គ្រោះថ្នាក់ចរាចរ២ករណីផ្សេង នៅគ្នាថ្ងៃតែមួយ បណ្ដាលឲ្យកុមារាម្នាក់ស្លាប់ ព្រះសង្ឃ៣អង្គ និងបុរសម្នាក់របួសធ្ងន់
ច័ន្ទ ១១ មីនា, ២០១៣ ម៉ោង ១៦:២៩សៀមរាប: គ្រោះថ្នាក់ចរាចរណ៍ ២ករណីសផ្សេងគ្នា កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៣ នៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានបណ្ដាលឲ្យ កុមារាម្នាក់ស្លាប់ និងព្រះសង្ឃ៣អង្គ រួមនិងបុរសម្នាក់ រងរបួសធ្ងន់ ។ ករណីទី១ គឺរថយន្ដដឹកទឹកកក មួយគ្រឿង បានបើកថយក្រោយកិន កុមារាម្នាក់ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង កើតហេតុ នៅភូមិស្ទឹងថ្មី ហើយករណីទី២ គឺ រថយន្ដដឹកដីរបស់ ឯកជន១គ្រឿង បានបុកជាមួយ និងរ៉ឺម៉ក ម៉ូតូ កង់បីដែលបើកបញ្ច្រាស ទិសគ្នា បណ្តាលឲ្យរងរបួសធ្ងន់ ៤នាក់ ក្នុងនោះមានព្រះសង្ឃចំនួន ៣អង្គដែល កំពុងគង់នៅលើរឺម៉កម៉ូតូ កង់បីនោះផងដែរ ពេលចេញពីវត្តចក នៅភូមិភ្ញារ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។
បើតាមប្រសាសន៍របស់លោក វរ:សេនីយ៍ត្រី ជឹម សុវណ្ណ ប្រធានការិយាល័យចរាចរណ៏ផ្លូវគោក នៃស្នងការ ដ្ឋាននគរបាលខេត្តសៀមរាប ថា ករណីគ្រោះថ្នាក់ចរាចរណ៍កិនក្មេងស្លាប់ គឺរថយន្ត ដឹកទឹកកក បានថយក្រោយ ទៅដាក់ទឹកកក ពេលនោះមានក្មេងដើរពីក្រោយ ក៏បានជាន់ស្លាប់ទៅ គឺគ្រោះថ្នាក់នៅភូមិ ស្ទឹងថ្មី(ក្បែរវិហារ ឥស្លាម) សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ក្មេងប្រុសដែលស្លាប់មានអាយុ ៧ឆ្នាំ (ជាកូនបងប្អូនខ្មែរ-ឥស្លាម)។ គ្រោះថ្នាក់នេះ បានកើតឡើងនៅម៉ោងប្រមាណ ៩ព្រឹក ថ្ងៃទី១០ មីនា ឆ្នាំ២០១៣។ អ្នកបើកបរ រថយន្ដដឹក ទឹកកក ឲ្យរោងចក្រទឹកកក នោះបានរត់បាត់ ស្រមោល ។
ករណីគ្រោះថ្នាក់ទី២ មានរថយន្តដឹកដីមួយគ្រឿងរបស់ឯកជន បានបើកបញ្ច្រាសទិសគ្នាជាមួយរ៉ឺម៉កម៉ូតូ ហើយ បានវ៉ាជាមួយរថយន្តមួយគ្រឿងទៀតមិនផុត ក៏ជ្រុលទៅបុកជាមួយនិងរឺម៉កម៉ូតូកង់ បីដែលកំពុងដឹក ព្រះសង្ឃ ៣អង្គ បណ្តាលឲ្យរងរបួសធ្ងន់ ៤នាក់ ក្នុងនោះមានបើករឺម៉កម៉ូតូផងដែរ។ គ្រោះថ្នាក់នេះកើតឡើង នៅចំណុច លើកំណាត់ ផ្លូវក្រវ៉ាតក្រុង កាលពីវេលាម៉ោងប្រមាណជា ១:០០នាទី រសៀលថ្ងៃដដែល ស្ថិតនៅភូមិភ្ញារ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
បើតាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់អ្នកយកព័ត៌មានយើងថាមូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ ចរាចរណ៍នេះ កើតឡើងមកពីរថយន្តដឹកដីរបស់ឯកជន បានបើកមកពីទិសខាងជើងទៅត្បូង ក្នុងល្បឿនលឿន រួចជ្រុលចង្កូតទៅបុករឺម៉ូកកង់បី បើកចេញមកពីវត្តចក ក្នុងទិសដៅពីត្បូងមកជើង ដែលព្រះសង្ឃទាំង ៣អង្គ ត្រូវបានគេនិមន្ត ទៅសូត្រមន្ត និងដង្ហែនាំមុខសព យកទៅបូជានៅវត្តស្វាយដង្គំ តែអកុសល ទាំងព្រះសង្ឃ និងអ្នកបើករឺម៉កម៉ូតូ បានជូបគ្រោះថ្នាក់ចរាចរណ៏នេះតែម្តង។
បើតាមប្រភពពីលោកវរ:សេនីយ៍ត្រី ជឹម សុវណ្ណ ប្រធានការិយាល័យចរាចរណ៏ផ្លូវគោក បានប្រាប់អ្នក យកព័ត៌មានយើងថា ជនបង្ករដែលជាអ្នកបើករថយន្ដដឹកដីនោះ បានរត់គេចខ្លួនបាត់ ហើយបន្សល់ទុក រថយន្ត១គ្រឿងនៅកន្លែងកើតហេតុ ដែលមានស្លាកលេខភ្នំពេញ 2A.5376 ពណ៌ស ម៉ាកហ៊ីយ៉ុនដាយ (HYUNDAI)។
ជនរងគ្រោះទាំង ៤អង្គ/នាក់ មានឈ្មោះទី១ ម៉ោញ ធា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងឈើបានខ្ចីរឺម៉ក ម៉ូតូកង់បី ដែលគ្មានស្លាកលេខរបស់បងប្រុស ដើម្បីដឹកព្រះសង្ឃ ៣អង្គយកមក សូត្រមន្តសពឲ្យគេស្នាក់នៅ ភូមិស្វាយដង្គំ ទី២ព្រះនាម ម៉ី ពេជ្រ ព្រះជន្ម ៦៧ព្រះវស្សា ដែលជាចៅអធិការគង់នៅវត្តចក ត្រូវរបួសធ្ងន់ត្រង់ ជើងស្តាំ និងព្រះកេស ស្ថិតនៅភូមិស្វាយព្រៃ ទី៣ព្រះនាម សន សឿង ព្រះជន្ម ២៤វស្សា ត្រូវចំថ្ពាល់ខាងស្តាំ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យឯកជន ទី៤ ព្រះនាម យ៉ម ដា ព្រះជន្ម២៧វស្សា (បាក់ជើងនិង របួសព្រះកេសដែលមានឈាមកកនៅក្នុងនោះផង កំពុងយកទៅសង្គ្រោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប ព្រះអង្គគង់នៅក្នុងវត្តចក ទាំងព្រះសង្ឃ និងអ្នកម៉ូតូ ស្នាក់នៅសង្កាត់ស្វាយដង្គំក្រុងខេត្ត សៀមរាប ៕





ប្រែសម្រួលៈ ដើមអម្ពិល
ផ្តល់សិទ្ធដោយ ដើមអម្ពិល

Login
មតិ (Comments)