នារីម្នាក់ត្រូវជាប់គុក ៤០ឆ្នាំ បន្ទាប់ពីព្យាយាមលួចប្រាក់ ២២០លានដុល្លារពីធនាគារ
ច័ន្ទ ១១ មីនា, ២០១៣ ម៉ោង ១៥:១៤នារីម្នាក់មានឈ្មោះថា Kristina អាយុ ២១ឆ្នាំ ជាជនជាតិរ៉ុស្សី ហើយជាសមាជិកក្រុមអ្នកលេងមួយ នៅភាគខាងកើតនៃទ្វីបអ៊ឺរ៉ុប បានព្យាយាមលួចប្រាក់ចំនួន ២២០លានដុល្លារអាមេរិក ពីធនាគាររបស់អង់គ្លេស និងសហរដ្ឋអាមេរិក។
យោងតាមប្រភពព័ត៌មាន ឌីជីថលវ័ន របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា នារីឈ្មោះ Kristina រូបនេះ ត្រូវបានគេដាក់រហ័ស្សនាមឲ្យថា “ចោរស្រីដ៏ស៊ិចស៊ីបំផុត” ដែលបានលួចយកប្រាក់ ២២០លានដុល្លារអាមេរិកពីធនាគារ ខណៈពេលនាងជាសិស្សនៅក្នុងសាកលវិទ្យាល័យ “New York University” ដោយបានបើកគណនីរាប់រយ នៅក្នុងធនាគារ ហើយនាងទទួលបានប្រាក់ចំនួន ២លានផោន ក្នុងមួយខែ ស្មើនឹង ២,៩៨៥,៤០០ដុល្លារអាមេរិក ដោយការផ្ទេរប្រាក់ ពីគណនីមួយទៅគណនីមួយ និងបានប្រើប្រាស់កម្មវិធីមួយ ដែលមានឈ្មោះថា “Trojan Horses” ឬ “Trojan” ដែលវាអាចចូលទៅក្នុងគណនី របស់ជនរងគ្រោះដោយគ្មានការអនុញ្ញាត ដើម្បីលួចយកទិន្នន័យ និងបើកគណនីរបស់ជនរងគ្រោះ។
សូមបញ្ជាក់ផងដែរថា ក្នុងការលួចយកទិន្នន័យ និងបើកគណនីរបស់ជនរងគ្រោះ Kristina បានលួចយកប្រាក់ចំនួន ៧០លានដុល្លារអាមេរិក នៃគណនីរបស់ជនរងគ្រោះទាំងអស់។ ដូចគ្នានេះដែរ ក្នុងការស៊ើបអង្កេតរបស់ប៉ូលីស នេះគឺជារឿងមួយដ៏ធំបំផុត ហើយមិនធ្លាប់កើតមាននោះទេ ចំនែកឯសារព័ត៌មានអនឡាញ របស់ប្រទេសរ៉ុស្សី បានឲ្យដឹងថា Kristina គឺចាប់ផ្តើមរស់នៅក្នុងសង្គមងងឹត បន្ទាប់ពីឪពុករបស់នាងស្លាប់ ខណៈពេលម្តាយ និងជីដូនរបស់នាង រស់នៅក្នុងភាពក្រីក្រ។
យ៉ាងណាម៉ិញ បន្ទាប់ពីការស៊ើបអង្កេតរបស់ប៉ូលីស Kristina ត្រូវបានក្រុមប៉ូលីសចាប់ខ្លួន ហើយនឹងត្រូវធ្វើការកាត់ទោស នៅក្នុងខែមេសាខាងមុខនេះ ដែលទោសរបស់នាង ត្រូវជាប់គុករយៈពេល ៤០ឆ្នាំឯណោះ។



ដោយ ៖ ប៊ី
ខ្មែរឡូត

Login
មតិ (Comments)