រថយន្ត BMW ស៊េរី ០១២ បុករនាំងទ្រូងផ្លូវ បាក់អស់ ១១កំណាត់ រួចបើករត់ ទាំងដាច់កង់
សៅរ៍ ១៦ មិថុនា, ២០១២ ម៉ោង ១៣:១៦ភ្នំពេញ ៖ រថយន្តស៊េរីទំនើប តម្លៃរាប់ម៉ឺនដុល្លារ ម៉ាក BMW ០១២ បានបុករនាំងចែកទ្រូងផ្លូវ បាក់អស់ចំនួន ១១កំណាត់ នៅជិតស្តុបផ្លូវចូលទៅវត្តនាគវន្ត កាលពីវេលាម៉ោង ១និង០៥នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១២ រួចអ្នកបើករថយន្តមិនបានឈប់នោះទេ បើករត់ទាំងរថយន្តដាច់កង់មួយ ពោលបើកទាំងកង់បី ដើម្បីគេចខ្លួន ប៉ុន្តែបើកទៅដល់មុខផ្ទះលេខ ២០ ផ្លូវលេខ ៥៩២ សង្កាត់បឹងកក់ទី២ ក៏ត្រូវសមត្ថកិច្ចស្ទាក់ចាប់បានតែម្តង ។
សេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្ត BMW ពណ៌ស ពាក់ស្លាកលេខ បណ្តោះអាសន្ន ៤៥៧៩ ត្រូវបានសមត្ថកិច្ចចាប់បាន ហើយឃើញអ្នកបើករថយន្ត មានអាការៈស្រវឹងយ៉ាងខ្លាំង ។ យ៉ាងណាក៏ដោយ សមត្ថកិច្ចមូលដ្ឋាន មិនទាន់បានបញ្ជាក់ពីអត្តសញ្ញាណ របស់អ្នកបើករថយន្តនោះទេ ។
បច្ចុប្បន្ន សមត្ថកិច្ចបានរក្សារថយន្តទុកជាបណ្តោះអាសន្ន ដើម្បីចាត់ការបន្តទៀត រីឯម្ចាស់រថយន្តគេមិនទាន់ដឹងថា តើសមត្ថកិច្ចអាចនឹងរៀបចំកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដូចបទបញ្ជារបស់ នាយករដ្ឋមន្ត្រីដែរឬមួយយ៉ាងណានោះ? ៕





ដោយ ៖ ទេព មនោ
ផ្តល់សិទ្ធដោយ ដើមអម្ពិល

Login
មតិ (Comments)