រាជធានីភ្នំពេញ ៖ អស់រយៈពេលជាង១០ឆ្នាំមកហើយ ដែលអតីតតារាចម្រៀងដ៏ល្បីល្បាញ ក្នុងប្រទេសកម្ពុជា នាង ទូច ស៊ុននិច បានសម្រាកព្យាបាលជំងឺនៅសហរដ្ឋអាមេរិក ក្រោយពីទទួលរងការបាញ់ប្រហារ យ៉ាងសាហាវ ដោយបានសម្លាប់ម្តាយរបស់នាង កាលពីអំឡុងឆ្នាំ២០០៣។ បើទោះបីជារយៈកាលកន្លងទៅជាង១០ឆ្នាំមកហើយក្តី អាការជំងឺរបស់នាងនៅមិនអាចវិលមកកាន់ សភាពដើមដដែល ពោលគឺនាងបានត្រឹមអង្គុយលើរទេះរុញ និងមិនអាចកំរើកដៃ ជើងបាន ដោយសម្រាកក្នុងបន្ទប់ក្រោមការ មើលថែពីក្រុមគ្រួសារ ដោយរង់ចាំក្តីរំពឹងថា នៅថ្ងៃណាមួយក្រុមគ្រូពេទ្យអាមេរិក នឹងអាចស្វែងរកថ្នាំព្យាបាលនាង ឱ្យបានជាសះស្បើយ។

ទោះជាយ៉ាងណាក៏ដោយ បើទោះជារឿងរ៉ាវបាញ់ប្រហារគ្មាន ត្រាប្រណីមកលើរូបនាងបានកន្លង ផុតទៅជាច្រើនឆ្នាំក៏ដោយ ហើយពេលនេះនាងកំពុងរស់នៅ សហរដ្ឋអាមេរិកក៏ពិតមែន ប៉ុន្តែសុវត្ថិភាពសម្រាប់អតីតតារាចម្រៀងរូប នេះនៅតែមានការប្រុងប្រយ័ត្នខ្ពស់ដដែល ។ បើតាមការឱ្យដឹងពីតារាចម្រៀងលោកសុះ ម៉ាច ដែលបានចុះទៅសួរសុខទុក្ខនាង ទូច ស៊ុននិច ដោយផ្ទាល់ ខណៈពេលដែលលោកចេញទៅសម្តែង នៅអាមេរិកកាលពីពេលថ្មីៗនេះបានឱ្យដឹងថា ទូច ស៊ុននិច កំពុងរស់នៅក្នុងស្រុក Sacramento រដ្ឋ California សហរដ្ឋអាមេរិក។

លោកបន្តថា តាមការពិនិត្យស្ថានភាព អការជំងឺរបស់ទូច ស៊ុននិច នាពេលនេះនាងនៅតែមាន អការធម្មតាពុំមានអ្វីប្លែកឡើយ ដោយពេលនេះនាងនៅតែអង្គុយនៅ លើកៅអីរុញដដែល ចំណែកដៃជើងមិនអាចកំរើក បាននៅឡើយ។ នាង ទូច ស៊ុននិច នៅតែបង្ហាញពីក្តីសង្ឃឹមបន្តជីវិតរស់ដោយក្តី រំពឹងលើក្រុមគ្រូពេទ្យសហរដ្ឋអាមេរិក ដែលអាចស្រាវជ្រាវស្វែងរកថ្នាំមកព្យាបាលជំងឺរបស់នាង៕



បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]