងយកចិត្តទុកដាក់ និង អនាម័យខ្ពស់បំផុត ព្រមទាំងផ្តល់សេវាកម្មល្អ រហ័សទាន់ចិត្ត។









លក្ខណៈពិសេស របស់ បឺហ្គឺ នៅហាង Mike’s Burger House

ដើម្បីទទួលបានបទពិសោធន៍ ទទួលទានបឺហ្គឺដែលឆ្ងាញ់បាន ហាង Mike’s Burger House យកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការជ្រើសរើស នំប៉័ង សាច់ បន្លែ និង គ្រឿងផ្សំ ដែលមាន គុណភាពខ្ពស់។ ដូចជានំប៉័ង ម្ចាស់ហាង កុម្ម៉ង់ឲ្យគេធ្វើដោយផ្ទាល់។ ជ្រើសរើសសាច់ ដែលស្រស់ៗ យកមកកិនធ្វើខ្លួនឯង។ ជ្រើសយកបន្លែ ប៉េងបោះ និង សាឡាត់ ដែលមានគុណភាពល្អបំផុត ហើយចំពោះគ្រឿងផ្សំវិញ គឺបង្កើត និង ធ្វើឡើង ដោយខ្លួនឯងផ្ទាល់តែម្តង។

 

ហាង Mike’s Burger House ជាហាងលក់បឺហ្គឺ រសជាតិរបស់អាមេរិក ដែលបើកដោយ លោក ម៉ៃ ចិន្តា ជាកូនខ្មែរ រស់នៅសហរដ្ឋអាមេរិក។ ហាងរបស់លោក ធ្លាប់ត្រូវបានសារព័ត៌មាន បរទេសល្បីៗ មួយចំនួន ធ្វើការចុះផ្សាយ ថែមទៀតផង ហើយមិនត្រឹមតែប៉ុណ្ណោះ លោកអគ្គរាជទូតអាមេរិក ប្រចាំកម្ពុជា ក៏បានកោតសរសើរ និង សរសេរអត្ថបទផ្សាយអំពី ហាងរបស់លោក ផងដែរ។

ទីតាំង និង ម៉ោងបើក

Mike’s Burger House មានទីតាំងស្ថិតនៅតាមបណ្តាយមហាវិថី សហព័ន្ធរុស្ស៊ី ខាងក្នុងទីធ្លា ហ្គារ៉ាស់សាំង Sokimex ជិតសាលាតិចណូ (ITC)។ បើកជារៀងរាល់ថ្ងៃ ច័ន្ទ ដល់ អាទិត្យ ចាប់ពីវេលាម៉ោង ៩ព្រឹក រហូតដល់ ម៉ោង ១០យប់។ លេខទូរស័ព្ទ៖ ០១២ ៦៣៣ ៩៧១ ឬ ០៦៩ ៥៥៦ ៦៧១ ។



វីដេអូឃ្លីបបង្ហាញពីសកម្មភាព ក្នុងពេលសម្ភាស៍របស់ក្រុមការងារខ្មែរឡូត៖

វីដេអូបង្ហាញពីទិដ្ឋភាពទូទៅ ក្នុងហាង Mike's Burger House៖

ដោយ សី & និកា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]