បន្ទាយមានជ័យ៖ បុរសពីរនាក់ ស្រលាញ់ស្រីម្នាក់ ត្រូវបុរសសង្សារ ចាស់តាមទៅដល់បន្ទប់ដេក ហើយបានយក ដាវសាំម៉ូរ៉ៃកាប់ ទៅលើគូប្រជែងស្នេហ៍ ដែលជាសង្សារថ្មី ត្រូវចំនួន៣ដាវ រងរបួសធ្ងន់ចូល ពេទ្យទាំងយប់ កាល ពីវេលាម៉ោង ១២យប់ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ២០១២ ស្ថិតនៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
នគរបាលក្រុងសិរីសោភ័ណបានឲ្យដឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១២ ថា ជនរងគ្រោះមានឈ្មោះ លៀង ឡុង ភេទប្រុសអាយុ១៩ឆ្នាំ ជាសិស្សរស់នៅភូមិ និមិត្ត សង្កាត់និមិត្ត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រីឯជនដៃដល់ មានឈ្មោះ ចំណាន ភេទប្រុស អាយុ២០ឆ្នាំ រស់ នៅភូមិ-ឃុំជាមួយគ្នា។ ចំពោះតួឯកស្រីចិត្តសាវា ឈ្មោះ ស្រី លាភ អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិកើត ហេតុខាងលើ។
សមត្ថកិច្ចដដែលបានឲ្យដឹងទៀតថា មុនពេលកើតហេតុជនរងគ្រោះឈ្មោះ លៀង ឡុង បានមកលេងផ្ទះជួល សង្សាររបស់ខ្លួនឈ្មោះ ស្រីលាភ រួច បានចេញពីផ្ទះទៅទិញស្រាមកផឹកស៊ី ជាមួយស្រីស្នេហ៍យ៉ាងសប្បាយ រីករាយ ក្រោយពេលផឹកស៊ីស្រវឹងរៀងៗ ខ្លួនរួចមក ឈ្មោះ ឡុង ក៏បានឌុបស្រីស្នេហ៍ ទៅរាំលេង កំសាន្តនៅក្លិបរាត្រី ឈ្មោះ Gold Town រហូតដល់យប់ជ្រៅទើបនាំគ្នាត្រឡប់ មកបន្ទប់ជួលវិញ។
លុះពេលមកដល់បន្ទប់ជួលរបស់មិត្តស្រីខ្លួនឈ្មោះ លៀង ឡុង និងសង្សារស្រី របស់ ខ្លួន បានបើកទ្វារបន្ទប់ជួល នោះបម្រុងចូលដេកជាមួយគ្នា ភ្លាមនោះឈ្មោះ ចំណាន និង បក្ខពួក ម្នាក់ទៀតឈ្មោះ គា បានឃើញក៏ស្ទុះទៅកាប់ឈ្មោះ ឡុង ចំនួន៣កាំបិតសាំម៉ូរ៉ៃត្រូវចំដៃស្ដាំ មួយដាវ កាប់ត្រូវភ្លៅខាងស្ដាំ ចំនួន២ដាវ រងរបួសធ្ងន់ដេកក្នុងថ្លុកឈាម ដោយចោទថាបានដណ្ដើមសង្សារខ្លួន រួចពួកជនបង្កបាន រត់គេចខ្លួនបាត់ស្រមោលតែម្តង ។
បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយឡែកក្រុមជនដៃដល់ដែលកំពុងរត់គេចខ្លួន ត្រូវបាន សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួន៕

ដោយ៖ ប៊ុន សំណាង
ផ្តល់សិទ្ធដោយ ដើមអម្ពិល

Login
មតិ (Comments)