ប្តីប្រពន្ធឈ្លោះគ្នា បងស្រីជីដូនមួយឃាត់ កើតមានប្រតាយប្រតប់ ប្តីត្រូវបែកក្បាល ដេរជាច្រើនថ្នេរ
ច័ន្ទ ១១ មីនា, ២០១៣ ម៉ោង ១៦:០៩ភ្នំពេញ៖ ស្រ្តីជាប្រពន្ធ កំពង់តែស្រង់ពោតស្ងោរ បំរុងយកទៅលក់ ក៏ត្រូវប៉ះ សំដីជាមួយប្តី បង្កជាហិង្សា កើតឡើង បណ្តាលឲ្យបុរស ជាប្តីរងរបួស បែកក្បាល ៣កន្លែង និងត្រូវដេរជាច្រើនថ្នេរ ដោយសារតែប្តីបានស្ទុះ វាយប្រពន្ធ ហើយត្រូវបាន បងស្រីជីដូនមួយ និងក្មួយស្រីខាងប្រពន្ធ ចូលជួយ កើតការប្រតាយ ប្រតប់គ្នាឡើង។ ហេតុការណ៍នេះកើតឡើង នៅម៉ោង១ និង១៥នាទី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៣ ស្ថិតនៅភូមិប្ញស្សីស្រស់ សង្កាត់និរោធ ខណ្ឌមានជ័យ។
តាមស្រ្តី ហ៊ី ចេង អាយុ ៥៣ឆ្នាំ ស្នាក់នៅម្តុំបឹង ត្របែក បាននិយាយថា នៅមុនពេលកើតហេតុ ខ្លួននិងកូនស្រី បានទៅលេង ប្អូនស្រីជីដូនមួយ (ប្រពន្ឋជន រងគ្រោះ) នៅកន្លែងកើតហេតុ និងបានឃើញប្រពន្ឋ ជនរងគ្រោះកំពុងតែស្រង់ ពោតស្ងោររៀបចំដាក់កញ្ឆេរ បំរុងយកទៅលក់ដូរបណ្តើរ និងរអ៊ូរទាំដាក់ប្តី ពីរឿង មិនគិតរកស៊ី គិតតែដេក និងផឹកស្រា។ ខណ:នោះ បុរសជាប្តីកម្ជិលរូបនេះ បានជេរបញ្ចោរទៅលើ ប្រពន្ធថែមទៀត ដោយឃើញ ភាពគ្រោធគ្រាធ និងអសីលធម៌បែបនេះ បងស្រីជីដូនមួយ ក៏បានឃាត់ កុំឲ្យជនរងគ្រោះជេរដៀល ប្រពន្ធតទៀត។
ស្រ្តី ហ៊ី ចេង បន្តថា ភ្លាមនោះ ជនរងគ្រោះ ឈ្មោះ ភឿង ផាត បាននិយាយថា ហ្ហែងកុំចេះ ប្រយ័ត្នកាប់ងាប់ទាំងអស់ គ្នា។ គ្រាន់តែនិយាយចប់ ជនរងគ្រោះបានទាញកាំបិត ពូថៅ គប់សំដៅមកលើ ប្រពន្ឋ និងខ្លួន (ហ៊ី ចេង) ប៉ុន្តែគប់ត្រូវជើង ហ៊ី ចេង តែមិនរងរបួសធ្ងន់ធ្ងរទេ។ ជនរងគ្រោះ នៅមិនអស់ចិត្ត ក៏ស្ទុះទាញកាំបិតផ្គាក់ ស្ទុះសំដៅបំរុងកាប់ទៅលើ ប្រពន្ធ ឃើញដូច្នោះស្រ្តី ហ៊ី ចេង និងកូនស្រី ចាប់ឱបមិនឲ្យជនរងគ្រោះ កាប់ប្រពន្ធ ក៏កើតមានការ ប្រតាយប្រតប់គ្នា ខ្លះកាន់កាំបិត ខ្លះកាន់ពូថៅ និងខ្លះកាន់ឈើជ្រុង ហើយនៅក្នុងហេតុការណ៍ មិនដឹងជាអ្នកវាយត្រូវ ជនរងគ្រោះនោះទេ បណ្តាលឲ្យជនរងគ្រោះ បែកក្បាលហូរឈាមកក្លាក់ ដេកដួលនៅលើដីតែម្តង។
ក្រោយកើតហេតុ ជនរងគ្រោះ ឈ្មោះ ភឿង ផាត អាយុ ៥៧ឆ្នាំ ជាអ្នកយាមដីគេ អមដោយប្រពន្ធ ឈ្មោះ ឈាង ប៊ុណ្ណាវី អាយុ ៤៩ឆ្នាំ ត្រូវបាន សមត្ថកិច្ច ដឹកបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកខណ្ឌ មានជ័យ៕





ដោយ ៖ ដើមអម្ពិល
ផ្តល់សិទ្ធដោយ ដើមអម្ពិល

Login
មតិ (Comments)