ជនបរទេស បង្កសម្លេងរំខានពេលយប់ ត្រូវបានប្រជាជនជះទឹកដាក់ សើមជោក
ព្រហស្បតិ៍ ២១ មីនា, ២០១៣ ម៉ោង ១៤:២៧យោងទៅតាមសារព័ត៌មានអង់គ្លេស Daily Telegraph បានឲ្យដឹងថា ផ្លូវ យុងខាង ក្នុងទីក្រុង សៀងហៃ មានជនបរទេស ប្រមាណ ២០០នាក់ តែងតែមកជួបជុំគ្នា ជារៀងរាល់យប់ ដើម្បីកំសាន្តសប្បាយនៅទីនោះ តែកាលពីពេលថ្មីៗនេះ ពួកគេត្រូវបាន ប្រជាជនរស់នៅក្នុងតំបន់នោះ ជះទឹកដាក់ បណ្តាលអោយសើមជោក ព្រោះតែមានការខឹងសម្បា នឹងសម្លេងរំខាន មិនអាចដេកបាន នៅពេលយប់។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ទីនោះ ជាទីតាំង បា ដែលសល់តាំងពីសម័យបារាំង មកម្ល៉េះ ប៉ុន្តែនៅតែមានមនុស្ស មកកំសាន្ត យ៉ាងច្រើនកុះករ ហើយភាគច្រើន សុទ្ធសឹងជា ជនបរទេស មកពីបណ្តាប្រទេសនៅ អ៊ឺរ៉ុប តែម្តង។ ទោះជាយ៉ាងណា នៅថ្ងៃកើតហេតុ អ្នកថតរូបម្នាក់ ឈ្មោះ Michael Ashford អាយុ ២៨ឆ្នាំ គាត់បានរៀបរាប់អោយដឹងថា នៅយប់នោះ ពិតជាមានមនុស្សច្រើនខ្លាំងណាស់ ដែលភាគច្រើន សុទ្ធសឹងតែមិនមែន ជាជនជាតិចិនឡើយ។ អ្នកនៅទីនោះ បាននាំគ្នាចេញពីក្នុងបា ហើយឈរនៅតាមដងផ្លូវពេញតែម្តង ហើយពិតជាមានសម្លេង អ៊ូអ៊រ ណាស់ ដែលក្នុងពេលនោះដែរ គាត់ក៏បានឃើញ នៅជ្រុងម្ខាង មានសកម្មភាពមនុស្ស នៅផ្ទះជាន់ខាងលើ ហើយក៏ស្រាប់តែ លឺសម្លេងទឹកធ្លាក់ប្រាវ យ៉ាងខ្លាំង ធ្វើអោយជនបរទេសមួយចំនួន សើមជោក តែម្តង។ គាត់បានបន្ថែមទៀតថា គាត់ក៏មិនច្បាស់ដែរ ថានោះជាទឹកត្រជាក់ ឬ ក៏ជាទឹកអ្វីផ្សេង ក្រៅពីទឹកធម្មតា នោះដែរ ចំណែកអ្នកនៅខាងក្រោម ដែលជា ជនបរទេសទាំងនោះ ក៏បានស្រែក ទៅកាន់បង្អួច ដែលមានទឹកធ្លាក់មកនោះ ព្រមទាំង ធ្វើសញ្ញា ដៃកណ្តាល ថែមទៀតផង។
យ៉ាងណាមិញ ប្រជាជនដែលរស់នៅទីនោះ បានសម្តែងការមិនពេញចិត្តជាខ្លាំង និងបានប្រាប់ឲ្យដឹងថា ពួកគាត់បានអត់ទ្រាំ អស់ ១ឆ្នាំ ហើយ ចំពោះសម្លេងរំខាន របស់ពួកអ៊ឺរ៉ុប ដែលមកផឹកស្រានៅទីនោះ។
តើប្រិយមិត្តយល់យ៉ាងណាដែរ?


ដោយ សី
ខ្មែរឡូត

Login
មតិ (Comments)