កងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ បានចាត់តាំងកម្លាំងចុះជួយសម្របសម្រួល និងដឹកជញ្ជូនពលរដ្ឋខ្មែរចំនួន ៨៥នាក់ ដែលបានវិលត្រឡប់ពីប្រទេសថៃ តាមច្រកអន្តរជាតិប៉ោយប៉ែត ទៅកាន់លំនៅឋានរបស់ពួកគេវិញប្រកបដោយសុវត្ថិភាព។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រតិបត្តិការមនុស្សធម៌នេះ ត្រូវបានដឹកនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី យ៉ត សុផល ស្នងការរងផែនការងារកិច្ចការប៉ុស្តិ៍ ដោយមានកម្លាំងនគរបាលចំនួន ១៥នាក់ សហការជាមួយរដ្ឋបាលខេត្ត និងស្ថាប័នពាក់ព័ន្ធ។ ពួកគាត់បានរង់ចាំទទួលពលរដ្ឋខ្មែរនៅច្រកអន្តរជាតិប៉ោយប៉ែត ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ៤:០០ ល្ងាច។ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋដែលវិលត្រឡប់ទាំងនោះ កម្លាំងនគរបាលបានប្រើប្រាស់ រថយន្តចំនួន ៦គ្រឿង ដើម្បីដឹកជញ្ជូនពួកគេទៅកាន់បណ្តាខេត្តគោលដៅចំនួន ៤។ ពលរដ្ឋដែលវិលត្រឡប់សរុប ៨៥នាក់ ស្រី ៣៧នាក់ ក្នុងនោះ ខេត្តបន្ទាយមានជ័យ៖ ៧៥នាក់ (ស្រី ៣៤នាក់),ខេត្តបាត់ដំបង ៥នាក់ (ស្រី ២នាក់), ខេត្តកំពង់ធំ ៣នាក់ (ស្រី ១នាក់) និង ខេត្តសៀមរាប ២នាក់។
លោកឧត្តមសេនីយ៍ត្រី យ៉ត សុផល បានមានប្រសាសន៍ថា សកម្មភាពនេះ គឺធ្វើឡើងតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ដែលបានដាក់អាទិភាពខ្ពស់ក្នុងការជួយសម្របសម្រួលដល់ពលរដ្ឋខ្មែរដែលជួបការលំបាក។ លោកបន្តថា ការជួយដឹកជញ្ជូននេះ គឺដើម្បីធានាថា ពលរដ្ឋទាំងអស់អាចទៅដល់ផ្ទះដោយសុវត្ថិភាព និងមិនចាំបាច់ចំណាយថវិកាផ្ទាល់ខ្លួន ដែលជាបន្ទុកមួយសម្រាប់ពួកគេបន្ទាប់ពីវិលត្រឡប់មកពីប្រទេសថៃ។
លោកស្រី គឹម សុខា អាយុ ៤២ឆ្នាំ ដែលមានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ បានបង្ហាញអារម្មណ៍រំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមត្ថកិច្ចដែលបានជួយដឹកជញ្ជូនរូបគាត់ និងកូនៗទៅដល់ផ្ទះ។ “ខ្ញុំពិតជាមិននឹកស្មានថា សមត្ថកិច្ចមានចិត្តល្អដល់ថ្នាក់នេះទេ ព្រោះខ្ញុំអត់មានលុយជួលឡានទៅផ្ទះទេ។ ឥឡូវសមត្ថកិច្ចបានជួយដឹកខ្ញុំដល់កន្លែង ហើយថែមទាំងរៀបចំឲ្យយើងទៅដល់ផ្ទះដោយសុវត្ថិភាពទៀត” លោកស្រី សុខា បានថ្លែងទាំងទឹកមុខញញឹម។
ចំណែកឯយុវជន វណ្ណៈ អាយុ ២៣ឆ្នាំ ដែលវិលត្រឡប់ទៅខេត្តបាត់ដំបង ក៏បានបង្ហាញចំណាប់អារម្មណ៍ដូចគ្នា ដោយគាត់បានលើកឡើងថា ការជួយសម្របសម្រួលនេះ បានបង្ហាញពីក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់របស់រដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ។
សកម្មភាពមនុស្សធម៌នេះ មិនត្រឹមតែជាការអនុវត្តការងារតាមបទបញ្ជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញពីសាមគ្គីភាព និងការយកចិត្តទុកដាក់របស់កម្លាំងសមត្ថកិច្ចកម្ពុជា ចំពោះប្រជាពលរដ្ឋរបស់ខ្លួនដែលជួបការលំបាក៕
ប្រភព៖ ក្រសួងព័ត៌មាន


