ជនជាតិរុស្ស៊ីស្រវឹង បើករថយន្តបុករបង តុលាការកំពូល ស្លាប់២នាក់
សៅរ៍ ០៩ មិថុនា, ២០១២ ម៉ោង ០៩:០៤ភ្នំពេញៈ ជនជាតិរុស្ស៊ី២នាក់ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីពួកគេចេញពីផឹកស៊ីស្រវឹងបើករថយន្តជ្រុលទៅ បុករបងតុលាការកំពូល អតីតរដ្ឋសភាជាតិ ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីវេលាម៉ោង ២ និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១២។
យោងតាមប្រភពពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះ បុរសជនជាតិរុស្ស៊ី២នាក់ បានបើករថយន្ត CRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2G-9411 បើក បរយ៉ាងលឿនតាមបណ្តោយផ្លូវព្រះសុធារស ក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿន។ លុះដល់ចំណុច កើតហេតុស្រាប់តែជ្រុលចង្កូតទៅបុកឃឿនផ្លូវ ហើយជ្រុលទៅបុករបងតុលាការកំពូលពេញទំហឹង បណ្តាលឲ្យរថយន្តរួញចូលគ្នាកៀបបុរសម្នាក់ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើត ហេតុ រីឯបុរសរួមដំណើរជាមួយម្នាក់ទៀត រងរបួសធ្ងន់ បានស្លាប់ផងដែរ ក្រោយពេលបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យកាល់ម៉ែត ។
យោងតាមមន្រ្តីនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បុរសជនជាតិរុស្ស៊ី លោក KONSTAN TIN អាយុ ៤១ឆ្នាំ បានស្លាប់ដោយកៀបជាប់នឹងក្បាលរថយន្ត រីឯលោក ALEKS KE អាយុ ៣៦ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត។ មន្រ្តីនគរបាលដដែលនេះ បានបញ្ជាក់ថា បុរសរងគ្រោះទាំងពីរនេះ បានបើកបររថយន្ត ដោយ មានអាការៈស្រវឹង។
បើយោងតាមប្រភពពីសាក្សីបានឲ្យដឹងផងដែរថា មុនពេលកើតហេតុ គឺបុរសជនជាតិទាំងពីរនាក់ បាន ចេញពីផឹកស៊ីនៅបារបារាំង។
ជាមួយគ្នានេះ ខណៈដែលមានគ្រោះថ្នាក់ចរាចរណ៍ក៏មានផ្ទុះអំពោះហិង្សាផងដែរ ដោយនៅពេលបុរស បើករថយន្តដឹកសពចុះទៅទទួលយកសពជនរងគ្រោះ និងថតរូបនោះ ស្រាប់តែមានស្រ្តីជនជាតិបរទេស ម្នាក់ បានស្ទុះទៅចាប់ម៉ាស៊ីនថតរបស់បុរសអ្នកបើកបររថយន្តដឹកសពបោកឡើងខ្ទេច។
ពាក់ព័ន្ធនឹងបញ្ហានេះ បុរសជាអ្នកបើករថយន្តដឹកសពរូបនេះ បានបញ្ជាក់ថា រូបគាត់នឹងដាក់ពាក្យបណ្តឹង ស្រ្តីរូបនេះ ពីបទបង្កអំពើហិង្សា និងបំផ្លាញទ្រព្យសម្បត្តិរបស់គាត់៕




ដោយៈ ទេព មនោ
ផ្តល់សិទ្ធដោយ ដើមអម្ពិល

Login
មតិ (Comments)