កម្ពុជា៖ ជឿជាក់ថាប្រិយមិត្តអ្នកតាមដានវិស័យកីឡាប្រដាល់គុនខ្មែរជាច្រើន ច្បាស់ជាបានជ្រាបហើយ ថានៅខែ មិថុនា ខាងមុខ នឹងមានក្រុមកីឡាករកម្ពុជាយើងមួយឈុតធំ នឹងឆ្លងដែនចេញទៅប្រកួតនៅទឹកដីនៃប្រទេស បារាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះកីឡាករគុនខ្មែរ ដែលត្រូវបានប្រកាសជាផ្លូវការ ថានឹងមានឈ្មោះទៅប្រកួតនៅប្រទេសប៉ែក អឺរ៉ុបមួយនេះ រួមមានឃីម បូរ៉ា, ឈុត សេរីវ៉ាន់ថង, ឈឿង ល្វៃ, លន បញ្ញា, គ្រូក្មេងសៀង ហៃ, កីឡាការិនីទួន ស្រីភីន, ព្រំ សំណាង និងឡៅ ចិត្រា។
យ៉ាងណាមិញ សម្រាប់ការប្រកួតនោះ គឺនឹងបែងចែកជាពីរព្រឹត្តិការណ៍ធំៗ ដោយព្រឹត្តិការណ៍ទី ១ នឹងធ្វើនៅថ្ងៃទី ២ ខែ មិថុនា នៅទីក្រុងបុកដូ ចំណែកព្រឹត្តិការណ៍ទី ២ នឹងធ្វើនៅថ្ងៃទី ២៧ ខែ មិថុនា ដដែល នៅទីក្រុង ប៉ារីស។
ក្រឡេកមកកាន់ នាគមាសឃីម បូរ៉ា និងឈុត សេរីវ៉ាន់ថង សម្រាប់ពួកគេទាំង ២ គឺមានភាពពិសេសជាងកីឡាករដទៃបន្តិច ត្រង់ថាពួកគេនឹងត្រូវប្រកួតជម្រុះជាលក្ខណៈម៉ារ៉ាតុនដើម្បីដណ្តើមខ្សែក្រវាត់ Super Fight ផង និងមានឱកាសឡើងមកប្រកួតនៅទីក្រុង ប៉ារីស ដើម្បីដណ្តើមពានដែលមានរង្វាន់ឡានទំនើបមួយគ្រឿងទៀតផង។
ងាកមកកាន់លក្ខខណ្ឌនៃការប្រកួតវិញ នេះបើតាមការបញ្ជាក់ដោយលោកសឿ វណ្ណៈដែលស្ថាបនិកសង្វៀន Kun Khmer Super Fight បានឱ្យដឹងថា បូរ៉ា និងវ៉ាន់ ថងក៏មានឱកាសជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រផងដែរ ប្រសិនបើការប្រកួតនៅថ្ងៃទី ២ ខែ មិថុនា ពួកគេអាចយកឈ្នះជុំដំបូងដូចគ្នាលើកីឡាករបរទេស ដែលរួមមាន កីឡាករ Omar Drissi មកពី អ៊ីតាលី ឬ Mike Dederian មកពី បារាំង។
លោកសឿ វណ្ណៈបានបន្ថែមថា រវាងបូរ៉ា និងវ៉ាន់ថង បើនរណាអាចឈ្នះខ្សែក្រវាត់ Super Fight នៅក្នុងការប្រកួតថ្ងៃទី ២ នោះ នោះគេនឹងមានឈ្មោះឡើងមកប្រកួតក្នុងព្រឹត្តិការណ៍ធំមួយទៀត ដើម្បីដណ្តើមពានដ៏ធំមួយនៅទីក្រុង ប៉ារីស នៅថ្ងៃទី ២៧ ខែ មិថុនា។ ហើយរឿងដែលកាន់តែអស្ចារ្យថែមទៀត បើនរណាអាចឈ្នះពាននៅក្នុងការប្រកួតនៅទីក្រុង ប៉ារីស នោះ នោះគេនឹងបានឡាន Pick Up មួយគ្រឿងតម្លៃ ៤ ម៉ឺនដុល្លារអាមេរិក។