អត់លុយឱ្យថ្លៃបណ្ណាការប្រឌិតរឿងថា ចោរស្ទាក់ផ្លូវប្លន់យកលុយអស់១.៥០០ដុល្លារ

ព្រហស្បតិ៍ ២១ មីនា, ២០១៣ ម៉ោង ១៣:២៧

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ហេតុតែមិនមានលុយ ឱ្យថ្លៃបណ្ណាការទៅខាងកូនស្រីក៏ប្រឌិតរឿងថា មានចោរស្ទាក់ផ្លូវប្លន់យកលុយអស់ពីខ្លួន។ ករណីនេះកើតឡើងកាលពីថ្ងៃទី២០ មីនា ២០១៣ នៅចំណុចស្រែកកន្ត្រើយ ឃុំវាលទុំ ស្រុកឧដុង្ក។ បុរសដែលប្រឌិតរឿងខាងលើ ត្រូវបានស្គាល់ឈ្មោះជុំ រិទ្ធី អាយុ២៧ឆ្នាំ មានទីលំនៅឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បុរសខាងលើបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុរូបខ្លួនបានយកលុយ ថ្លៃបណ្ណាការទៅជូនខាងកូនស្រីចំនួន ១.៥០០ដុល្លារ ដើម្បីរៀបចំចាត់ចែងរៀបការរូបគេតែពេល ជិះម៉ូតូទៅដល់ចំណុចខាងលើ ស្រាប់តែមានមនុស្សពីរនាក់ជិះម៉ូតូមួយគ្រឿង ចេញមកស្ទាក់ផ្លូវ ហើយធ្វើសកម្មភាពភ្ជង់ប្លន់ និងចាក់មកលើរូបគេ យកលុយដែលទុកនៅក្រោម កែបម៉ូតូចំនួន១.៥០០ដុល្លារទៅបាត់។

តាមការបំភ្លឺពីប្រជាពលរដ្ឋម្នាក់ដែលរស់នៅជិត កន្លែងកើតហេតុបានឱ្យដឹងថា គេពុំបានឃើញមានជនសង្ស័យពីរនាក់ ណាមកធ្វើសកម្មភាពភ្ជង់ប្លន់នោះទេ គឺឃើញតែជននេះម្នាក់គត់នៅកន្លែងហ្នឹង ហើយក៏មានការផ្អើលឆោឡោថា មានចោរប្លន់ទៅវិញ។

សមត្ថកិច្ចនគរបាលស្រុកឧដុង្ក លោកពីង ពៅ បានឱ្យដឹងថា ក្រោយទទួលបានព័ត៌មានខាងលើ រូបលោកបានដឹកនាំ និងបញ្ជាឱ្យកម្លាំងតាមប៉ុស្តិ៍រដ្ឋបាលចេញស្ទាក់ តែពុំមានឃើញស្រមោលជនសង្ស័យ ណាម្នាក់ឡើយ។ លោកអធិការរងបន្តថា ក្រោយសាកសួរពីអត្តសញ្ញាណជនសង្ស័យបុរសខាងលើ ឆ្លើយប្រាប់សមត្ថកិច្ច ហាក់បីដូចជាមានអាថ៌កំបាំង ហើយម្យ៉ាងទៀត គឺបុរសឈ្មោះជុំ រិទ្ធី នេះ មិនបានបញ្ជាក់ថា ជនសង្ស័យជិះម៉ូតូអ្វីឱ្យពិតប្រាកដនោះទេ។

ហើយចំពោះស្នាមរបួសនៅលើខ្លួនរបស់គាត់គ្រូពេទ្យបាន បញ្ជាក់ថា គ្រាន់តែជាស្នាមឆូតដោយវត្ថុរឹងតែប៉ុណ្ណោះ មិនមែនជាស្នាមចាក់នឹងកាំបិតនោះទេ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 


បើអ្នកគាំទ្រ សុខ ស្រីនាង សូមចុចទីនេះ
107 អ្នកបានគាំទ្រ

មតិ (Comments)