ឆេះសាឡុង​លើ​ផ្ទះ​ឈើ​ជាន់​ទី​មួយ​អ្នក​ជិត​ខាង​ជួយ​ពន្លត់​ទាន់​មិន​រាល​​ដាល​ដល់​ផ្ទះ​

ព្រហស្បតិ៍ ២១ មីនា, ២០១៣ ម៉ោង ១០:១៨

រាជធានីភ្នំពេញ ៖ សាឡុងដែលមានពូក ដាក់នៅយ៉ខាងមុខផ្ទះជាន់ទីមួយ មិនដឹងមូលហេតុអ្វី ស្រាប់តែឆាបឆេះសន្ធោសន្ធៅ ធ្វើឲ្យអ្នកជិតខាងមានទីលំនៅជិតនោះនាំគ្នាយួរទឹក តទុយោបាញ់ពន្លត់ និងយកបំពង់ពន្លត់អគ្គិភ័យបាញ់អស់២បំពង់ ទើបរលត់អស់ទាំងស្រុង។ ហេតុការណ៍នេះធ្វើឱ្យផ្អើលឆោឡោ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២០ មីនា តាមផ្លូវលំ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅជិតកន្លែងកើតហេតុបានឲ្យដឹងថា ម្ចាស់ផ្ទះខាងលើមានឈ្មោះមាស សាវង្ស ភេទប្រុស អាយុជាង៤០ឆ្នាំ។ មុនអគ្គិភ័យនេះគេមិនដឹងមូលហេតុពិតប្រាកដទេ ស្រាប់តែឃើញភ្លើងឆេះសាឡុងដែលដាក់នៅយ៉ ខាងមុខផ្ទះជាន់ទីមួយតែម្តង ដែលផ្ទះសាងសង់ពីឈើប្រក់ស័ង្កសី ។ ហេតុការណ៍នេះធ្វើឲ្យប្រជាពលរដ្ឋដែល មានទីលំនៅជិតនោះសុទ្ធតែធ្វើពីឈើប្រក់ស័ង្កសី បាននាំគ្នាយួរធុងទឹកយកទៅពន្លត់ ខ្លះតទុយោបាញ់ទឹក ខ្លះទៀតយកបំពង់ពន្លត់អគ្គិភ័យ បាញ់អស់២បំពង់ទើបរលត់ទៅវិញ ដោយមិនបណ្តាលឲ្យឆាបឆេះដល់ផ្ទះនោះទេ គ្រាន់តែឆេះសាឡុងអស់ទាំងស្រុង ។

ទោះបីជាយ៉ាងណាម្ចាស់ផ្ទះប្រាប់ថា មិនបានដឹងពីមូលហេតុដែលបណ្តាល ឱ្យមានអគ្គិភ័យឆាបឆេះបែបនេះទេ ។ ចំណែកប្រជាពលរដ្ឋសង្ស័យថា មានគេលួចដុត ឬក៏ធ្លាក់កម្ទេចបារី បណ្តាលឲ្យឆាបឆេះសន្ធោសន្ធៅបែបនេះ៕





បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព


បើអ្នកគាំទ្រ មាស សាលី សូមចុចទីនេះ
50 អ្នកបានគាំទ្រ

មតិ (Comments)