ស្វាយរៀងៈ បើទោះបីជាព្រះអង្គ ព្រះមហា វីរៈក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុបានយាង ចូលព្រះទិវង្គត ទៅហើយក្ដី ប៉ុន្តែព្រះអង្គបាន បន្សល់ទុកនូវស្នា ព្រះហស្ថជាច្រើន សម្រាប់ប្រទេសមួយ ដែលព្រះអង្គ ធ្លាប់បានចំណាយ ពេលស្ទើរមួយ ព្រះជន្មាយុ របស់ព្រះអង្គក្នុងការដឹកនាំប្រទេស ដ៏តូចកម្សត់មួយ នេះឆ្ពោះទៅរកត្រើយសុភមង្គល។

ក្រៅពីរឿងនយោបាយ ដែលព្រះអង្គបានធ្វើចំពោះប្រទេសជាតិនោះ រឿងរ៉ាវឯកជនរបស់ព្រះអង្គក៏ត្រូវបានគេ ចាប់អារម្មណ៍ ផងដែរ ជាពិសេសរឿងរ៉ាវទាក់ទងជិវិតស្នេហារបស់ព្រះអង្គកាលពីយុវវ័យ រហូតដល់ពួកអ្នក កាសែត លោកខាងលិច បានប្រសិទ្ធព្រះនាមព្រះអង្គថា «Play Boy»។

ជាក្សត្រមួយ អង្គដែលមិនទាន់បានបញ្ចប់មធ្យមសិក្សានៅឡើយ ត្រូវបានលើកឲ្យឡើងសោយរាជ្យ ដោយប្រទេស បារាំង ព្រះមហាក្សត្រ សីហនុ គឺជាក្សត្រមានព្រះជន្មវ័យក្មេង បន្ទាប់ពីម្ចាស់ក្សត្រីយ៍ អង្គ មី បុត្រីព្រះបាទឧទ័យ រាជា «អង្គច័ន្ទ» ដែលប្រទេសយួនបានលើកបន្តុបឲ្យឡើងសោយរាជ្យ កាលពី១០០ឆ្នាំមុន ខណៈប្រទេសកម្ពុជា ស្ថិតនៅក្រោមអាណាព្យាបាលរបស់បរទេស ក្នុងរយៈពេលប្រមាណ ជាងមួយសតវត្សរ៍ ចុងក្រោយនេះ។

អគ្គទេសាភិបាលបារាំងប្រចាំនៅកម្ពុជាលោក ធីបូដូ (Tibaudau) បានចាត់ទុកថាក្សត្រវ័យក្មេងរូបនេះថា អាច និងស្ដាប់បង្គាប់ និងជាក្សត្រ ដ៏ត្រឹមត្រូវមួយព្រះអង្គខុសពីព្រះមហាក្សត្រមុនៗ របស់កម្ពុជា ដែលមានស្រី ស្នំ រាប់ពុំអស់ តែក្ដីសង្ឃឹមនេះហាក់ដូចជាខុសស្រឡះពេលដែលរាជ្យរបស់ព្រះអង្គបានចាប់ផ្ដើម។ គ្រាន់តែ សោយរាជ្យបានប្រមាណ៥ខែ សម្ដេចព្រះ នរោត្តម សីហនុ ពិតជាពុំអាចទប់ព្រះទ័យមិនឲ្យធ្លាក់ក្នុងអន្លង់ ស្នេហ៍ នាថការិនីរបាំព្រះរាជ្យទ្រព្យ គឺអ្នកនាង ផាត់ កាញ៉ុល បាននោះទេ បើទោះបីជាស្នេហាមួយនេះ ត្រូវបានជំទាស់ ដោយអគ្គទេសាភិបាលប្រចាំប្រទេសកម្ពុជា ធីបូដូ និងព្រះអយ្យកោ សុធារស យ៉ាងណាក៏ដោយ។

ស្នេហាដែលមានរយៈពេលប្រមាណពីរឆ្នាំបានធ្វើឲ្យព្រះអង្គទទួលបានបុត្រពីរព្រះអង្គ គឺម្ចាស់ក្សត្រីយ៍ព្រះរាម នរោត្តម បុប្ផាទេវី នាឆ្នាំ១៩៤៣ និងព្រះអង្គម្ចាស់ រណឬទ្ធិ ក្នុងឆ្នាំ១៩៤៤។ ម្ចាស់ក្សត្រីយ៍ បុប្ផាទេវី បានរៀប អភិសេកជាមួយព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ជីវ័ន្តមុនីរក្ស ហើយក្រោយមកក៏បានលែងលះគ្នា ដោយម្ចាស់ក្សត្រីយ៍ បាន មករៀបអភិសេកជាមួយលោក ខែក វណ្ឌី ដោយឡែកព្រះអង្គម្ចាស់ រណឬទ្ធិ បានរៀបអភិសេក ជាមួយ កញ្ញា អេង ម៉ារី តែអភិសេកមួយនេះមិនគង់វង្សដែរ ដោយបច្ចុប្បន្នព្រះអង្គមានមហេសីវ័យក្មេងម្នាក់ទៀត គឺអ្នកម្នាង អ៊ុក ផល្លា។

ក្នុងឆ្នាំ១៩៧៥ ពេលដែលខ្មែរក្រហមឡើងកាន់អំណាច ពួកគេបានយាងសម្ដេចព្រះ នរោត្តម សីហនុ ចូលស្រុក បុត្រាបុត្រីទាំងពីរព្រះអង្គបានបដិសេធក្នុងការវិលត្រលប់ចូលមកក្នុងប្រទេសវិញ សុខចិត្តគង់នៅប្រទេសបារាំង ហេតុដូច្នោះហើយបានជាព្រះអង្គមានព្រះជន្មរហូតដល់សព្វថ្ងៃនេះ។
ក្នុងឆ្នាំ១៩៤២នេះដែរសម្ដេចព្រះ នរោត្តម សីហនុ បានទាក់ទងជាមួយព្រះមាតុច្ឆាបង្កើតរបស់ខ្លួន គឺព្រះអង្គ ម្ចាស់ ក្សត្រីយ៍ ស៊ីសុវត្ថិ ពង្សសានមុនី បុត្រីរបស់អតីតព្រះមហាក្សត្រ ស៊ីសុវត្ថិ មុនីវង្ស ជាមួយអ្នកម្នាង ឃុន ណាត។ ដូចគ្រាមុនដែរ ស្នេហាមួយនេះត្រូវបានជំទាស់យ៉ាងដាច់អហង្ការពីសំណាក់ព្រះមាតារបស់ទ្រង់ គឺសម្ដេចព្រះម ហាក្សត្រីយ៍កុសមៈ និងអគ្គទេសាភិបាលបារាំងថ្មីប្រចាំកម្ពុជា លោក ហ្សក ហ្កាតទា។

តែទោះបីជាមានការជំទាស់ ពីសំណាក់មាតារបស់ទ្រង់ និងអគ្គទេសាភិបាលបារាំងក្ដី ក៏ព្រះអង្គនៅប្រឹងជម្នះ តស៊ូចង់រៀបការជាមួយម្ចាស់ ក្សត្រីយ៍ ពង្សសានមុនី រហូតដល់ព្រះអង្គគំរាម នឹងដាក់រាជ្យសម្បត្តិ ដោយយក គំរូតាមស្ដេច អេឌូអាដ របស់ចក្រ ភពអង្គគ្លេស ក្នុងការរៀបការជាមួយស្រ្តីមេម៉ាយពីរដងម្នាក់គឺអ្នកស្រី សាំសុន ដែរជាជនជាតិអាមេរិក ។ ការលះ បង់ដ៏ធំធេងសម្រាប់ស្នេហាមួយរបស់ស្ដេច អេឌូអាដ ត្រូវបានគេសើច ចំអកពាសពេញពិភពលោក។ ដោយឡែក សម្ដេច សីហនុ វិញ ព្រះអង្គបានបរាជ័យក្នុងការតស៊ូ ដើម្បីស្នេហាមួយនេះ។

រយៈពេល៩ឆ្នាំ នៃចំណង ស្នេហ៍ជាមួយម្ចាស់ក្សត្រីយ៍ ពង្សសានមុនី បានបន្សល់ទុកនៅបុត្រាបុត្រីចំនួន៧ ព្រះអង្គ គឺព្រះអង្គម្ចាស់ នរោត្តម យុវនាថ ព្រះអង្គម្ចាស់ ចក្រពង្ស ព្រះអង្គម្ចាស់ រៈវីវង្ស ព្រះអង្គម្ចាស់ ខេមានុរក្ស ម្ចាស់ ក្សត្រីយ៍ សូរិយារង្សី ម្ចាស់ក្សត្រីយ៍ គន្ធបុប្ផា និងម្ចាស់ក្សត្រីយ៍ បុទុមបុប្ផា ។ ក្នុងចំណោមបុត្រាបុត្រី ទាំង៧អង្គ ជា មួយម្ចាស់ក្សត្រីយ៍ ពង្សសានមុនី រហូតមកដល់បច្ចុប្បន្ននេះនៅមានព្រះជន្មតែពីរព្រះអង្គប៉ុណ្ណោះ គឺព្រះអង្គម្ចាស់ យុវនាថ និងព្រះអង្គម្ចាស់ ចក្សពង្ស។

ដោយឡែកបុត្រាបុត្រី៤អង្គទៀត ត្រូវបានសម្លាប់ក្នុងរបបខ្មែរក្រហមដោយគ្មានបន្សល់ទុកនៅបុត្រាបុត្រីនោះទេ គឺលើកលែងតែម្ចាស់ក្សត្រីយ៍ សូរិយារង្សី មួយអង្គគត់ ដែលនៅមានបុត្រា១ព្រះអង្គ មានព្រះជន្មរហូតដល់សព្វ ថ្ងៃនេះ គឺព្រះអង្គម្ចាស់ នរោត្តម សូរិយារង្សី មីស្ហែល ដែលបច្ចុប្បន្នទ្រង់ស្នាក់នៅជាមួយសម្ដេច ជា ស៊ីម ប្រធាន ព្រឹទ្ធសភា។ ចំណែកឯម្ចាស់ក្សត្រីយ៍ គន្ធបុប្ផា ទ្រង់បានសោយទីវង្គតតាំងពីមានព្រះជន្ម ៤វស្សាមកម្ល៉េះ ដោយជំងឺ គ្រុនឈាម។

គួររំលឹកថា ព្រះអយ្យកោ សុធារស របស់សម្ដេច សីហនុ ចង់ឲ្យព្រះអង្គរៀបអភិសេក ជាមួយម្ចាស់ក្សត្រីយ៍ជន ជាតិថៃ តែដោយឡែកអគ្គទេសាភិបាលបារាំងប្រចាំនៅកម្ពុជា លោក ហ្សក ហ្កាតទា ចង់ឲ្យសម្ដេច សីហនុ រៀប ការជាមួយកញ្ញា ជួន ជឿម ជាចៅស្រីបង្កើតរបស់អតីតៈនាយករដ្ឋមន្រ្តី ជូន ដ៏ល្បីល្បាញដែលបានអុកឡុកស្ដេច អស់បីជំនាន់មកហើយ។ លោក ហ្កាតទា បានប្រៀបប្រដូចកញ្ញា ជួន ជឿម ទៅនិងម្ចាស់ក្សត្រីយ៍ ណាំ ផូង ព្រះ មហេសីព្រះចៅ បាវ ដាយ នៃប្រទេសយួន និងបានចាត់ទុកគ្រូសារ ជួន ជាគ្រូសារដែលមានការអប់រំបានខ្ពស់ជា ងគេនៅប្រទេសកម្ពុជា ដោយក្នុងនោះមាន ជួន ជឿន វេជ្ជបណ្ឌិតដ៏ល្បីល្បាញ ជួន ប្រសិទ្ធិ អ្នកការទូតដ៏ចំណាន និង ជួន មុំ គឺជាវិស្វករអាតូមិច ដូចលោក គាត ឈន់ ដែរ។

ប៉ុន្តែជាការគួរឲ្យសោកស្ដាយដែលសម្រស់របស់កញ្ញា ជួន ជឿម មិនបានទាក់ទាញចិត្តសម្ដេច សីហនុ បានទាល់តែសោះ ហើយការប្រកែកមិនទទួលយកកញ្ញា ជួន ជឿម មកធ្វើជាមហេសី វាមានន័យស្មើ និងការប្រមាថចំពោះគ្រួសារអភិជនមួយនេះផងដែរ។

ប្រហែលជាបញ្ហានេះហើយបានជាក្រោយមកក្រុមគ្រូសារត្រកូល ជួន បានក្លាយជាអ្នកប្រឆាំងនិងសម្ដេច សីហនុ យ៉ាងផ្កាប់មុខតែម្ដង ដែលក្នុងនោះ ប៊ុន ច័ណ្ណម៉ុល មេខ្មែរឥស្សរៈហាក់ដូចជាចេញ មុខចេញមាត់ ជាងគេ។ គ្រូសារ ដ៏មានឥទ្ធិពលនេះ បានខកចិត្តម្ដងហើយពេលដែលអាណាព្យាបាលបារាំងបានលើកសម្ដេច សីហនុ ឲ្យឡើង សោយរាជ្យរំលងបុត្រាច្បងរបស់សពព្រះមហាក្សត្រ មុនីវង្ស គឺសម្ដេចក្រុមព្រះ ស៊ីសុវត្ថិ មុនីរ៉េត ដែលមានមហេ សីឈ្មោះ ប៉ុក វ៉ាណេ កូនស្រីលោក ប៉ុក ហ៊ែល ជាកូនប្រសាររបស់ អតីតនាយករដ្ឋមន្រ្តីជូន។

កញ្ញា ជួន ជឿម ក្រោយមកបានរៀបការជាមួយ លោក ឈាន វ៉ម ត្រូវបានគណបក្សប្រជាធិបតេយ្យបោះឆ្នោត តែងតាំងជានាយករដ្ឋមន្រ្តីជំនួសព្រះអង្គម្ចាស់ ស៊ីសុវត្ថិ យុត្តិវង្ស ជាជនជាតិខ្មែរដំបូងគេ ដែលទទួលបានសញ្ញា ប័ត្របណ្ឌិតគណិតវិទ្យា ពីប្រទេសបារាំង តែព្រះអង្គបានសោយទិវង្គត នៅឆ្នាំ១៩៤៧ក្នុងព្រះជន្ម ៣៥ព្រះវស្សា ដោយជំងឺរបេង និងបានបន្សល់ទុកព្រះជាយាជនជាតិបារាំងរបស់ទ្រង់ អ្នកម្នាង ដូមីនិក ឲ្យក្លាយទៅជាស្រ្តីមេ ម៉ាយ។

នៅក្នុងចន្លោះឆ្នាំ១៩៤០នេះដែរសម្ដេចព្រះមហាវីរៈក្សត្រក៏បានទាក់ទង ស្នេហាជាមួយព្រះញាតិវង្ស របស់ព្រះអង្គ ពីរព្រះអង្គផ្សេងទៀត គឺម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ មុនីកេសន ដែលជាព្រះមាតុច្ឆា របស់ព្រះអង្គ និងជាមួយបងប្អូន ជីដូនមួយបង្កើតរបស់ព្រះអង្គ គឺម្ចាស់ក្សត្រីយ៍ នរោត្តម នលក្ខណ៍ បុត្រីម្ចាស់ក្សត្រីយ៍ កន្ថាវ៉េត បងស្រីរបស់ព្រះ មហាក្សត្រីយ៍ កុសមៈ ។ ម្ចាស់ក្សត្រីយ៍ នល្ខណ៍ ដែលជាស្រ្តីមេម៉ាយ អតីត ព្រះជាយា របស់ព្រះអង្គម្ចាស់ នរោ ត្តម មគ្គរីវណ្ណ ប្រធានពិធីការរបស់ព្រះបរមរាជវាំង។ ស្នេហាជាមួយម្ចាស់ក្សត្រីយ៍ មុនីកេសន សម្ដេច សីហនុ ទទួលបានបុត្រមួយព្រះអង្គ គឺព្រះអង្គម្ចាស់ នរោត្តម នរៈទីប៉ោ។

ក្នុងចំណោមបុត្រទាំងអស់ នរៈទីប៉ោ ទ្រង់កម្សត់ ជាងគេ ព្រោះគ្រាន់តែប្រសូតិបានប៉ុន្មានម៉ោងមាតារបស់ទ្រង់ ក៏បានលាចាកលោកនេះ គួរឲ្យរន្ធត់ ហើយព្រះអង្គ ម្ចាស់ផ្ទាល់ត្រូវបានខ្មែរក្រហម សម្លាប់ពេលខ្មែរក្រហម ឡើងកាន់កាប់អំណាចអំឡុងឆ្នាំ១៩៧៥ បើទោះបីជាព្រះ អង្គជាអ្នកកុម្មុយនីស្តនិយមយ៉ាងណាក៏ដោយ។ នេះ ប្រហែលជាព្រះអង្គមានការប្រៀបធៀបលទ្ធិកុម្មុយនីស្តចិន ដែលព្រះអង្គបានអប់រំនៅទីនោះ និងកុម្មុយនីស្ត របស់ខ្មែរក្រហម មានការខុសគ្នាហើយមើលទៅ បានជាខ្មែរ ក្រហមសម្លាប់ព្រះអង្គ។ ចំណែកជីវិតស្នេហា ជាមួយម្ចាស់ក្សត្រីយ៍ នលក្ខណ៍ ដែលព្រះបាទ នរោត្តម សីហនុ បានរៀបអភិសេកជាមួយ នៅក្នុង ឆ្នាំ១៩៥៥នោះ មិនមានបុត្រាបុត្រីនោះទេ។

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសលាវក្នុងឆ្នាំ១៩៤៩ សម្រស់របស់យុវតីលាវម្នាក់ គឺនាង ម៉ានីវណ្ណ ផានី វង្ស បានឆាបយកបេះដូងរបស់ព្រះអង្គបានមួយរំពេច។ ដោយសារប្រពៃណី ជនជាតិលាវដែលត្រូវតែឲ្យមានពិធី រៀបអភិសេកនោះ សម្ដេច សីហនុ បានរៀបអភិសេកជានិមិត្តរូបជាមួយយុវតីលាវរូបនេះ ដោយមានការ ចូល រួមពី ព្រះមាតុច្ឆារបស់ទ្រង់ គឺម្ចាស់ក្សត្រីយ៍ នរោត្តម រស្មីសុផាណា និងម្ចាស់ក្សត្រីយ៍ នរោត្តម មុំកេតកញ្ញា។

ចំណង ស្នេហាជាមួយក្រមុំលាវនេះ បានផ្ដល់កំណើតបុត្រីពីរព្រះអង្គ គឺម្ចាស់ក្សត្រីយ៍ នរោត្តម សុជាតា និង ម្ចាស់ក្សត្រីយ៏ អារុណរស្មី ។ ម្ចាស់ក្សត្រីយ៍ សុជាតា ត្រូវបានខ្មែរក្រហមសម្លាប់ ក្នុងការចាប់ខ្លួនជាមួយ ព្រះអង្គ ម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ នៅរាជធានីភ្នំពេញ ដោយឡែកម្ចាស់ក្សត្រីយ៍ អារុណរស្មី ត្រូវបានភៀសខ្លួនទៅ កាន់ សហរដ្ឋអាមេរិក ជាមួយព្រះស្វាមី ដែលជាបុត្ររបស់ព្រះអង្គម្ចាស់ សិរីមតៈ គឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សេរីរ័ត្ន តែក្រោយមកម្ចាស់ ក្សត្រីយ៍ អារុណរស្មី និងទ្រង់ សេរីរ័ត្ន បានលែងលះគ្នា និងបានទៅរៀបការជាមួយលោក កែវ ពុទ្ធិរស្មី ។ ចំណែកឯព្រះនាង ម៉ានីវណ្ណ ផានីវង្ស ដែលក្រោយមកបានចូលរួមជាមួយនិង លន់ ណុល ដោយសារតែខឹងការ បោះបង់នាងចោលពីសំណាក់សម្ដេច សីហនុ ក៏ត្រូវបានខ្មែរក្រហមសម្លាប់ផងដែរ។

ស្នេហាចុងក្រោយរបស់ព្រះមហាវីរៈក្សត្រ ដែលធ្វើឲ្យព្រះអង្គឈប់បន្តផ្សងព្រេង និងស្នេហាបន្តទៅទៀតនោះ គឺ ជាមួយអ្នកម្នាង អ៊ុំ មុនីនាថ ឬ ម៉ូនិចអ៊ីស្ស៊ី ជាបុត្ររបស់លោក អ៊ីស្ស៊ី ជនជាតិបារាំងកាត់អ៊ីតាលី និងអ្នកស្រី ប៉ុម ពាង។ លោក អ៊ីស្ស៊ី គឺជាមិត្តម្នាក់របស់ព្រះអង្គម្ចាស់ សុរាម្រិត ព្រះបិតាសម្ដេច សីហនុ ហេតុដូច្នោះហើយ ទើប ធ្វើឲ្យព្រះអង្គបានស្គាល់កញ្ញា ម៉ូនិក យ៉ាងច្បាស់តាំងពីនៅកុមារភាពមកម្ល៉េះ ក៏ប៉ុន្តែសេចក្ដីស្នេហាបានឆាបឆេះ ឡើង នៅពេលដែលមានការប្រលងបវរកញ្ញានៅវិទ្យាល័យព្រះស៊ីសុវត្ថិ ដែលទ្រង់បានចូលរួមក្នុងពិធីនោះ។

ម្ដាយកញ្ញា ម៉ូនិក អ្នកស្រី ប៉ុម ពាង ហាក់ដូចជាស្ទាក់ស្ទើរក្នុងការលើកកូនស្រីសំណព្វចិត្តរបស់ខ្លួន ធ្វើជាមហេសី របស់សម្ដេច សីហនុ ព្រោះតែអ្នកស្រីបានចាត់ទុកព្រះអង្គមានចិត្តសាវ៉ាពេកក្នុងរឿងស្នេហានេះ។ ក៏ប៉ុន្តែនៅទីបំ ផុតព្រះអង្គបានសម្រេចជោគជ័យក្នុងការតាមស្នេហ៍កញ្ញា ម៉ូនិក និងក្រោយ មកបានរៀប អភិសេកជាមួយគ្នាដោយ បានចាត់ទុកកញ្ញា ម៉ូនិក ជាភរិយាទី២ បន្ទាប់ពីម្ចាស់ក្សត្រីយ៍ នលក្ខណ៍ ដែលជាភរិយាទី១។

ចំណងស្នេហ៍ជាមួយអ្នកម្នាង ម៉ូនិក ព្រះអង្គបានទទួលចំណងដៃនូវបុត្រា២ព្រះអង្គ គឺព្រះអង្គម្ចាស់ នរោត្តម សីហ មុនី និងព្រះអង្គម្ចាស់ នរិន្ទៈពង្ស។ ព្រះអង្គម្ចាស់ សីហមុនី ក្រោយមកត្រូវ បានក្រុមប្រឹក្សា ព្រះរាជបល្ល័ង្ក បោះឆ្នោត ជ្រើសតាំងជាព្រះមហាក្សត្រជំនួសព្រះបិតារបស់ទ្រង់ ដែលបានដាក់រាជ្យសម្បត្តិនៅក្នុងឆ្នាំ២០០៤។ ព្រះអង្គជា ក្សត្រ ដែលគ្មានមហិច្ចតានយោបាយ និងជាក្សត្រប្រកបដោយទស្សពិតរាជធម៌។

មកដល់ចំណុចនេះប្រហែលជាត្រូវបរិយាយបន្តិចពីព្រះអង្គម្ចាស់ នរិន្ទៈពង្ស ដែលជាបុត្រមួយអង្គ ដែលធ្វើឲ្យព្រះ មហាវិរៈក្សត្រចុកចាប់ព្រះឱរ៉ាជាងគេក្នុងចំណោមបុត្រាបុត្រីទាំង១៤អង្គរបស់ទ្រង់។ ព្រះអង្គម្ចាស់ នរិន្ទៈពង្ស ត្រូវ បានបញ្ជូនឲ្យទៅសិក្សានៅសហភាពសូវៀត ដោយឡែកព្រះអង្គម្ចាស់ សីហមុនី ត្រូវបានបញ្ជូនទៅសិក្សានៅ ប្រទេសឆេកូស្លូវ៉ាគី និងក្រោយមកបន្តការសិក្សានៅប្រទេសកូរ៉េខាងជើង។ ខុសពី ព្រះរៀមរបស់ព្រះអង្គដែលបាន ការពារព្រះបិតារបស់ខ្លួន ទ្រង់ នរិន្ទៈពង្ស ខណៈ ដែលក្រុមខ្មែរក្រហម ឡើង កាន់អំណាចចន្លោះឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩ ដោយពួកគេបានឃុំឃាំងព្រះមហាវីរៈក្សត្រ និងព្រះញាតិវង្ស មួយចំនួននៅក្នុងព្រះបរមរាជវាំង ព្រះ អង្គម្ចាស់ នរិន្ទៈពង្ស រួមជាមួយបងប្អូនជីដូនមួយរបស់ទ្រង់ គឺព្រះអង្គ ម្ចាស់ ស៊ីសុវត្ថិ ចិត្រា ព្រះអនុជព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ និងជាបុត្រាព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មេថាវី និងអ្នកម្នាង អ៊ុំ ណាណែតអ៊ីស្ស៊ី បងស្រីបង្កើតអ្នកម្នាង ម៉ូនិក បានក្លាយជាមនុស្សដ៏ ស្និទ្ធស្នាលជាមួយខ្មែរ ក្រហម និងបានក្លាយជាសត្រូវស្លាប់រស់ជាមួយព្រះបិតាឯង ដោយរួមគ្នាប្រមាថការដឹកនាំរបស់ របបសង្គមរាស្រ្ត និយមថាជារបបសក្ដិភូមិ ព្រមទាំងបានសម្លុតគំរាមកំហែង ព្រះ ញាតិវង្សមួយចំនួន ដោយទាំងពីរព្រះអង្គបាន លើកតម្កើងការដឹកនាំរបស់ខ្មែរក្រហមថា ត្រឹមត្រូវដែលអាចលុប បំបាត់របបមូលធននិយម ដែលបានជិះជាន់ វណ្ណៈកសិករកន្លងមក។

បន្ទាប់ពីប្រទេសវៀតណាមបានផ្ដួលរំលំរបបខ្មែរក្រហម ខ្មែរក្រហមបានជម្លៀសសម្ដេច សីហនុ និងព្រះញាតិ វង្ស មួយចំនួនទៅកាន់ប្រទេសចិន។ បើទោះបីជាមិត្តភ័ក្តិព្រះអង្គ លោក ម៉ៅ សេទុង និងលោក ជូ អេនឡាយ បាន ស្លាប់ទៅហើយក្ដី ក៏ក្រុមអ្នកដឹកនាំចិនជំនាន់ក្រោយ នៅតែយកចិត្តទុកដាក់ និងព្រះអង្គជាពិសេស ឧបនាយករដ្ឋ មន្រ្តីចិន តេង ស៊ាវពីង ដែលក្រោយមកបានក្លាយជាប្រធានាធិបតីកែទម្រង់ចិនដំបូងគេ បានកសាងព្រះដំណាក់ ដ៏ស្កឹមស្កៃនៅទីក្រុងប៉េកាំងថ្វាយព្រះអង្គ និងព្រះញាតិវង្សសម្រាប់គង់នៅ ក៏ប៉ុន្តែ សម្ដេច សីហនុ បានបដិសេធ ក្នុងការគង់នៅជាមួយព្រះអង្គម្ចាស់ នរិន្ទៈពង្ស និងព្រះអង្គម្ចាស់ ចិត្រា ដោយ ព្រះអង្គហាក់ដូចជាបានដាក់គំនាប ដល់ប្រទេសចិនឲ្យជ្រើសរើសរវាងព្រះអង្គ និងព្រះអង្គម្ចាស់ទាំងពីរ។

ដោយជ្រើសរើសយកសម្ដេច សីហនុ ប្រទេសចិន បានបញ្ជូនព្រះអង្គម្ចាស់ទាំងពីរឲ្យស្នាក់នៅកន្លែងផ្សេង និងក្រោយមកព្រះអង្គម្ចាស់ទាំងពីរ បាន យាងទៅរស់នៅប្រទេសបារាំង។ ក្នុងការរស់នៅប្រទេស បារាំងព្រះអង្គម្ចាស់ និរិន្ទៈពង្ស នៅតែបន្តបកអាក្រាត និងរិះគន់ព្រះបិតាខ្លួនយ៉ាងខ្លាំងក្លាដដែល ហើយ នៅទីនោះព្រះអង្គបានរៀបការជាមួយស្រ្តីម្នាក់ ដោយទទួលបាន ចំណងដៃនូវព្រះបុត្រីពីរព្រះអង្គ។
បន្ទាប់ពីព្រះបិតាទ្រង់បានគ្រងរាជ្យសម្បត្តិឡើងវិញជាលើកទី២ ក្នុងការយាងមកកាន់រាជវាំងភ្នំពេញម្ដងម្កាល

ព្រះ អង្គម្ចាស់ នរិន្ទៈពង្ស បានទាក់ទងជាមួយស្រ្តីបម្រើការនៅក្នុងវាំងម្នាក់ ដោយទទួលបានបុត្រាមួយអង្គ គឺព្រះអង្គ ម្ចាស់ នរោត្តម ដារ៉ាទីណូ។ ព្រះអង្គបានសោយទីវង្គតនៅប្រទេសបារាំងក្នុងចន្លោះឆ្នាំ ២០០៣ ដោយជំងឺគាំង បេះដូង ហើយព្រះសពត្រូវបានព្រះរៀមរបស់ទ្រង់ គឺព្រះអង្គម្ចាស់ សីហមុនី ទៅដង្ហែ យកមកកាន់រាជធានីភ្នំពេញ និងបានថ្វាយព្រះភ្លើងដោយព្រះបិតារបស់ទ្រង់។

នៅក្នុងដំណើរផ្សងព្រេងស្នេហាផ្សេងៗទៀត របស់ព្រះមហាវិរៈក្សត្រ ទ្រង់បានផ្សងព្រេងជាមួយនារីស្អាតៗ ជា ច្រើន ជាពិសេសជាមួយអតីតៈស្រីស្នំរបស់ព្រះអយ្យកោខាងមាតារបស់ទ្រង់ គឺព្រះបាទ មុនីវង្ស ក៏ប៉ុន្តែ មានតែនារី ៥នាក់ទេ ដែលមានបុត្រាបុត្រីជាមួយព្រះអង្គ ហើយរហូតមកដល់ពេលនេះ ក្នុងចំណោមបុត្រា បុត្រីទាំង ១៤អង្គ នៅមានព្រះជន្មតែ៦អង្គប៉ុណ្ណោះ៕

ដកស្រង់ចេញពីសៀវភៅព្រះរាជនិពន្ធដោយព្រះអង្គផ្ទាល់ «អនុស្សាវរីយ៍ ផ្អែមល្ហែម និងជូចត់» និងសៀវភៅ «អ្នកទោសខ្មែរក្រហម និង កម្ពុជា ក្នុងព្យុះសង្រ្គាម»

www.dap-news.com

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]