រាជធានីភ្នំពេញ ៖ អរុណោទ័យបានជះពន្លឺសាជាថ្មី បំភ្លឺភពផែនភសុធានាដែនដីសុវណ្ណភូមិ។ កម្ទេចរស្មីពេជ្រក៏បានរត់ប្រដេញគ្នាព្រិចៗ លើរលកផ្ទៃទឹកទន្លេចតុមុខ មុខព្រះបរមរាជវាំងនាព្រឹកថ្ងៃទី១ កុម្ភៈ ត្រូវនឹងថ្ងៃសុក្រ៦រោច ខែបុស្ស ឆ្នាំរោង ចត្វាស័ក ពុទ្ធសករាជ២៥៥៦ គ្រិស្តសករាជ២០១៣ ដែលព្រះរាជពិធីដង្ហែព្រះបរមសព ព្រះករុណាសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានចាប់ផ្តើមក្នុងភាពអធិកអធមក្រៃលែងបំផុត ក្រោមផ្ទៃមេឃស្រឡះខៀវស្រងាត់ បន្ទាប់ពីព្រះបរមសពបានតម្កល់ អស់រយៈពេល១០៩ ថ្ងៃក្នុងប្រាសាទទេវាវិនិច្ឆ័យនៃព្រះបរមរាជវាំង ។

តាំងពីព្រឹកព្រលឹមស្រាងៗ ព្រះករុណាសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្លូរ និងសុភមង្គល អ្នកមុខអ្នកការ នាម៉ឺនសព្វមុខមន្ត្រី សម្តេចព្រះសង្ឃរាជគ្រប់ឋានានុក្រម ឥស្សរជនកំពូលៗរបស់ជាតិមាន សម្តេចអគ្គមហាធម្មពោធិសាលជា ស៊ីម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត អស់លោកជាឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ព្រះរាជវង្សានុវង្ស សមាជិកសមាជិការដ្ឋសភា ព្រឹទ្ធសភា មន្ត្រីរាជការតាមស្ថាប័ននានា កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រជាពលរដ្ឋ ព្រមទាំងសិស្ស និស្សិតដែលមានចំនួនប្រមាណជិត១លាននាក់ បានចូលរួមក្នុងព្រះរាជពិធីដង្ហែព្រះបរមសពព្រះបរមរតនកោដ្ឋយាងទៅកាន់វាលព្រះបរមមេរុ ។

បន្ទាប់ពីបានប្រារព្ធព្រះរាជពិធីតាមព្រះរាជប្បវេណីព្រះពុទ្ធសាសនារួចមក ពិធីរំកិលព្រះបរមមញ្ជូសាបានរំកិលបន្តិចម្តងៗ ទៅលើព្រះ ទីនាំងបុស្បុកធំ ។ ក្នុងឱកាសនោះកាំភ្លើងធំ១០១ណាត់ ក៏បានចាប់ផ្តើមបាញ់លើកទី១ ក្នុងឱកាសដង្ហែព្រះបរមសពព្រះករុណាព្រះបរមរតនកោដ្ឋយាងសន្សឹមៗតាមតីរវិថីព្រះស៊ីសុវត្ថិ ។ លុះទៅដល់មុខវត្តឧណ្ណាលោម ព្រះសង្ឃ៩០អង្គថ្វាយព្រះសត្តប្បករណ៍ រួចពិធីដង្ហែក៏បានបន្តដំណើរទៅមុខបត់តាមវិថីបក្សីចាំក្រុងឆ្ពោះទៅវត្តភ្នំ ។ នៅតាមដងវិធីអមសងខាងព្រះរាជពិធីដង្ហែព្រះបរមសពព្រះករុណាព្រះបរមរតនកោដ្ឋ ប្រជាពលរដ្ឋទាំងប្រុសទាំងស្រី អង្គុយបត់ជើងដៃកាន់ធូប ផ្កាភ្ញី លើកដៃប្រណមក្នុងក្តីក្រៀមក្រំសោកស្តាយជាទីបំផុតចំពោះការបាត់បង់ព្រះអង្គ ។

បន្ទាប់ពីព្រះរាជពិធីដង្ហែបត់តាមវិថីបក្សីចាំក្រុងដល់ទៅខាងកើតវត្តភ្នំ និមន្តព្រះសង្ឃ៩០អង្គថ្វាយសត្តប្បករណ៍ម្តងទៀត រួចក៏បន្តដំណើរឆ្ពោះទៅកាន់មហាវិថីព្រះនរោត្តម ។ លុះទៅដល់មុខវិទ្យាល័យព្រះសីុសុវត្ថិ ក៏និមន្តព្រះសង្ឃ៩០អង្គថ្វាយសត្កប្បករណ៍ម្តងទៀត រួចក៏បន្តដំណើរឆ្ពោះទៅវិមានឯករាជ្យ ។ នៅពេលទៅដល់ខាងលិចវិមានឯករាជ្យក៏និមន្តព្រះសង្ឃ៩០អង្គ ថ្វាយព្រះសត្តប្បករណ៍ម្តងទៀត ។ បន្ទាប់មកក៏បន្តដំណើរឆ្ពោះតាមមហាវិថីព្រះសីហនុ បត់តាមវិថីសុធារស រួចបន្តដំណើរឆ្ពោះទៅព្រះមេរុ ដោយបត់ចូលតាមទ្វារខាងកើត ។

នៅក្នុងព្រះរាជពិធីដង្ហែព្រះបរមសពព្រះករុណាព្រះបរមរតនកោដ្ឋគឺមានរៀបចំជា១១ផែន ៖

ផែនទី១-ជាផែនជ័យ បង្ហាញនូវភាពរុងរឿង និងមោទនភាពជាតិក្រោមបាវចនា«ជាតិ សាសនា ព្រះមហាក្សត្រ »។ នៅមុខបង្អស់មានទង់ជាតិធំមួយនាំមុខ បន្ទាប់មកមានមនុស្ស៩នាក់កាន់ទង់ជាតិចំនួន៩ដើរជាបីជួរ និងបន្ទាប់ទៀតគឺទង់សាសនា ដើរតម្រៀបជាបីជួរដែរ នៅពីមុខទង់ព្រះមហាក្សត្រ៩ រៀបជាបីជួរ ។ ទង់ទាំងបីប្រភេទនេះតំណាងឱ្យជាតិ សាសនា ព្រះមហាក្សត្រ ។

ផែនទី២-ជាផែនបង្ហាញពីសក្តានុពលនៃអំណាចកម្លាំងទ័ពគ្រប់ប្រភេទ និងកម្លាំងយុវជន នាំមុខនូវភ្លេងត្រែទ័ពមួយក្រុម បន្ទាប់មកគឺជាកងព្រះរាជង្គរក្ស៩០រូប ក្នុងសម័យសង្គមរាស្ត្រនិយមដែលគេហៅថា ទាហានហ្លួង ។

ផែនទី៣-បង្ហាញអំពីអត្ថិភាពនៃព្រះរាជប្បវេណី និងព្រះរាជកេតនភណ្ឌ ។ ផែននេះនាំមុខដោយភ្លេងពិណពាទ្យវង់ធំមួយវង់ មាន១៣រូប ស្លៀកសំពត់ក្បិនស អាវកុតស ប៉ានដៃខ្មៅ ស្បែកជើងស្រោមជើងស ។ ភ្លេងពិណពាទ្យនេះមានអ្នករុញ៨នាក់ស្លៀកខោខៀវ ពាក់អាវក្រហម មួកស្មាច់ ស្បែកជើងផ្ទាត់ស ។

បន្ទាប់មក តម្រួត២៤រូបស្លៀកក្បិនស ពាក់អាវកុតស ប៉ានដៃខ្មៅ ស្បែកជើងស ស្រោមជើងស ។ បន្ទាប់មកទៀតមានទីនាំងមួយតម្កល់ព្រះបរមឆាយាល័ក្ខណ៍ព្រះករុណា ព្រះបរមរតនកោដ្ឋ ។

ផែនទី៤-បង្ហាញអំពីក្បួនមន្ត្រីក្រសួងនានា ផែននេះនាំមុខដោយភ្លេងឆៃយ៉ាំមួយវង់មានតន្ត្រីករ១២រូប ស្លៀកសំពត់ក្បិនស ពាក់អាវស ក្រវាត់ក្រមាស ស្រោមជើងនិងស្បែកជើងស ។ បន្ទាប់មកមានមន្ត្រីយោធា៥២រូបក្នុងឯកសណ្ឋានតាមកងឯកភាពរៀងៗខ្លួន ស័ក្តិ ប៉ានដៃខ្មៅ គ្រឿងឥស្សរិយយស ។ មន្ត្រីកិត្តិយស(ទីប្រឹក្សា៥០រូប និងឧកញ៉ា៤០រូប) កាន់ផ្កាឈូក ។

ផែនទី៥-ជាផែនភ្លេងនិងសហគមន៍ជនជាតិនានា ផែននេះនាំមុខមានមន្ត្រីព្រះបរមរាជវាំង២រូប ស្លៀកសំពត់ក្បិនស ពាក់អាវកុតស ប៉ានដៃខ្មៅ អាវផាយ ស្បែកជើងស្រោមជើងស ។

ផែនទី៦-ជាផែនរាជធានីខេត្ត ផែននេះមានមន្ត្រីរាជធានី-ខេត្ត កាន់ផ្កាឈូកដើរចំនួន១៨០រូប ស្លៀកពាក់ឯកសណ្ឋានកងឯកភាពរៀងៗខ្លួន ។

ផែនទី៧-ជាផែនព្រះពុទ្ធសាសនា រថយន្តបុស្បុកតូចមួយគ្រឿងតម្កល់ព្រះពុទ្ធរូបមានក្លស់១ ។ រថយន្តតូចមួយតម្កល់ព្រះត្រៃបិដក មានក្លស់មួយទីនាំងមួយគ្រឿងសម្រាប់ព្រះសង្ឃអភិធម្មមានក្លស់២ យុវជនកាយឫទ្ធិ កាន់សាដក៩០រូប ដើរអមក្រសួងអប់រំ ។

ផែនទី៨-ជាផែនក្បួននាំមុខព្រះបរមសព ផែននេះមានភ្លេងពិណពាទ្យវង់ធំមួយវង់ មានតន្ត្រីករ១៣រូបស្លៀកពាក់ក្បិនស ពាក់អាវកុតស ប៉ានដៃខ្មៅ ស្បែកជើងស្រោមជើងស មានអ្នករុញភ្លេងពិណពាទ្យ៨នាក់ សម្លៀកបំពាក់ខោខៀវ អាវក្រហម មួកស្មាច់ ស្បែកជើងផ្ទាត់ស ។ មានរថយន្តព្រះរាជវង្សានុវង្សក្សត្រី១ ទ្រង់គង់ប្រាយលាជមួយគ្រឿង ។

ផែនទី៩-ជាផែនព្រះទីនាំងបុស្បកតម្កល់ព្រះបរមមញ្ជូសា ។ នៅមុខផែនមានព្រះរាជវង្សានុវង្សក្សត្រាពីរព្រះអង្គទ្រង់គ្រឿង ព្រះពស្ត្រក្បិនស ព្រះភូសាកុតស ស័ក្តិ ប៉ានព្រះហស្តខ្មៅ ព្រះភូសាផាយ គ្រឿងឥស្សរិយយសព្យួរ ទ្រង់លំផក ព្រះសុពណ៌បាទុក ព្រះសុពណ៌កោសបាទុកស ។

បន្ទាប់មកនារីតែងជាទេវតា ៨រូប ថែរក្សាស្វេតច្ឆត្រដែលមានឫទ្ធានុភាព មានអ្នកថ្វាយព្រះក្លស់១រូប អ្នកថ្វាយព្រះវីជនី២រូប អ្នកថ្វាយព្រះបាំងសែង២រូប ដើរអមសងខាង ។ អុ្នកថ្វាយព្រះបាំងសែងដើរក្រោយ ។

-រថយន្តមួយគ្រឿងតម្កល់ខ្លឹមឆន្ទន៍ និងព្រះសង្ឃមាតិកា៨អង្គក្លស់១
-រថយន្តមួយគ្រឿងសម្រាប់ថ្នាក់ដឹកនាំកំពូល សម្តេចប្រធានរដ្ឋសភា សម្តេចនាយករដ្ឋមន្ត្រី និងសម្តេចចៅហ្វាវាំង ។
-រថយន្តមួយគ្រឿងសម្រាប់ព្រះរាជវង្សានុវង្សក្សត្រី ១គ្រឿង ក្សត្រា ។

ផែនទី១០-ក្បួនរបស់ព្រះរាជវង្សានុវង្សក្សត្រី ប្រជាពលរដ្ឋ គណៈប្រតិភូខេត្តនានា និងមហាជន ជំទាវខុនណាង បុរស ស្ត្រី សីលវន្តតាជី សីលវតីដូនជី

ផែនទី១១-ផែនរក្សាសន្តិសុខ សុវត្ថិភាពកន្ទុយក្បួន 
-ក្រុមរុញរថយន្ត កម្លាំងជំនួយ ៦០រូប (កម្លាំងយោធា) ។
សូមបញ្ជាក់ផងដែរថា ព្រះរាជពិធីបុណ្យតម្កល់និងព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសពមានរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១ កុម្ភៈ ដល់ថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០១៣ ។ 
-ថ្ងៃទី១ កុម្ភៈ គឺជាថ្ងៃដង្ហែព្រះបរមរតនកោដ្ឋចេញពីព្រះបរមរាជវាំង ទៅតម្កល់នៅវាលព្រះមេរុ រហូតដល់ថ្ងៃទី៤ កុម្ភៈ ទើបរៀបចំប្រារព្ធព្រះរាជពិធីថ្វាយព្រះភ្លើង ។
-នៅថ្ងៃទី៥ កុម្ភៈ ជាព្រះរាជពិធីរើសព្រះបរមធាតុ ព្រះបរមរតនកោដ្ឋ ។
-នៅថ្ងៃទី៦ កុម្ភៈ ជាព្រះរាជពិធីដង្ហែព្រះបរមធាតុ ព្រះបរមរតនកោដ្ឋទៅទន្លេចតុមុខ ។
-នៅថ្ងៃទី៧ កុម្ភៈ គឺជាព្រះរាជពិធីដង្ហែព្រះបរមធាតុព្រះបរមព្រះរតនកោដ្ឋទៅ ព្រះវិហារព្រះកែវមរកត នៅក្នុងព្រះបរមរាជវាំង ។

ប្រជារាស្ត្រខ្មែររាប់សិបម៉ឺននាក់ បានមកជួបជុំគ្នាតាំងពីព្រលឹមស្រាងៗ នៅតាមដងផ្លូវសំខាន់ៗមួយចំនួន ដើម្បីចូលរួមក្នុងព្រះរាជពិធី ដង្ហែព្រះបរមរតនកោដ្ឋដែលបានប្រារព្ធធ្វើនៅថ្ងៃទី១ កុម្ភៈ ។ ពួកគាត់ម្នាក់ៗបាននាំគ្នាសម្តែងការសោកស្តាយ និងអាឡោះអាល័យរកអ្វីថ្លែងមិនបាន ដែលប្រទេសកម្ពុជាបានបាត់បង់ នូវមហាវីរក្សត្រមួយព្រះអង្គ ដែលធ្លាប់មានគុណបំណាច់ដ៏ធំធេង ក្នុងការកសាងប្រទេសជាតិ ឲ្យមានភាពរីកចម្រើននៅក្នុងសម័យសង្គមរាស្ត្រនិយម ។

ព្រះរាជដង្ហែព្រះបរមសពព្រះករុណា ព្រះបរមរតនកោដ្ឋ យាងទៅកាន់ព្រះទីនាំងបុស្បុក ដែលរចនាដោយនាគចំនួន៩០ដ៏ប្រណីត បានធ្វើឡើងសន្សឹមៗ នៅវេលាម៉ោង៨ព្រឹក អមជាមួយសំឡេងក្លងខែកយ៉ាងក្រៀមក្រំ និងរន្ធត់ជាពន់ពេក ។ ព្រះរាជវង្សានុវង្ស និងមន្រ្តីរាជរដ្ឋាភិបាល នៅពេលព្រះបរមសពដង្ហែមកដល់ បាននាំគ្នាលុតជង្គង់លើកដៃប្រណម្យ សំពះអមនៅសងខាងផ្លូវទាំងទឹកចិត្តក្រៀមក្រំខ្សឹកខ្សួល នឹកស្រណោះអាឡោះអាល័យចំពោះព្រះមហាវីរក្សត្រ ដែលយាងចាកឆ្ងាយជារៀងរហូតពីប្រជារាស្រ្តរបស់ព្រះអង្គ ។

នៅក្នុងពិធីដង្ហែព្រះបរមរតនកោដ្ឋទៅកាន់ទីព្រះមេរុ នៅព្រឹកថ្ងៃសុក្រទី១ កុម្ភៈនោះ ក្ដីសោកសៅ និងក្ដុកក្ដួលបានជ្រាបចូលក្នុងអារម្មណ៍របស់ប្រជារាស្ដ្រខ្មែរ ដែលម្នាក់ៗស្រក់ទឹកភ្នែកទាំងមិនដឹងខ្លួន ព្រោះតែការអាឡោះអាល័យ រកទីបំផុតគ្មាន ។

ក្បួនដង្ហែព្រះបរមសពមានចម្ងាយផ្លូវប្រមាណ៦គីឡូម៉ែត្រ ។ ការដង្ហែព្រះបរមសពព្រះករុណាព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រខ្មែរនាពេលនេះ មានន័យថា ព្រះអង្គលាកូនចៅ  ចៅទួត ជាលើកចុងក្រោយជារៀងរហូតពុំមានពេលវិលត្រឡប់មកវិញឡើយ ។

នៅវេលាម៉ោង១រសៀលថ្ងៃដដែល ព្រះបរមសព ព្រះករុណាព្រះបរមរតនកោដ្ឋ បានត្រូវលើកតម្កល់លើព្រះមហាបញ្ចាក្នុងវាលព្រះមេរុ ហើយព្រះរាជពិធីលើកតម្កល់ព្រះបរមសពត្រូវបានរៀបចំឡើងនៅចំពោះមុខព្រះភ័ក្រ្តសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត សម្តេចចៅហ្វាវាំង និងលោកជំទាវ មន្រ្តីជាន់ខ្ពស់ និងសមាជិករាជវង្សានុវង្ស អង្គទូត ព្រមទាំងអ្នកចូលរួមជាច្រើនរូបទៀត នៅក្នុងព្រះមេរុ ។ ការតម្កល់ព្រះបរមសពព្រះករុណា ព្រះបរមរតនកោដ្ឋ នៅលើព្រះមហាបញ្ចា គឺជាការចាប់ផ្តើមពិធីកាន់ព្រះរាជមរណទុក្ខផ្លូវការថ្ងៃទីមួយ ហើយបន្ទាប់ពីនេះ បើកជូនប្រជាពលរដ្ឋចូលថ្វាយបង្គំព្រះបរមសពរហូតដល់ម៉ោង៤រសៀលមុនពេលដែលព្រះរាជពិធីសាសនា ប្រារព្ធធ្វើនៅពេលល្ងាច រួចបន្តទៀតអុជប្រទីបជ្វាលានៅក្នុងព្រះមេរុ និងជុំវិញបរិវេណ ព្រមទាំងមានការអុជកាំជ្រួចភ្ញីទៀន ។

ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ ក្នុងបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ បានយាងចូលទិវង្គត កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០១២ នៅឯមន្ទីរពេទ្យទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន ។ ព្រះបរមសពសម្តេចឪ បានដង្ហែមកដល់មាតុភូមិនៅថ្ងៃទី១៧ ខែតុលាឆ្នាំ២០១២ ជាថ្ងៃដែលប្រជាជាតិទាំងមូលបានកាន់ទុក្ខព្រះអង្គលើកទី១ រហូតដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២ ។ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសអំពីថ្ងៃកាន់ព្រះរាជមរណទុក្ខរបស់ព្រះករុណា ព្រះបរមរតនកោដ្ឋលើកទី២ ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៣ គឺជាថ្ងៃនៃព្រះរាជពិធីដង្ហែព្រះបរមសព ដែលការកាន់ទុក្ខនេះនឹងបញ្ចប់ត្រឹមថ្ងៃទី៧ ខែកុម្ភៈ ។ ព្រះរាជពិធីថ្វាយព្រះភ្លើងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែកុម្ភៈ ដែលជាឱកាសចុងក្រោយនៃការលាគ្នារវាងព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ជាមួយប្រជាជនកម្ពុជាទូទៅដែលជាកូន ចៅ ចៅទួត ចៅលួតរបស់ព្រះអង្គ បន្ទាប់ពីព្រះបរមសពបានតម្កល់អស់រយៈពេលជាង៣ខែនៅក្នុងព្រះបរមរាជវាំង ។

អ៊ំស្រី យ៉ា សុខា ស្នាក់នៅក្នុងសង្កាត់ទួលស្វាយព្រៃនិយាយថា អ៊ំស្រីក៏ដូចជាប្រជារាស្ត្រខ្មែរនៅទូទាំងប្រទេស ពិតជាមានការសោកស្តាយយ៉ាងក្រៃលែងចំពោះការបាត់បង់ព្រះមហាវីរក្សត្រសម្តេចព្រះនរោត្តម សីហនុ ដែលជាក្សត្រដ៏ឆ្នើម ។ អ៊ំស្រី មិនអាចបំភ្លេចបានឡើយនូវគុណបំណាច់របស់ព្រះអង្គក្នុងការដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើន ហើយព្រះអង្គតែងតែមានចិត្តសន្តោសប្រណីនិងជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជារាស្ត្ររបស់ព្រះអង្គគ្រប់ពេលវេលា ។ អ៊ំស្រីបញ្ជាក់ថា នៅក្នុងព្រះរាជពិធីថ្វាយព្រះភ្លើងអ៊ំស្រីនឹងចូលរួមបន្តទៀត ដើម្បីសម្តែងការដឹងគុណជាលើកចុងក្រោយជាមួយនឹងការបាត់បង់ព្រះភក្រ្តរបស់ព្រះអង្គជារៀងរហូត ។

ចំណែកលោកអ៊ំ ប៉ា សុង រស់នៅក្នុងសង្កាត់ទួលស្វាយព្រៃ១ ក៏បាននិយាយដែរថា លោកអ៊ំក៏ដូចជាប្រជារាស្ត្រខ្មែរ ជាច្រើននាក់ទៀតពិតជាមានកិត្តិយសយ៉ាងធំធេង ដែលបានមកចូលរួមក្នុងពិធីដង្ហែព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រសម្តេចព្រះនរោត្តម សីហនុ នាពេលនេះ។ លោកអ៊ំបានសម្តែងការសោកស្តាយជាពន់ពេក ដែលព្រះអង្គបានសោយទិវង្គត ធ្វើឲ្យប្រជារាស្ត្រនៅទូទាំងប្រទេសក្រៀមក្រំចិត្ត និងសម្តែងមរណទុក្ខឥតឧបមារកអ្វីមកថ្លែងមិនបានឡើយ។ ស្នាដៃរបស់ព្រះអង្គ គឺមានការលេចធ្លោជាងគេបំផុត នៅក្នុងតំបន់អាស៊ីក្នុងការទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំង ដែលលោកអ៊ំបានចូលរួម ជាមួយព្រះអង្គតាំងពីកាន់កាំភ្លើងឈើនៅក្នុងឆ្នាំ១៩៥១។ លោកអ៊ំបានធ្វើការអំពាវនាវដល់រាជរដ្ឋាភិបាល និងប្រជារាស្ត្រខ្មែរទូទាំងប្រទេស ត្រូវដើរតាមព្រះរាជតម្រិះរបស់ព្រះបរមរតនកោដ្ឋក្នុងការដឹកនាំប្រទេសជាតិឲ្យមានសុខសន្តិភាព និងមិនមានការឈ្លានពានពីបរទេសណាមួយឡើយ ។

ព្រះតេជគុណសុខ ធាវី គង់នៅវត្តមហាមន្ត្រី បានមានថេរដីកាថា ការបាត់បង់ព្រះមហាវីរក្សត្រខ្មែរនាពេលនេះ គឺជាការបាត់បង់ដ៏ធំធេងមួយសម្រាប់ប្រជារាស្ត្រខ្មែរនៅទូទាំងប្រទេស ព្រោះព្រះអង្គមានគុណបំណាច់ និងស្នាដៃយ៉ាងធំធេងដែលបានបន្សល់ទុកដល់កូនខ្មែរជំនាន់ក្រោយ ។ ក្នុងនាមជាកូនខ្មែរ ទាំងព្រះសង្ឃ និងគ្រហស្ថត្រូវចូលរួមព្រះរាជមរណទុក្ខទាំងអស់គ្នាថ្វាយដល់ដួងព្រះវិញ្ញាណក្ខន្ធរបស់ព្រះបរមកោដ្ឋ និងសូមឱ្យព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គយាងទៅសោយសុខក្នុងសុគតិភព ៕





















បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]