ភ្នំពេញ ៖ បុរសជាអ្នករត់ ម៉ូតូឌុបត្រូវបាន កម្លាំងនគរបាល ប៉ុស្ដិ៍បឹងទំពុន ឃាត់ខ្លួន បន្ទាប់ពីទទួល បានពាក្យបណ្ដឹង របស់នារីរងគ្រោះ ដែលបានប្ដឹង ពីបទរំលោភនាង និង វាយប្លន់យកលុយកាក់ កាល ពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១២ ស្ថិតនៅតាមមាត់ ប្រឡាយទឹកស្អុយ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនជាប់សង្ស័យរំលោភសេពសន្ថវៈទៅ លើនារីបំរើខារ៉ាអូខេនោះ មានឈ្មោះ ស្រី រតនៈ អាយុ ២៩ឆ្នាំ ស្នាក់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ ចំណែកនារីរងគ្រោះ អាយុ១៨ឆ្នាំ ស្នាក់នៅសង្កាត់បឹងទំពុន ។
យោងតាមពាក្យបណ្ដឹងរបស់នារីរងគ្រោះ បានរៀបរាប់ថា កាលពីយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១២ ជនសង្ស័យ ដែលជាអ្នក រត់ម៉ូតូឌុបនោះ បានឌុបនាងជាប្រចាំហើយ នៅយប់កើតហេតុ ជនសង្ស័យបានឌុបនាងមកផ្ទះ ប៉ុន្ដែខណៈឌុបមកដល់ផ្ទះហើយ ក៏ជិះហួសទៅមុខតាមមាត់ប្រឡាយទឹកស្អុយ និង ធ្វើ សកម្មភាពចាប់ រំលោភនៅក្រោមដើមក្រខុប រហូតបានសម្រេច ទោះបីនាងខំរើបំរះ និងអង្វរយ៉ាងណាក៏ដោយ។
តាមប្រភពព័ត៌មានពីនគរបាលប៉ុស្ដិ៍បឹងទំពុន បានឱ្យដឹងថា ជនសង្ស័យម្នាក់នេះ ជា មុខសញ្ញាមិនល្អ ប្រចាំនៅបឹងទំពុន ហើយកន្លងមកជនរងគ្រោះជាច្រើនបានប្តឹងមកប៉ុស្ដិ៍បឹងទំពុនដែរ តែមេប៉ុស្ដិ៍ចាស់ មិនចាត់ ការសោះ ទើបនៅពេលនេះ ដែលមានការប្ដូរមេប៉ុស្ដិ៍ថ្មីនោះ ទើបក្របួចជនសង្ស័យម្នាក់នេះ។
លោក ឡូ ភារម្យ មេប៉ុស្ដិ៍បឹងទំពុនថ្មី បានឱ្យដឹងថា ជនសង្ស័យរូបនេះ ត្រូវបាន លោកបញ្ចូនទៅ ឃុំខ្លួននៅ អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីកសាងសំណុំរឿងចាត់ការ តាមនីតិវិធីច្បាប់៕

ដោយ ៖ ប៉ិច នរៈ
ផ្តល់សិទ្ធដោយ ដើមអម្ពិល

Login
មតិ (Comments)