Khmerload is looking for many full-time web and graphic designers $200-$300

ហេតុអ្វីបានជាប៉ុលពត មិនចាយលុយដូចប្រទេសសង្គមនិយមដទៃ?

111 LIKES
9 COMMENTS
អង្គារ ០៥ មីនា, ២០១៣ ម៉ោង ១២:៥៣

១) តើខ្មែរមានលុយចាយតាំងពីពេលណា?

ខ្មែរចាប់មានលុយខ្លួនឯងចាយ នៅឆ្នាំ១៩៥៣ មុខនេះចាយប្រាក់ឥណ្ឌូចិន កាលនោះយើងមានក្រដាស់ប្រាក់ ពីមួយរៀលឡើងទៅ ចំពោះកាក់មានមួយកាក់ ពីរកាក់ និងប្រាំកាក់។ លុយជំនាន់នោះមានតម្លៃថេរល្អណាស់ គុយទាវមួយចាន់ថ្លៃ ៥៛ (ចំពោះហាងធំ) ហើយមាសមួយជី មានតម្លៃ ២៨០៛។ ខ្មែរឡូត នៅទាន់សម័យ ដែលគេអាចហែកលុយមួយរៀលជាពីរ ក្នុងករណីដែលពុំមានកាក់អាប់ (រយៈពេលខ្លីប៉ុណ្ណោះ)។

២) ហេតុអ្វីបានជាលន់នល់ បន្តចាយលុយចាស់?

បន្ទាប់ពីរដ្ឋប្រហារនាឆ្នាំ១៩៧០ ប៉ូលីស ទាហាន គ្រូបង្រៀន គ្រូពេទ្យ មន្រ្តីរាជការ នៅរក្សាតំណែងដដែល គេដូរតែក្បាលម៉ាស៊ីនថ្នាក់លើ បន្តិចបន្តួចប៉ុណ្ណោះ រាល់សកម្មភាពលក់ដូរនៅដដែល នេះជាមូលហេតុដែលលន់នល់ បន្តឲ្យចាយលុយចាស់។ ទោះជាយ៉ាងនេះក្តី លុយត្រូវបាត់បង់តម្លៃរបស់វា ជាបន្តបន្ទាប់គឺ មាសមួយជីពី ៣០០៛ ឡើងដល់ ៣០០០០៛ (ឡើងថ្លៃ ១០០ដង) រីឯគុយទាវឡើងពី ៥៛ ដល់ ៥០០៛ (ឡើងថ្លៃ ១០០ដង) ខណៈប្រាក់ខែត្រូវបានតម្លើងតែ ៥ដងប៉ុណ្ណោះ។

៣) ពេលរំដោះឆ្នាំ១៩៧៩ ភ្លាម តើយើងមានលុយចាយឬទេ?

ភ្នំពេញត្រូវរំដោះនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កាលនោះពុំទាន់មានលុយចាយភា្លមនោះទេ ព្រោះគ្រប់ហេដ្ឋារចនាសម្ព័ន្ធត្រូវបំផ្លាញ រដ្ឋខិតខំប្រមែលប្រមូល គ្រូបង្រៀន គ្រូពេទ្យ អ្នកបច្ចេកទេស និងមន្រ្តីរដ្ឋបាលឲ្យចូលបំរើការ ដោយផ្តល់ប្រាក់ខែជាអង្ករ ១៦គីឡូក្រាមក្នុងមួយនាក់។ ទើបតែដល់ខែមេសា ឆ្នាំ១៩៨០ រដ្ឋចាប់ផ្តើមបោះពុម្ភលុយឲ្យចាយ ខ្មែរឡូតទទួលបានប្រាក់ខែ ៩០៛ បន្ថែមពីនេះរដ្ឋនានាលក់អង្ករ អំបិល និងបារីឲ្យអ្នកធ្វើការ ចំពោះអ្នកមិនបំរើការរដ្ឋ បើទោះជាមានលុយ ក៏មិនអាចទិញអង្ករពីរដ្ឋបានដែរ។ កាលនោះតម្លៃអង្ករដែលរដ្ឋលក់ឲ្យអ្នកធ្វើការ មានតម្លៃថោកជាងទីផ្សារ។ រដ្ឋធ្វើយ៉ាងនេះ ដើម្បីធានាឲ្យលុយមានតម្លៃ វិធានការនេះ បានឆ្លុះបញ្ចាំងថា លុយកាលនោះ ពុំមានមូលដ្ឋានរឹងមាំ និងឯករាជ្យនោះឡើយ។ កាលនោះមាសមួយជី ៥០៛ ក្រោយមកឡើងថ្លៃដល់ ១ជី ៥០០០៛ (ឡើងថ្លៃ ១០០ដង) ទើបតែដល់ឆ្នាំ១៩៩៣ ពេល UN ចូលស្រុក លុយចាប់ផ្តើមមានតម្លៃគឺ ១$ ដូរបាន ២០០០៛ ដល់ឆ្នាំ២០១៣ ឡើងថ្លៃដល់ ៤០០០៛ (ឡើងថ្លៃតែ ២ដង)។

៤) តើតំបន់រំដោះនៃខ្មែរក្រហមឈប់ចាយលុយនៅឆ្នាំណា?

នៅឆ្នាំ១៩៧៤ ទីក្រុងភ្នំពេញ ត្រូវខ្មែរក្រហមហុំព័ទ្ធ ស្ទើរតែទាំងស្រុង បើគេចង់ទៅខេត្តសៀមរាប កំពង់សោម ស្វាយរៀង បាត់ដំបង ឬខេត្តដទៃទៀត ត្រូវប្រើឧទ្ធម្ភាគចក្រ ឬយន្តហោះ។ ថ្ងៃមួយ បងប្អូនខ្មែរឡូតម្នាក់ លួចមកភ្នំពេញ គាត់ជាអ្នករស់នៅតំបន់រំដោះ នៃខេត្តក្រចេះ គាត់ខំយកពងទាមួយកន្រ្តក់មកឲ្យខ្ញុំ ព្រោះគាត់ល្បីថា អ្នកភ្នំពេញខ្វះអង្ករ និងម្ហូបអាហារ គាត់ប្រាប់ឲ្យខ្មែរឡូត រត់ទៅតំបន់រំដោះ ព្រោះនៅទីនោះ គេឈប់ចាយលុយតាំងពីឆ្នាំ១៩៧៣ ជាបណ្តើរៗហើយ បើទោះជាខ្មែរឡូតមានលុយ ក៏មិនអាចយកទៅទិញស្បៀងពីតំបន់រំដោះបានដែរ។ កាលនោះខ្មែរឡូតពុំចាប់អារម្មណ៏លើសំដីនោះទេ ព្រោះភ្នំពេញនៅតែជាទីក្រុងឋានសួគ៌នៅឡើយ មានទឹកភ្លើងប្រើ មានហាងបាយឆ្ងាញ់ ពេលយប់នៅភោជនីយដ្ឋានឈ្មោះ ទឹករាំផ្ការាំ ដែលជាផ្ទះទឹក នៅទន្លេចតុមុខ មានតារាចម្រៀង រស់ សេរីសុធា មកច្រៀងផ្ទាល់ មានស្រាផឹក មានឡានទំនើបជិះ។ កាលនោះឡាន minica ជាឡានតូចច្រលឹងដែលមានប្រជាប្រិយ ទើបតែនាំចូលពីប្រទេសជប៉ុន ទាំងអស់នេះខ្មែរឡូតស៊ូស្លាប់ ក៏មិនទៅតំបន់រំដោះដែរ។

៥) ក្រោយថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ ប្រជាជននៅចាយលុយឬទេ?

ព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ទ័ពខ្មែរក្រហមដែលចូលតាមច្រកក្បាលថ្នល់ បានមកដល់វិទ្យាល័យព្រះយុគន្ធធរ កាលនោះវិទ្យាល័យនេះ នៅឆ្នាំ១៩៧០ មានឈ្មោះថា “វិទ្យាល័យ១៨មិនា” ក្រោយមកដូរឈ្មោះជា “វិទ្យាល័យកែវសុងគីម” នៅឆ្នាំ១៩៧៤ បន្ទាប់ពីលោក កែវ សុងគីម អតីតរដ្ឋមន្ត្រីក្រសួងអប់រំ ដែលត្រូវបានគេបាញ់សម្លាប់ នៅក្នុងវិទ្យាល័យនោះ។ មនុស្សច្រើនណាស់នាំគ្នាចេញមក ស្វាគមន៏កងទ័ពខ្មែរក្រហម  ជាពិសេសអ្នកកាសែតថតរូបទ័ពខ្មែរក្រហម មានអ្នកខ្លះសុំថតជាមួយខ្មែរក្រហម ដើម្បីទុកជាអនុស្សវរីយ៏។ ខ្មែរឡូតរវល់ទិញសាច់ជ្រូក ២គីឡូក្រាម ទុកខឲ្យប្រពន្ធកូនហូប។ នៅផ្សារគេនៅលក់សាច់ បន្លែ តែលក់មិនច្រើនដូចថ្ងៃធម្មតានោះទេ ហាងធំៗមិនហ៊ានលក់ទេ គេនាំគ្នាចាក់សោរទ្វា ព្រោះខ្លាចគេប្លន់។

ពេលល្ងាចយើងលឺសូរ វិទ្យុខ្មែរក្រហមប្រកាស ឲ្យប្រជាជនត្រូវឋិតនៅក្នុងផ្ទះ ឲ្យបានស្ងប់ស្ងៀម ពួកយើងមិនហ៊ានចេញទៅណាទេ មើលតាមបង្អួចឃើញទ័ពខ្មែរក្រហម ដើរក្វាត់ក្វែងតាមផ្លូវ។ នៅព្រឹកថ្ងៃទី១៨ ខែមេសា វេលាម៉ោង ៧ព្រឹក ខ្មែរឡូតឃើញប្រជាជន ត្រូវបានចាកចេញពីផ្ទះ ចំនែកឯខ្មែរឡូតមិនទាន់ចេញពីផ្ទះទេ ពេលបើកវិទ្យុស្តាប់ ទើបដឹងថា ខ្មែរក្រហមចេញបទបញ្ជាថ្មីគឺ តម្រូវឲ្យប្រជាជនចេញពីភ្នំពេញ ៣ថ្ងៃ។ ខ្មែរឡូតមិនជឿថាគេឲ្យចេញតែ ៣ថ្ងៃនោះទេ គឺចេញជារៀងរហូត ខ្មែរឡូតត្រូវតែរកទិញថ្នាំពេទ្យ ចំពោះអង្ករខ្មែរឡូតដឹងថាមិនខ្វះទេនៅស្រុកស្រែ។ ទៅដល់ឪសថស្ថាន ពុំមានអ្នកលក់ទេ ឃើញមនុស្សម្នានាំគ្នាដណ្តើមយកថ្នាំពេទ្យ រីឯម្ចាស់បានរត់បាត់ហើយ ខ្មែរឡូតមកក្រោយគេ ថ្នាំគ្រាប់ល្អៗ ត្រូវគេយកអស់ហើយ ខ្មែរឡូតព្យាយាមកកាយរក ក៏ប្រទះឃើញថ្នាំគ្រាប់ Tetracycline ជាង ៣០បន្ទះ ថ្នាំ Aspro (ថ្នាំឈឺក្បាល) ១០បន្ទះ ថ្នាំ Peniciline ដបសម្រាប់ចាក់ជាង ១០ដប ខ្មែរឡូតយកវាព្រោះអាចប្រើវា សម្រាប់លាបរបួស។

បន្ទាប់មកខ្មែរឡូតរកទិញម្ហូបក្រៀម ដូចជាត្រីងៀត ប៉ុន្តែទិញពុំបានទេ គ្មាននរណាលក់ទៀតទេ ប៉ុន្តែមានចិនម្នាក់នៅលើបបរសណ្តែក គាត់ត្រូវតែលក់ឲ្យអស់ មូលហេតុព្រោះ គាត់មិនអាចស្ពាយ យកទៅតាមនោះទេ ខ្មែរឡូតហូបអស់ ២ចាន រួចប្រញាប់មកផ្ទះ។ បន្ទាប់ពីបាយថ្ងៃត្រង់ ខ្មែរឡូតបានចេញពីភ្នំពេញ នៅម៉ោង ១រសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៧៥ ដោយចេញតាមផ្លូវស្ទឹងមានជ័យ មកដល់ស្រុកកណ្តាលស្ទឹង នៅម៉ោង ៥ល្ងាច មនុស្សផ្តុំគ្នានៅទីនោះច្រើនណាស់ ពួកគេនាំគ្នាបង្កាត់ភ្លើងដាំបាយហូប ខ្មែរឡូតមានតែឆ្នាំងមួយ និងអង្ករប្រមាណ ២០កំប៉ុង ហេតុនេះត្រូវការឆ្នាំងមួយទៀត ក៏ក្រឡេកឃើញមានអ្នកដែលមានឆ្នាំងច្រើន ក៏សុំទិញពីគេបានមួយ ឃើញគេកាប់ជ្រូកមួយ ខ្មែរឡូតក៏សុំទិញពីគេមួយដុំ។ តាមពិតគេមិនចង់លក់ទេ ប៉ុន្តែបើទុកច្រើនពេក ក៏ពិបាកយកតាមខ្លួនដែរ ដល់ដំណាក់កាលនេះ លុយហាក់ដូចជាគ្មានតួនាទីទៀតទេ បើគេចង់បានអី គេដោះដូរជារបស់ និងរបស់វិញ ប៉ុន្តែមានអ្នកខ្លះក៏ផ្សងព្រេងយកលុយខ្លះដែរ។

ខ្មែរឡូតនៅទីនោះរហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ១៩៧៥ ឃើញប្រជាជនចេញពីភ្នំពេញកាន់តែច្រើន គ្មានសញ្ញាណាដែលថា បីថ្ងៃឲ្យវិលត្រឡប់ចូលភ្នំពេញបានឡើយ។ ខ្មែរឡូតមិននៅចាំទៀតទេ ក៏សម្រេចចិត្តថា ត្រូវតែបន្តដំណើរទៅមុខទៀត ខ្មែរឡូតមកដល់ព្រែកតូច នៅថ្ងៃទី២២ ខែមេសា ឆ្នាំ១៩៧៥ ឃើញមនុស្សឈរមើលលុយខែ្មរក្រហម ដែលបិទតាំងលើក្តារខៀន ខ្មែរឡូតមើលលុយនោះ យ៉ាងផ្ជិតផ្ចង់ជាទីបំផុត។ លុយដែលបិទតាំងមាន ១កាក់ ២កាក់ ៥កាក់ ១៛ ៥៛ ឡើងទៅ លុយ ១កាក់ ជាក្រដាស់ប្រាក់ មិនមែនជាលោហៈធាតុទេ ខ្មែរឡូតសម្គាល់ឃើញថា ពុំមានអ្នកចុះហត្ថលេខាលើលុយនោះឡើយ នៅពេលនោះ ខ្មែរឡូត មិនទាន់យល់អំពីគោលបំណង ដែលខ្មែរក្រហមបិទតាំងលុយ ដើម្បីឲ្យសាធារណៈជនមើលនោះទេ ទើបតែដល់ឆ្នាំ១៩៧៦ ទើបដឹងថា៖

គោលបំណងទី១៖

ប្រាប់អ្នកថ្មីថា អ្នកពុំអាចយកលុយចាស់ ទៅទិញស្បៀងនៅតំបន់រំដោះបានឡើយ បើចង់បានបាយហូប ត្រូវតែចូលធ្វើពលកម្មក្នុងសហករណ៏។

គោលបំណងទី២៖

ប្រាប់អ្នកចាស់ថា កុំលក់ស្បៀងឲ្យអ្នកថ្មី ព្រោះលុយចាស់គ្មានតម្លៃទៀតទេ។ ទោះជាយ៉ាងនេះក៏ដោយ អ្នកថ្មីដែលមានមាស ឬសម្ភារៈ ដែលមានតម្លៃ នៅតែអាចដូរយកស្បៀងពីអ្នកចាស់បានដដែល។

៦) ហេតុអ្វីបានជាខ្មែរក្រហមមិនចាយលុយ?

ដល់ឆ្នាំ១៩៧៦ អ្នកថ្មី និងអ្នកចាស់ បាននាំគ្នាចូលសហករណ៏គ្រប់គ្នា ពេលប្រមូលផល បើប៉ុលពត ចង់ឲ្យប្រជាជនចាយលុយ នោះរដ្ឋអាចបែងចែកស្រូវ ឲ្យប្រជាជន ពេលនោះប្រជាជនអាចទុកមួយចំនួនសម្រាប់ហូប ហើយយកស្រូវខ្លះយកទៅលក់ ឲ្យរដ្ឋដើម្បីបានលុយ។

សំណួរដែលត្រូវសួរ តើប្រជាជនយកលុយទៅទិញអ្វី?ត្រូវទិញអង្ករ ទិញបន្លែ ទិញសាច់ ក្នុងមួយថ្ងៃពីរពេល ដូចដែរប្រជាជនរស់នៅភ្នំពេញ ជំនាន់លន់នល់ឬទេ?

មិនចាំបាច់ទេ ព្រោះប្រជាជននៅសហករណ៏ ជាអ្នកផលិតទាំងអស់នោះទៅហើយ បានសេចក្តីថា សកម្មភាពទិញលក់ទំនិញចាំបាច់ ត្រូវបានកាត់បន្ថយស្ទើរតែទាំងអស់ទៅហើយ។ អ្វីដែលត្រូវទិញមានតែក្រណាត់ ប៉ុន្តែការទិញក្រណាត់ មិនធ្វើជារៀងរាល់ថ្ងៃ ដូចការទិញម្ហូបនោះទេ គឺមួយឆ្នាំទិញពី ២ ទៅ ៣ដងប៉ុណ្ណោះ ក្នុងករណីនេះ រដ្ឋអាចយកស្រូវពីសហករណ៏ ទៅលក់ឲ្យចិន រួចទិញក្រណាត់ មកផ្គត់ផ្គងឲ្យសហករណ៏វិញ ជាការស្រេច។ នេះជាសភាពការណ៏ជាក់ស្តែង ដែលកំណត់ឲ្យរដ្ឋធ្វើពាណិជ្ជកម្ម ជាមួយសហករណ៏ជាការគ្រប់គ្រាន់ មិនចាំបាច់ឲ្យរដ្ឋធ្វើពាណិជ្ជកម្មផ្ទាល់ ជាមួយប្រជាជនឡើយ មានន័យថា លុយហាក់ដូចជាគ្មានតួនាទីអ្វីទៀតទេ នេះជាមូលហេតុដែលប៉ុលពត យល់ថា ពុំចាំបាច់ប្រើប្រាស់លុយ ក្នុងសហករណ៏ឡើយ ព្រោះប៉ុលពត យល់ថា បើប្រជាជនចង់យកលុយទៅទិញក្រណាត់ គង់សហករណ៏ប្រមូលលុយពីប្រជាជន ទៅទិញពីរដ្ឋដដែល។

នៅពេលអ្នកកាសែត យូហ្គោស្លារី មកទស្សនកិច្ចនៅកម្ពុជា ឆ្នាំ១៩៧៨ បានសួរប៉ុលពត អំពីការមិនចាយលុយ ប៉ុលពត ពូកែបកស្រាយណាស់ ប៉ុន្តែទោះបីប៉ុលពត ពូកែហើយឆ្លាតយ៉ាងណាក៏ដោយ ដ៏គាត់មិនទាន់យល់អំពី អាថ៏កំបាំងរបស់លុយ ដែលធ្វើឲ្យសេដ្ឋកិច្ចរស់រវើក វិវត្តន៏ឆាប់រហ័ស មិនងាប់ក្រឡា ដូចសេដ្ឋកិច្ចរបស់ប៉ុលពតឡើយ។









ដោយ ៖ ប៊ី

ខ្មែរឡូត

111 LIKES
9 COMMENTS
អង្គារ ០៥ មីនា, ២០១៣ ម៉ោង ១២:៥៣

អត្ថបទផ្សេងៗ៖

មតិ

Copyright 2014 Khmerload