មើលរឿង អាសអាភាស តាមទូរស័ព្ទ រហូតភ្លើងតណ្ហា ឡើងដល់កម្រិត ចាប់កូនចុងរំលោភ

សៅរ៍ ២៣ មិថុនា, ២០១២ ម៉ោង ១៩:១៣

ពោធិ៍សាត់ៈ ព្រោះតែភាពត្រេកត្រអាលនឹងកាម តណ្ហា ក្រោយពេលមើលរឿងអាសអាភាស តាមទូរស័ព្ទនោះ បានធ្វើឲ្យបុរសវ័យ ៥០ឆ្នាំម្នាក់ បានចាប់រំលោភកូនចុងអាយុ ១៤ឆ្នាំ ទាំងកណ្តាលយប់ ក្រោយពេលបែកការ ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅរំងាប់អារម្មណ៍ នៅពន្ធនាគារ។

មេប៉ុស្តិ៍នគរបាលសង្កាត់រលាប លោកអនុសេនីយ៍ត្រី អ៊ុន ហូ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា កាលពីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២ បុរសជាជនសង្ស័យ ឈ្មោះ ជុំ មាន អាយុ ៥០ឆ្នាំ រស់នៅក្នុងសង្កាត់ រលាប បានធ្វើសកម្មភាពចាប់រំលោភកូនចុងដែលមានវ័យទើបតែ ១៤ឆ្នាំ នៅលើផ្ទះរបស់ខ្លួន ខណៈស្រ្តីជា ប្រពន្ធ និងត្រូវជាម្តាយបង្កើតក្មេងស្រីរងគ្រោះមិននៅផ្ទះនោះ។

លោកអនុសេនីយ៍ត្រី អ៊ុន ហូ បានបន្តឲ្យដឹងទៀតថា ក្រោយពេលបែកការម្តាយក្មេងស្រីរងគ្រោះ និងត្រូវជា ប្រពន្ធរបស់ជនសង្ស័យផងនោះ បានទៅដាក់បណ្តឹងនៅប៉ុស្តិ៍នគរបាលរបស់លោក តែមិនអាចចាប់ខ្លួនបាន ភ្លាមៗ នោះទេ ព្រោះជនសង្ស័យរត់គេចខ្លួន។ ទើបនៅវេលាម៉ោង ២រសៀលថ្ងៃសៅរ៍ ទី២៣ ខែមិថុនា នេះ ដោយមានដីការបញ្ជាពីព្រះរាជអាជ្ញាអមសាលាដំបូងផងដែរនោះ កម្លាំងសមត្ថកិច្ចរបស់លោកបានចុះស្រាវជ្រាវ និងចាប់ខ្លួនបានតែម្តង។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ ជុំ មាន បានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុខណៈដែលរូបគាត់ នៅ ផ្ទះតែពីរនាក់ ជាមួយក្មេងស្រីរងគ្រោះ ត្រូវជាកូនចុងនោះ គាត់បានមើលរឿងអាសអាភាស តាមទូរស័ព្ទជាច្រើន រឿងធ្វើឲ្យកម្រើកនូវអារម្មណ៍កាមតណ្ហា ហើយគិតខ្លីមួយពេលប្រព្រឹត្តអំពើលាមក ដោយស្ទុះទៅចាប់កូនចុង រំលោភទាំងនាងកំពុងដេកលក់យ៉ាងស្កប់ស្កល់នៅលើផ្ទះ។ តែទោះជាយ៉ាងណា ជនសង្ស័យរូបនេះ បានប្រាប់ថា គាត់ធ្វើសកម្មភាពមិនបានសម្រេចនោះទេ។

លោក អ៊ុន ហូ បានបន្តថា ក្រោយពេលសាកសួរជនសង្ស័យរូបនេះ ត្រូវបានកម្លាំងជំនាញរបស់លោកកសាង សំណុំរឿងបញ្ជូនអធិការនគរបាលក្រុងពោធិ៍សាត់ ដើម្បីចាត់ការបន្ត៕

Photo by DAP-NEWS

ផ្តល់សិទ្ធដោយ ដើមអម្ពិល

ដោយៈ ជា ប៊ុនធឿន


បើអ្នកគាំទ្រ ហ្សូណូ សូមចុចទីនេះ
251 អ្នកបានគាំទ្រ

មតិ (Comments)