គ្រោះធម្មជាតិ ភ្លៀងលាយខ្យល់រន្ទះ សម្លាប់មនុស្ស ៤នាក់ របួស ៤នាក់ និងផ្ទះ ប្រមាណ ៤០០ខ្នង រងការខូចខាត

សុក្រ ១៥ មីនា, ២០១៣ ម៉ោង ១៦:៤៨

ភ្នំពេញ ៖ គ្រោះធម្មជាតិ ដែលបណ្ដាល មកពីភ្លៀងធ្លាក់ លាយខ្យល់ និងរន្ទះខ្លាំងៗ  ដែលបានកើតឡើង នៅតាមបណ្ដាខេត្ដ មួយចំនួន កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០១៣ បណ្ដាលឱ្យប្រជាពលរដ្ឋខ្មែរចំនួន ៤នាក់ ស្លាប់ ដោយសារផ្ទះសង្កត់លើ ដោយ សាររន្ទះបាញ់ និងមនុស្ស ៤នាក់ផ្សេងទៀត រងរបួស ព្រមទាំងផ្ទះប្រជាពលរដ្ឋប្រមាណ ៤០០ខ្នង បានរងការខូចខាត ក្នុងនោះមាន ដួលរលំទាំងស្រុង និងប៉ើងដំបូល ។ នេះជា របាយការណ៍ជំហានដំបូង របស់អាជ្ញាធរ ខេត្ដព្រះវិហារ ខេត្ដក្រចេះ និងខេត្ដបន្ទាយ មានជ័យ ទីដែលជួបគ្រោះធម្មជាតិទាំង នេះ ។

សម្រាប់ខេត្ដព្រះវិហារ កាលពី រសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០១៣ ស្ថិត នៅភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុក ជាំក្សាន្ដ ខេត្ដព្រះវិហារ ផ្ទះប្រជាពលរដ្ឋ ជាង ៥០ខ្នង បានដួលរលំ និងប៉ើងដំបូល ព្រមទាំងសម្លាប់ម្ដាយ និងកូនប្រុស អាយុ ៨ឆ្នាំ ដោយសារតែផ្ទះសង្កត់លើ ។

គ្រោះធម្មជាតិ ដែលបណ្ដាលមកពី ភ្លៀងលាយខ្យល់ ប្រមាណ ៣០នាទីខាង លើនេះ អភិបាលរងខេត្ដព្រះវិហារលោក សរ ថាវី បានថ្លែងឱ្យដឹងថា ផ្ទះប្រជាពលរដ្ឋ ១៩ខ្នង ត្រូវបានដួលរលំទាំងស្រុង នៅក្នុង ភូមិស្រអែមខាងជើង ដោយសារតែភ្លៀង ធ្លាក់ និងមានលាយខ្យល់យ៉ាងខ្លាំងនោះ ។

លោក សរ ថាវី បានបញ្ជាក់ថា ក្រោយ ពីទទួលបានព័ត៌មាន គ្រោះធម្មជាតិខាង លើនេះ អភិបាលខេត្ដព្រះវិហារ លោក អ៊ុំ ម៉ារ៉ា បានចាត់តាំងឱ្យរូបលោក ដឹកនាំ កម្លាំង សមត្ថកិច្ច និងមន្ដ្រីចុះទៅដល់ កន្លែងកើតហេតុភ្លាមៗ ដើម្បីជួយអន្ដ រាគមន៍ ប្រជាពលរដ្ឋទាំងនោះ ។ បើតាម លោក សរ ថាវី គ្រោះធម្មជាតិនេះបាន សម្លាប់ស្ដ្រីជាម្ដាយ ឈ្មោះ កៅ សាវឿន អាយុ ៣៨ឆ្នាំ និងកូនប្រុសឈ្មោះ ខាន់ គឹមសៀន អាយុ ៨ឆ្នាំ ដោយសារតែផ្ទះ សង្កត់លើ ។

ជាមួយគ្នានេះ បាតុភូតធម្មជាតិ ភ្លៀង លាយខ្យល់ ក៏ត្រូវបានគេរាយការណ៍ថាបាន កើតឡើង នៅភូមិរោងចក្រ ភូមិក្រសាំង និងភូមិគ្រង ក្នុងឃុំស្នួល ស្រុកស្នួល ខេត្ដ ក្រចេះ បណ្ដាលឱ្យផ្ទះប្រជាពលរដ្ឋជិត ៥០ ខ្នង ដួលរលំ និងប៉ើងដំបូល ហើយសម្លាប់ បុរសម្នាក់ និងរងរបួស ៣នាក់ផ្សេងទៀត។

ហេតុការណ៍ បានកើតឡើង កាលពីវេលាម៉ោង ៧ និង ៣០នាទីយប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០១៣ តាមការឲ្យ ដឹងពីលោក វ៉ាន់ ឌឿន មេឃុំស្នួល បានឲ្យដឹងថា មានភ្លៀងធ្លាក់ និងខ្យល់យ៉ាងខ្លាំង បោកបកប៉ះចំផ្ទះ ប្រជា ពលរដ្ឋចំនួន ៤៤ គ្រួសារ បណ្តាលឲ្យរបើកដំបូល ខូចខាតយ៉ាងដំណំ ។

លោកបានបញ្ជាក់ទៀតថា ក្នុងចំណោម ៤៤ គ្រួសារនោះ មានផ្ទះ ១ ខ្នង ស្ថិតក្នុងភូមិក្បាលស្នួល ត្រូវបានដើម គគីរ បាក់រលំសង្កត់លើ បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ ភ្លាមៗ និងរងរបួស ៣ នាក់ ។

ចំណែកជនរងគ្រោះ ដែលស្លាប់បាត់បង់ជីវិតនោះ មានឈ្មោះ ស៊ីម ប៊ុមធឹម ភេទប្រុស អាយុ ៤២ ឆ្នាំ មាន ស្រុកកំណើត ភូមិតនឡងទី៣ ឃុំព្រៃខ្លា ស្រុកព្រៃវែង ខេត្តព្រៃវែង ជាអ្នកចំណាក មកកាប់ចំការដាំដំណាំ ត្រូវ បានក្រុមគ្រួសារ ដឹកយកទៅស្រុកកំណើត ដើម្បីធ្វើបុណ្យ តាមប្រពៃណី ចំណែកអ្នក រងរបួសធ្ងន់ ស្រាល ត្រូវបានគេដឹកបញ្ជូន ទៅសម្រាក នៅមន្ទីរពេទ្យបង្អែក ខេត្តក្រចេះ  ។

ដោយឡែក នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៣ ថ្នាក់ដឹកនាំខេត្ត ដឹកនាំដោយលោក ហឿ ស៊ីយ៉ែម អភិបាល រងខេត្ត រួមនឹងក្រុមការងារ អាជ្ញាធរដែនដី បានចុះទៅពិនិត្យ នៅកន្លែងកើតហេតុជាក់ស្តែង និងបានចែក ជូននូវថវិកា សម្ភារៈ គ្រឿងឧបភោគ បរិភោគ មួយចំនួន និងបានចាត់ឲ្យសាខា កាកបាទក្រហម កម្ពុជាខេត្ត ត្រៀមអំណោយសង្គ្រោះ ចុះសួរសុខទុក្ខ ជនរងគ្រោះក្នុងនោះមានសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ ថវិកា មួយចំនួន ដើម្បីយកទៅ ប្រគល់ឲ្យជនរងគ្រោះ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត រួម នឹងសម្ភារៈ ថវិកាមួយចំនួនផ្សេងទៀត ជូនក្រុមគ្រួសារសព ដើម្បីយកទៅចាត់ចែង ធ្វើបុណ្យតាមប្រពៃណី ៕

ងាកទៅខេត្ដ បន្ទាយមានជ័យ ឯណោះ វិញ កាលពីរសៀលថ្ងៃទី១៤ ខែមីនា ស្ដ្រី ម្នាក់ បានស្លាប់ដោយសាររន្ទះបាញ់ ខណៈ ដែលមានភ្លៀង លាយខ្យល់យ៉ាងខ្លាំងបាន កើតឡើង រហូតដល់យប់ថ្ងៃដដែលស្ថិតនៅ ឃុំចំនួន ៦ របស់ស្រុកស្វាយចេក និងស្រុក ថ្មពួក ខេត្ដបន្ទាយមានជ័យ ដែលបាតុភូត ធម្មជាតិនេះ បានបណ្ដាលឱ្យផ្ទះប្រជាពល រដ្ឋជិត ៣០០ខ្នង រងការខូចខាតទាំងដួល រលំ និងប៉ើងដំបូលជាដើម ។

របាយការណ៍បឋមរបស់អាជ្ញាធរខេត្តបន្ទាយជ័យ ឱ្យដឹងថា ភ្លៀងខ្លាំងលាយលំនឹងខ្យល់ផង ចាប់ពីម៉ោង ៥និង៣០រសៀលរហូត ដល់៧យប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ បានបណ្តាលស្រ្តីម្នាក់ស្លាប់ដោយសាររន្ទៈបាញ់ និងផ្ទះជាង២៩៦ខ្នងទៀត រងការខូចខាត នៅក្នុងឃុំចំនួន៦ នៃស្រុកស្វាយចេក និងស្រុកថ្មពួក។

អ្នកឆ្លើយឆ្លងព័ត៌មានមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ប្រចាំខេត្តបន្ទាយមានជ័យ លោក ប៊ុន សំណាង រាយ ការណ៍ឱ្យដឹងថា ឃុំបីនៃស្រុកស្វាយចេក មានឃុំ ស្លក្រាម តាបែន និងតាភោ រីឯបីឃុំទៀតនៅស្រុកថ្មពួក មានឃុំ គំរូ ថ្មពួក និងឃុំថ្មី។ ជាមួយនឹងគ្រោះមហន្តរាយធម្មជាតិនេះ គោយន្តចំនួន៥គ្រឿង របស់អ្នកភូមិ ដែលទុកនៅក្រោមផ្ទះ ក៏ត្រូវខូចខាតទាំងស្រុងដោយសារតែផ្ទះសង្កត់លើ។

អ្នកឆ្លើយឆ្លងព័ត៌មានរូបនេះ បន្តថា ស្រ្តីម្នាក់ដែលស្លាប់ដោយសាររន្ទៈបាញ់ គេមិនទាន់ដឹង អត្តសញ្ញាណនៅឡើយ ក្រៅតែពីដឹងថា ប្តីរបស់ស្រ្តីនោះ មានមុខងារជាមន្រ្តីនគរបាលនៅស្រុកពួក ខេត្តបន្ទាយមានជ័យ។ នាគ្រានេះដែរ អាជ្ញាធរខេត្ត កំពុងញាប់ដៃញាប់ជើង ដើម្បីទៅជួយអន្តរាគមន៍ ដល់អ្នកភូមិទាំងនោះហើយ។

អ្នកនាំពាក្យ គណៈកម្មាធិការជាតិ គ្រប់ គ្រងគ្រោះមហន្ដរាយ លោក កែវ វី នៅ រសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០១៣ បាន ថ្លែងឱ្យដឹងថា លោកមិនទាន់បានទទួល របាយការណ៍ជាផ្លូវការ ពីទំហំនៃការខូច ខាត បណ្ដាលមកពីគ្រោះធម្មជាតិខាងលើ នេះទេ ពោលបានត្រឹមតែទទួលរបាយ ការណ៍ជាបឋម ចេញពីខេត្ដព្រះវិហារ ប៉ុណ្ណោះ គឺបណ្ដាលឱ្យផ្ទះប្រជាពលរដ្ឋ ១៩ ខ្នង ដួលរលំទាំងស្រុង ម្ដាយ និងកូនប្រុស បានស្លាប់ ដោយសារតែផ្ទះសង្កត់លើ ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល


បើអ្នកគាំទ្រ ទេព បូព្រឹក្ស សូមចុចទីនេះ
189 អ្នកបានគាំទ្រ

មតិ (Comments)