រាជធានីភ្នំពេញ ៖ បុរសម្នាក់បានប្រើហ្វេសប៊ុករបស់ខ្លួន សរសេររិះគន់តារាចម្រៀង ផលិតកម្មហង្សមាស នាងពេជ្រ សោភា ពីរឿងបង្កើតមូលនិធិមួយ ដើម្បីស្វែងរកប្រាក់ ជួយដល់ប្រជាពលរដ្ឋ ដែលបានរងគ្រោះដោយទឹកជំនន់។ ការរិះគន់របស់បុរសនោះ បន្ទាប់ពីនាងពេជ្រ សោភា បង្កើតមូលនិធិមួយឈ្មោះ «ខ្មែរជុំវិញពិភពលោក» ដែលនាងអះអាងថា មូលនិធិនេះ មិនសំដៅលើឈ្មោះអ្នកណាម្នាក់ឡើយ ។

នាងថា រើសយកឈ្មោះមួយនេះ ព្រោះមូលនិធិកើតឡើង ពីការចូលរួមរបស់ខ្មែរទាំងអស់គ្នា ជុំវិញពិភពលោក ដើម្បីជួយដល់ពលរដ្ឋខ្មែរក្រីក្រ និងរងគ្រោះក្នុងប្រទេសកម្ពុជា ដូចនេះឈ្មោះនេះជារបស់ទាំងអស់គ្នា ដែលបានចូលរួម ខ្មែរជួយខ្មែរ ។ បុរសដែលប្រើប្រាស់ឈ្មោះ នៅក្នុងហ្វេសប៊ុកថា Sothea Alex បានសរសេររិះគន់យ៉ាងចាស់ដៃ ដល់តារាចម្រៀងពេជ្រ សោភា ថា «តើគណនីភាព និងតម្លាភាពស្ថិតនៅកម្រិតណាដែរ? សូមជម្រាបសួរសោភាថា នេះជារបៀបរកលុយ ដោយមិនចាំបាច់ចំណាយកម្លាំង ? បើខ្ញុំជាសោភា ខ្ញុំមិនជោរយ៉ាងនេះទេ តែខ្ញុំនឹងដាក់ពាក្យធ្វើជាទូតសុច្ឆនៈស្ ម័គ្រចិត្តកាកបាទក្រហមកម្ពុជាវិញ ព្រោះវាមើលទៅសមរម្យជាង»។

បុរសនោះសរសេរចំអកទៀតថា «តារាមួយចំនួនព្យាយាមរកប្រាក់ចំណូល តាមរបៀបផ្សេងគ្នា នៅពេលដែលពួកគេអស់ប្រជាប្រិយភាព ប៉ុន្តែប្រាក់ចំណូលនោះ អាចចូលស្រួលបានទេ នៅពេលដែលពួកតារាទាំងនោះ រៀនទាំងមិនទាន់ចប់មធ្យមសិក្សាផងនោះ? ណ្ហើយសោភាអើយ! ឈប់គិតពីមូលនិធិរកប្រាក់នេះទៅ ព្រោះវាមិនបានយូរអង្វែងទេ ហើយស្រួលមិនស្រួល ការគ្រប់គ្រងមិនមានតុល្យភាព និងធូររលុងដោយសារអសមត្ថភាព ចាត់ចែងថវិកាមូលនិធិទៀតនោះ គឺអាចចូលដេកគុកបានផងដែរ» ។

ឆ្លើយតបការរិះគន់នោះ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស នាងពេជ្រ សោភាបានសរសេរបកស្រាយ ដោយខ្លីនៅក្នុងទំព័រហ្វេសប៊ុករបស់នាងថា «សម្រាប់មនុស្សដូចអ្នកមិនអាចនិយាយគ្នាបានទេ ព្រោះអ្នកជាមនុស្សចូលចិត្តដើរបោកគេ ហើយយកលុយដាក់ហោប៉ៅខ្លួនឯង ។ ខ្ញុំខ្មែរត្រូវការជួយខ្មែរ អ្នកឯងមានគំនិតដូចដូនជីហ្វេសប៊ុក នេះហើយជាមនុស្សមិនចង់ឱ្យខ្មែររស់» ។

ឆ្លើយតបចំពោះការរិះគន់ថា តារាមួយចំនួនមិនបានរៀនសូត្រ បានខ្ពង់ខ្ពស់នោះ ពេជ្រ សោភា បានសរសេរថា «កើតជាមនុស្ស អ្នកណាមិនចង់រៀនច្រើន ។ បងប្រុសដឹងទេ កាលនៅក្មេងខ្ញុំតែងលួចរៀនក្រៅសាលារាល់ថ្ងៃ ព្រោះតែភាពក្រនៃគ្រួសារ ទើបខ្ញុំមិនបានរៀនចប់ដូចជាបង ។ អរគុណបងប្រុស» ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា