ខណៈដែលសេចក្តីស្លាប់ របស់មនុស្ស មិនអាចចរចារ ឬ តថ្លៃ និង មិនអាចមើលដឹងមុន បាននោះ មនុស្សគ្រប់រូបគួរតែ ប្រើប្រាស់ពេលវេលា ដែលខ្លួនមានអោយបានល្អប្រសើរ ព្រោះថារយៈពេល មួយថ្ងៃៗ ពិតជាមានតម្លៃខ្លាំងណាស់ ហើយវាក៏មិនអាច ត្រឡប់បកក្រោយវិញ បាននោះដែរ។

យ៉ាងណាមិញ ស្រាប់តែពេលថ្មីៗនេះ គេហទំព័រ ដេលីម៉េល របស់អង់គ្លេស បានធ្វើការ ចុះផ្សាយអំពីផលិតផលនាឡិកាដៃមួយប្រភេទ ដែលមានលក្ខណៈ ពិសេសខុសពី នាឡិកាទាំងឡាយ ដោយវាមានសមត្ថភាព ក្នុងការទាយដឹងនូវរយៈពេល ដែលមនុស្ស អាចរស់បាន យូរប៉ុន្មានទៅមុខទៀត។ នាឡិកានេះ ត្រូវបានគេឲ្យឈ្មោះថា Tikker ហើយមុនពេល ទិញយកទៅនោះ អ្នកប្រើប្រាស់ ត្រូវតម្រូវអោយបំពេញ ព័ត៌មានផ្សេងៗ ទាក់ទងនឹងប្រវត្តិជម្ងឺ ក៏ដូចជាសុខភាពរបស់ខ្លួន អោយបានលម្អិត ជាមុនសិន។ នៅក្នុងនោះ មានការសួរអំពី បញ្ហាជាច្រើន មិនថាការជក់បារី ការផឹកស្រា ប្រវត្តិជម្ងឺផ្សេងៗ របស់អ្នកប្រើប្រាស់ និង គ្រួសាររបស់ពួកគេ ហើយធ្លាប់បាន ធ្វើលំហាត់ប្រាណ បានច្រើន ប៉ុណ្ណាដែរ ជាដើម -ល- ។ បន្ទាប់មក ចម្លើយរបស់ពួកគេនឹងត្រូវយកទៅវាយតម្លៃ ចេញជាពិន្ទុ ហើយទើបយកពិន្ទុនោះ មកបូកសរុប ចេញជាលទ្ធផល នៃអាយុ របស់អ្នកប្រើប្រាស់ និង បញ្ជូលទៅលើអេក្រង់នាឡិកាដៃតែម្តង ដោយក្នុងនោះផងដែរ ជួរលើគេបំផុត បង្ហាញពីចំនួន ឆ្នាំ ខែ ថ្ងៃ នៃអាយុដែលនៅសល់ រីឯជួរកណ្តាលបង្ហាញពី ចំនួន ម៉ោង នាទី វិនាទី នៃអាយុ ចំណែកឯជួរក្រោមគេ បង្ហាញពីម៉ោងក្នុងតំបន់ របស់អ្នកប្រើប្រាស់រស់នៅ។

តាមការឲ្យដឹង ពីប្រភពព័ត៌មាន នាឡិកាដៃ Tikker Kickstarter នេះ មានតម្លៃ ៥៩ដុល្លារអាមេរិក ហើយនឹងបើកអោយបញ្ជាទិញបាន នាខែមេសា ឆ្នាំ២០១៤ ខាងមុខនេះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះផលិតផលមួយនេះ?



ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]