ក្រុមដង្ខៅគោខ្មែរ50នាក់ ចាញ់បោកឈ្មួញវៀតណាម អស់ប្រាក់រាប់សិបពាន់លាន
សៅរ៍ ១៦ មីនា, ២០១៣ ម៉ោង ០៨:០៨ខេត្តកំពត ៖ អ្នកប្រមូលទិញគោ នៅខេត្តកំពតប្រមាណ៥០នាក់ បានខឹងសម្បាយ៉ាងខ្លាំង ចំពោះជនជាតិវៀតណាម២នាក់ ដោយចោទថាបោកយកលុយពីពួក គាត់ដែលយកគោទៅលក់ឱ្យ ហើយបែរជាមិនព្រមសងលុយមកវិញ ។ អ្នកប្រមូលទិញគោម្នាក់ឈ្មោះនេត ភឿង អាយុ៣៩ឆ្នាំ នៅភូមិព្រៃសំណាង ឃុំខ្ជាយខាងជើង ស្រុកដងទង់ និយាយថា គាត់ធ្លាប់ប្រមូលទិញគោទៅលក់ ឱ្យជនជាតិវៀតណាម៤ឆ្នាំហើយ ប៉ុន្តែសម្រាប់ដើមឆ្នាំ២០១៣នេះ ត្រូវដង្ខៅគោជាជនជាតិវៀតណាម ទិញគោពីគាត់មិនព្រមសងលុយនិងបានចាត់ទុកថា ជាការចាញ់បោកដង្ខៅគោវៀតណាម ។ ដង្ខៅគោវៀតណាមនេះឈ្មោះឡាន់ បានបោកលុយគាត់អស់១១៥លានរៀល ។
ចំណែកឯអ្នកទិញគោម្នាក់ទៀត នៅឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស និយាយថាគាត់ធ្លាប់ចាញ់ បោក៣លើកមកហើយ ទាក់ទងនិងការលក់គោនេះ ដែលលើកទី១ ជនជាតិវៀតណាមបោកអស់៣១,៥លានរៀល លើកទី២បោកអស់៨២លានរៀល និងលើកទី៣ នៅដើមឆ្នាំ២០១៣ បោកអស់៤២លានរៀលទៀត ។
យោងតាមលោកនាក់ រុំ មន្ត្រីកងរាជអាវុធហត្ថស្រុកបន្ទាយមាសប្រាប់ថា អ្នករកស៊ីទិញគោនៅខេត្តកំពតមានប្រមាណ៥០នាក់ បានយកគោទៅលក់ឱ្យឈ្មួញវៀតណាមឈ្មោះឡាន់ និងឈ្មោះប៊ែប ។ បើតាមអ្នកប្រមូលទិញគោនៅខេត្តកំពត អះអាងថា ឈ្មោះឡាន់ បានបោកយកគោទៅលក់ ហើយមិនឱ្យលុយគិតជាប្រាក់អស់៩៨០លានរៀល និងដង្ខៅគោម្នាក់ទៀតឈ្មោះប៊ែប បានបោកយកលុយអស់១.៨៧២លានរៀល ។ មន្ត្រីប៉េអឹមរូបនេះប្រាប់ទៀតថា បច្ចុប្បន្នក្រុមអ្នករកស៊ីគោកំពុងធ្វើពាក្យបណ្តឹងជាបន្ទាន់មួយ ទៅដាក់ឱ្យខាងអាជ្ញាធរវៀតណាម ជួយធ្វើការក្នុងរឿងនេះ ។
លោកឃុន ណាន់ មេបញ្ជាការរងកងរាជអាវុធហត្ថប្រាប់ឱ្យដឹងថា ទាក់ទងនឹងរឿងដង្ខៅគោខ្មែរត្រូវជនជាតិវៀតណាមបោកយកលុយនេះ កាលពីព្រឹកថ្ងៃទី១១ មីនា ខាងអ្នកប្រមូលទិញគោ នៅខេត្តកំពតបានទៅជួបជុំគ្នា នៅព្រំដែនដើម្បីដាក់ពាក្យបណ្តឹងទៅអាជ្ញាធរវៀតណាមឱ្យជួយដោះស្រាយ ។ គេនៅចាំបានថា កាលពីឆ្នាំ២០១០ ដង្ខៅគោជនជាតិវៀតណាមម្នាក់បានបោកយកលុយពីអ្នកប្រមូលទិញគោខ្មែរបានប្រមាណ៥៣ម៉ឺនដុល្លារ ប៉ុន្តែអ្នកបោកយកលុយរូបនោះកំពុងស្ថិតនៅក្នុងពន្ធនាគារប្រទេសវៀតណាម ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព

Login
មតិ (Comments)